ស្ត្រី ​​​​​ជនជាតិ​​អង់គ្លេស​ម្នាក់​បាន​បង្ខំ​​កូន​ស្រី​ចិញ្ចឹម​របស់​ខ្លួន​ឲ្យ​ ពពោះ​​តាម​រយៈ​ការ​ចាក់​បញ្ចូល​​មេ​ជីវិត​​ដើម្បី​​​​បង្ក​​កំណើត​​​ឲ្យ​ ​ក្រោយ​​ពី​ស្ត្រី​​ម្នាក់​​នោះ​​​​ ​​ត្រូវ​គេ​​ហាម​ឃាត់​មិន​ឲ្យ​សុំ​កូន​មក​ចិញ្ចឹម​​​បន្ត​ទៀត​បាន​។​
គេ ​ជឿ​ថា​ កូន​ស្រី​ដែល​នៅ​ក្រមុំ​ព្រហ្មចារី​​ម្នាក់​នោះ​​​​បាន​រលូត​កូន​​តាំង​ពី​ អាយុ​១៤​ឆ្នាំ​ ប៉ុន្តែ​​នៅ​តែ​បន្ត​មាន​កូន​នៅ​អាយុ​១៦​ឆ្នាំ​ ​តាម​រយៈ​ការ​ចាក់​មេ​ជីវិត​ (Sperm) ដែល​ម្ដាយ​ចិញ្ចឹម​​របស់​នាង​ បាន​ទិញ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត។
ម្ដាយ​ចិញ្ចឹម​​​ដែល​ធ្វើ​សកម្មភាពមិន​គួរ​គប្បី​​ខាង​លើ​ ​ បច្ចុប្បន្ន​ត្រូវ​​​តុលាការ​​​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​​រយៈ​ពេល ​៥ឆ្នាំ​ បន្ទាប់​ពី​បាន​សារភាព​ពី​ទង្វើ​​ព្រៃ​ផ្សៃ​ចំពោះ​​​ក្មេងស្រី​រង​គ្រោះ។ ​​​​​


នេះ​គ្រាន់​ជា​រូប​តំណាង​ប៉ុណ្ណោះ
ស្ត្រី ​ជាប់​ចោទ​​ បាន​សុំ​កូន​យក​មក​ចិញ្ចឹម​ចំនួន​៣​នាក់​​ហើយ​​​ពី​ប្រទេស​​ដទៃ​​ ​(ពីរ​នាក់​នៅ​ពេល​ដែល​គាត់​បាន​រៀប​ការ​រួច​ និង​ម្នាក់​ទៀត​​​ក្រោយ​​លែង​លះ​គ្នា​ជា​មួយ​ប្ដី​)។​ ​ស្រី​ជាប់​ចោទ​ ​បាន​សម្រេច​ចិត្ត​មិន​​បង្កើត​កូន​ដោយ​ខ្លួន​ឯង​ទេ​ ព្រោះ​តែ​បញ្ហា​សុខភាព​ និង​មាន​ជំងឺ​មិន​អាច​មាន​កូន​បាន​។
​ ​ស្រី​រង​គ្រោះ​ដែល​ជា​កូន​ចិញ្ចឹម​​ ​​បាន​​ចាប់​ផ្ដើម​មាន​ផ្ទៃ​ពោះ​​តាម​សំណើ​របស់​ម្ដាយ​ចិញ្ចឹម​​​ ​ដោយ​​បាន​ចាក់​បញ្ចូល​មេ​ជីវិត​​ ក្នុង​គោល​បំណង​​បង្កើត​កូន​ទី​៤​ឲ្យ​ស្រី​ជាប់​ចោទ។
​ តាម​សម្ដី​​ចៅ​ក្រម​បាន​ឲ្យ​ដឹង​ថា​ ការ​បង្ក​កំណើត​​លក្ខណៈ​សិប្បនិម្មិត​នេះ​ ​​ត្រៀម​ធ្វើ​​នៅ​ពេល​ដែល​ក្មេង​ស្រី​រូប​នោះ​មាន​អាយុ​ ១៣​ឆ្នាំ​ និង​ចាប់ផ្ដើម​​ធ្វើ​​ពេល​ដែល​នាង​​អាយុ​១៤​ឆ្នាំ​ និង​បញ្ចប់​នៅ​ពេល​ដែល​នាង​មាន​ផ្ទៃ​ពោះ​នៅ​អាយុ​១៦​ឆ្នាំ​។
​ រឿង​អាស្រូវ​នេះ​ បាន​ផ្ទុះ​ឡើង​នៅ​ពេល​ដែល​ក្មេង​ស្រី​​​រងគ្រោះ​​បាន​ឆ្លង​ទន្លេ​។​ ​​មុន​នោះ​ គេ​សង្កេត​ឃើញ​ក្មេង​ស្រី​​​ ហាក់​មាន​ការ​ស្ទាក់​ស្ទើរ​ក្នុង​ការ​ប្រគល់​ទារក​នោះ​ទៅ​ឲ្យ​ម្ដាយ​ចិញ្ចឹម ​របស់​នាង​។​ ម្ដាយ​ចិញ្ចឹម​រូប​នោះ​បាន​និយាយ​​ថា​ គាត់​ធ្វើ​បែប​នេះ​ដោយ​សារ​គាត់​ជា​មនុស្ស​ដែល​ស្រលាញ់​ក្មេង​ ហើយ​ក៏​គ្មាន​វិធី​ណា​ល្អ​ជាង​​វិធី​មួយ​នេះ​ដែរ​។
ក្នុង ​រយៈ​ពេល​ត្រឹម​តែ​២ឆ្នាំ​ ​​ក្មេង​ស្រី​រង​គ្រោះ​​​​​ត្រូវ​ចាក់​បញ្ចូល​មេ​ជីវិតដែល​ម្ដាយ​​ចិញ្ចឹម​ របស់​នាង​បាន​រៀប​ចំ​ឲ្យ​​តាម​សឺរ៉ាំង​ចាក់​ថ្នាំ​ដល់ចំនួន​៧​ដង។
ទោះ ​បី​មាន​ការ​ភ័យ​ខ្លាច​ និង​មិន​ពេញ​ចិត្ត​ចំពោះ​ការ​បង្ខំ​របស់​ម្ដាយ​ ក្មេង​ស្រី​រង​គ្រោះ​បាន​រៀប​រាប់​ថា​ នាង​ធ្វើ​បែប​នេះ​ដោយ​សារ​នាង​ស្រលាញ់​ម្ដាយ​ចិញ្ចឹម​របស់​នាង​ ហើយ​នាង​គ្មាន​ភាព​ក្លាហាន​ក្នុង​ការ​ប្រកែក​ជាមួយ​​ម្ដាយ​របស់​នាង​ឡើយ។
ទោះ​ជា​យ៉ាង​ណា​ ប្រភព​​មិន​បញ្ជាក់​ពី​អត្តសញ្ញាណ​ស្ត្រី​ជា​ម្ដាយ​ខាង​លើ​នោះ​ទេ៕
​​​ប្រែ​សម្រួល​៖ សរ​ សុគន្ធី
ប្រភព​៖សប្បាយ