គ្រោះថ្នាក់​រលំអគារ​នៅ​បង់ក្លាដែស​បង្ក​ជា​ភាព​ចម្រូងចម្រាស​គ្នា​


 ថ្ងៃ​ព្រហស្បតិ៍​​នេះ ជាថ្ងៃកាន់​ទុក្ខ​​សំរាប់​ប្រទេស​បង់ក្លាដែសទាំងមូល​ ចំពោះ​​ជនរងគ្រោះ​ដែល​បាន​ស្លាប់​ក្នុង​ឧបទ្ទវហេតុ​រលំ​អគារ កាល​ពី​ថ្ងៃ​ពុធ​ម្សិលមិញ​នេះ។​ ​រហូត​មកដល់​ពេលនេះ ​ ចំនួន​អ្នកស្លាប់​បាន​​កើន​ដល់​២០០ ​នាក់ ហើយ។ គ្រោះ​ថ្នាក់​រលំអគារ​​​នេះ​បាន​បង្កអោយ​មាន​ការ​​​ជជែក​ចម្រូងចម្រាស​គ្នា ស្តី​ពី​​លក្ខខណ្ឌ​សុវត្ថិភាព​​និង​ការងារ​នៅ​ក្នុង​វិស័យ​កាត់​ដេរ នៅ​បង់ក្លាដែស។
ប្រជាជន​​​មក​​ឧនក្បាល​ គោរព​វិញ្ញាណក្ខន្ធ​អ្នក​ដែល​បាត់បង់​ជីវិត​ ក្នុង​គ្រោះថ្នាក់​រលំ​អគារ​
ប្រជាជន​​​មក​​ឧនក្បាល​ គោរព​វិញ្ញាណក្ខន្ធ​អ្នក​ដែល​បាត់បង់​ជីវិត​ ក្នុង​គ្រោះថ្នាក់​រលំ​អគារ​
REUTERS/Andrew Biraj


នៅប្រទេស​បង់ក្លាដែស នៅ​​ថ្ងៃ​ព្រហស្បត្តិ៍​នេះ ក្រុម​សង្គ្រោះ​នៅ​​បន្ត​ជួយ​យក​ជនរងគ្រោះ​អោយ​ចេញ​ពី​គំនរ​ថ្មបាក់ ដោយសារ​ការបាក់​​រលំអគារ​ កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ នៅ​ឡើយ។ នៅ​មន្ទីរពេទ្យ​ឯណោះវិញ មនុស្ស​ជាង​១០០០ នាក់ ដែល​រងគ្រោះ​ដោយ​​​ឧបទ្ទវហេតុ​រលំ​អគារ​នេះ កំពុង​តែ​ទទួលការ​ព្យាបាល​ពី​ក្រុម​គ្រូពេទ្យ។

ចំនួន​អ្នកស្លាប់​នៅ​តែ​បន្តកើនឡើង។ អជ្ញាធរ​បង់ក្លាដែស​នៅ​​មិនទាន់​ដឹង​នៅ​ឡើយ​ទេ​ថា តើ​នៅ​មាន​មនុស្ស​ប៉ុន្មាន​នាក់​ទៀត​ដែលនៅ​​​​ជាប់ខ្លួន​​ក្នុង​គំនរ​ ថ្មបាក់។ ក្រុម​អគ្គិភ័យ​​បាន​ឈប់ប្រើ​​​​ឧបករណ៍​ធ្ងន់ៗ ក្នុង​ការ​លើក​កកាយ​ថ្ម ដោយ​សារ​តែ​ខ្លាច​ប៉ះពាល់​ដល់​អាយុជីវិត​ជន​រងគ្រោះ​ដែល​ជាប់​ខ្លួន​នៅ​ ទីនោះ។

គ្រោះ​ថ្នាក់​រលំអគារ​​​នេះ​បាន​បង្កអោយ​មាន​ការ​​​ជជែក​ពិភាក្សា​ដ៏​ ចម្រូងចម្រាស​​ ស្តី​អំពី​​ល័ក្ខខ័ណ្ឌ​សុវត្ថិភាព​​​​ការងារ​​ក្នុង​វិស័យ​កាត់​ដេរ នៅ​បង់ក្លាដែស។ បង់ក្លាដែស​គឺ​​ជា​ប្រទេស​ទីពីរ​នាំ​សម្លៀកបំពាក់ចេញ​ច្រើនជាងគេ​ ​លើ​ពិភពលោក ​បន្ទាប់​ពី​ប្រទេស​ចិន។ សំលៀកបំពាក់​ផលិត​នៅ​​ប្រទេស​នេះ មាន​តំលៃ​ថោកៗ។

កាល​ពី​ថ្ងៃ​អង្គារ​ មុន​គ្រោះថ្នាក់​មួយ​ថ្ងៃ កម្មករ​​​ជាច្រើន​នាក់​សំដែង​ការ​ព្រួយបារម្ភ​ដោយ​សារ​តែ​ឃើញ​​​ស្នាម​ប្រេះ ​នៃ​អគារ​ពាណិជ្ជកម្ម​នេះ។ ដោយសារ​តែ​ស្នាមប្រេះ​​ ក្រុមប៉ូលិស​ទទួល​បន្ទុក​ផ្នែក​រោងចក្រ​​ក៏បាន​ប្រាប់​​ថៅកែ​រោងចក្រ​នានា ដែល​មាន​វត្តមាន​ក្នុង​អគារ​​នេះ អោយ​បិទ​ទ្វា​​ឈប់​ដំណើរការ​​​ផងដែរ។ ​ប៉ុន្តែ​ អ្នកទទួល​ខុសត្រូវ​​នៅ​ទីនោះ​​ធ្វើ​ជា​មិន​ដឹង​មិន​លឺ ហើយ​បង្ខំ​អោយកម្មករ​​មក​ធ្វើការ​នៅ​ថ្ងៃ​ពុធ​ ដូច​ធម្មតា​ដដែល។

គ្រោះថ្នាក់​​ក្នុង​វិស័យកាត់ដេរ​នេះ មិន​មែន​ជា​គ្រោះថ្នាក់ដែល​ទើបតែ​កើត​លើក​​ទីមួយ​​នៅ​បង់ក្លាដែស​នោះទេ។ កាល​ពី​ខែ​វិច្ឆិកា​ កន្លងទៅ នៅ​ជាយក្រុង​​ដាកា អគ្គិភ័យ​មួយ​បាន​​ឆាបឆេះ​នៅ​រោងចក្រកាត់ដេរ​មួយកន្លែង​ ដែល​ផលិតសម្លៀកបំពាក់​អោយ​​ម៉ាក Walmart របស់​អាមេរិក។ អគ្គិភ័យនេះ​បាន​សម្លាប់​មនុស្ស​​១១១នាក់។ អ្វី​ដែល​គួរ​អោយ​ចាប់​អារម្មណ៍​នោះ គឺ​ថា នៅ​ពេល​ដែល​អគ្គិភ័យ​កើតឡើង​ អ្នក​ទទួល​ខុសត្រូវ​រោងចក្របាន​ហាម​កម្មករ​មិន​អោយ​ចេញ​ពី​រោងចក្រ​ ដោយ​ប្រាប់​ថាអគ្គិភ័យ​នេះ គ្រាន់​តែ​ជា​ការ​សាកល្បង​របស់​រោងចក្រ​តែ​ប៉ុណ្ណោះ។​​

យោង​តាម​​សមាគម​ការពារ​កម្មករ​រោងចក្រ​កាត់ដេរ​មួយ ​​មាន​ទីតាំង​នៅ​ប្រទេស​ ហូឡង់ គ្រោះ​ថ្នាក់​​​​ទាំងនេះ​​បង្ហាញ​ច្បាស់​ពី​​បរាជ័យ​នៃ​ម៉ាកសម្លៀកបំពាក់​​ បរទេសនានា ​ដែល​​ធ្វើ​ការ​ផលិត​​នៅ​បង់ក្លាដែស ព្រោះ​ថា​អ្នកទទួលខុសត្រូវ​ពួកគេ​មិន​បាន​គិត​ពី​សុវត្ថិភាព​របស់​​កម្មករ​ ជាមុន​នោះ​ទេ បើ​ទោះ​ជា​ដឹង​ថាសុវត្ថិភាព​នេះ​ជា​​​ល័ក្ខខ័ណ្ឌ​ចំបង​ក៏ដោយ។ យោងតាម​សមាគម​នេះ កម្មករ​ដែល​ធ្វើ​ការ​នៅ​ក្នុង​អគារ​ដែល​​រលំបាក់ ​កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ​នេះ​ មាន​ចំនួន​ជាង​ ២៦០០ នាក់៕ប្រភពពី (RFI)
Next PostNewer Post Previous PostOlder Post Home

About