រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការបរទេស នឹងបញ្ជូនឯកសារផែនទីបន្ថែម ទៅកាន់តុលាការឡាអេ នៅថ្ងៃព្រហស្បតិ៍នេះ ឬក៏យ៉ាងយូរត្រឹមថ្ងៃសុក្រ ទី២៦មេសាស្អែក។ ជាការបន្ថែមឯកសារ តាមការចង់បានរបស់តុលាការយុត្តិធម៌អន្តរជាតិ ជុំវិញជម្លោះបកស្រាយសាលក្រម ឆ្នាំ១៩៦២ ស្តីពីប្រាសាទព្រះវិហារ។ ចំណែកភាគីថៃ នឹងដាក់ឯកសារផែនទីបន្ថែម ទៅកាន់តុលាការឡាអេ នៅថ្ងៃ២៦មេសា ដែលជាថ្ងៃកំណត់ចុងក្រោយរបស់តុលាការ។
ផែនទីឧបសម្ព័ន្ធទី១ តំបន់ប្រាសាទព្រះវិហារ(RFI)
លោក ឡុង វិសាលោ រដ្ឋលេខាធិការក្រសួងការបរទេស និងជាសមាជិកក្រុមការងារកម្ពុជា ដែលបានទៅតតាំងក្តី នៅតុលាការឡាអេ បានប្រាប់អ្នកកាសែត នៅព្រឹកថ្ងៃព្រហស្បតិ៍នេះថា ចៅក្រមបានកំណត់ឲ្យកម្ពុជា និងថៃ ឆ្លើយតប និងដាក់ឯកសារផែនទីបន្ថែម ឲ្យបានមុនថ្ងៃសុក្រ ទី២៦មេសា វេលាម៉ោង ៥ ល្ងាច។ ដូច្នេះកម្ពុជាអាចដាក់ជូនតុលាការនៅថ្ងៃនេះ ឬក៏ថ្ងៃស្អែក។ កម្ពុជានឹងដាក់ឲ្យទាន់ពេលកំណត់របស់តុលាការ។
លោក ឡុង វិសាលោ បានបន្ថែមថា ឯកសារផែនទីរបស់កម្ពុជា ដែលត្រូវដាក់ទៅកាន់តុលាការឡាអេ រួមមាន ផែនទី និងការពន្យល់ប្រាប់តុលាការពីវត្ថុបំណងចង់បានរបស់កម្ពុជា ដោយមានផែនទីភ្ជាប់ទៅជាមួយ។
ក្នុងសវនាការចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៩មេសា កម្ពុជាចង់ឲ្យតុលាការអន្តរជាតិបកស្រាយសាលក្រមឆ្នាំ១៩៦២ ពាក់ព័ន្ធនឹងព្រំដែននៅជាប់ប្រាសាទព្រះវិហារដែលកំពុងមានជម្លោះ។
ជាការកត់សម្គាល់ បន្ទាប់ពីការឡើងផ្តល់អំណះអំណាងរៀងៗខ្លួន រវាងភាគីកម្ពុជា និងភាគីថៃ ដែលដឹកនាំដោយរដ្ឋមន្ត្រីការបរទេសប្រទេសទាំងពីរ ក្នុងសវនាការផ្ទាល់មាត់ កាលពីថ្ងៃទី១៥ ដល់ថ្ងៃទី១៩មេសា ចៅក្រមតុលាការយុត្តិធម៌អន្តរជាតិទីក្រុងឡាអេ បានតម្រូវឲ្យភាគីជម្លោះទាំងពីរដាក់ឯកសារផែនទីបន្ថែម។
ភាគីថៃតាមរយៈរដ្ឋមន្ត្រីការបរទេស បានប្រកាសថា ថៃនឹងដាក់ឯកសារផែនទីទៅកាន់តុលាការឡាអេ នៅថ្ងៃទី២៦មេសា ស្អែកនេះ។ សេចក្តីសម្រេចដូច្នេះ បានឆ្លងគណៈរដ្ឋមន្ត្រីថៃរបស់លោកស្រី យ៉ីងឡាក់ រួចរាល់ហើយ។
សម្រាប់ភាគីកម្ពុជា គឺសំអាងលើផែនទីឧបសម្ព័ន្ធ១ ដែលមានភ្ជាប់នឹងសាលក្រមឆ្នាំ១៩៦២។ ជាផែនទីដែលធ្វើឡើងដោយគណៈកម្មការព្រំដែនចម្រុះបារាំង-សៀម ឆ្នាំ១៩០៧ ដើម្បីកំណត់ព្រំដែនកម្ពុជា និងថៃ ហើយតុលាការយកទៅសម្រេចក្តី នៅឆ្នាំ១៩៦២ ដាក់ប្រាសាទព្រះវិហារស្ថិតក្នុងទឹកដី និងអធិបតេយ្យភាពរបស់កម្ពុជា៕ប្រភពពី (RFI)