មន្ត្រីជំនាញឲ្យដឹងថា កុមារាអាយុ៥ឆ្នាំមកពីខេត្តកំពត ដែលកើតជំងឺផ្តាសាយបក្សី H5N1 ករណីទី១០ដើមឆ្នាំ២០១៣នេះ បានជាសះស្បើយវិញហើយ បន្ទាប់ពីចេញពីមន្ទីរពេទ្យគន្ធបុប្ផារាជធានីភ្នំពេញ ។
ការលើកឡើងនេះធ្វើឡើងបន្ទាប់ពី កុមារានោះទទួលបានការព្យាបាល និងលេបឱសថត្រឹមត្រូវ និងទាន់ពេលវេលាក្រោយពីរកឃើញថា មានផ្ទុកមេរោគផ្តាសាយបក្សី កាលពីចុងខែមីនានេះ។
អនុប្រធាននាយកដ្ឋានជំងឺឆ្លង នៃក្រសួងសុខាភិបាល លោក លី សូវ៉ាន់ មានប្រសាសន៍នៅព្រឹកថ្ងៃសុក្រ ទី១២ ខែមេសានេះថា ថ្វីបើកុមារនោះ បានជាសះស្បើយហើយក៏ដោយ តែមន្ត្រីជំនាញ នឹងបន្តតាមដានសុខភាពកុមារនោះទៀត។ ជាមួយគ្នានេះ លោកអំពាវនាវឲ្យពលរដ្ឋដែលសង្ស័យថា ឆ្លងជំងឺផ្តាសាយបក្សី H5N1 មកទទួលការព្យាបាលឲ្យទាន់ពេល ក្នុងអំឡុង ២ ឬ៣ថ្ងៃដំបូង បន្ទាប់ពីមានរោគសញ្ញាសង្ស័យ៖ “ប៉ុន្នេះជាហើយ ប៉ុន្តែយើងគ្រាន់តែទៅមើលអាហាររូបត្ថម្ភ ញ៉ាំអាហារណា ដែលប៉ូវចឹងទៅណា ប៉ុន្តែនៅតាមដានសុខភាពនៅឡើយ ពីរទៅបីថ្ងៃដំបូង ឱកាសក្នុងការព្យាបាលគឺមានប្រសិទ្ធិភាពឱសថហ្នឹង តែផុតពីហ្នឹងទៅវាវិវត្តិជារលាក់សួត ធ្ងន់ធ្ងរពិបាកព្យាបាលណាស់”។
មន្ត្រីព័ត៌មាន និងជាអ្នកជំនាញសុខភាព នៃអង្គការសុខភាពពិភពលោក (WHO) ប្រចាំនៅកម្ពុជា លោក Sonny Krishnan ធ្លាប់មានប្រសាសន៍ថា ដោយសារកុមារានោះ រស់នៅតំបន់ដាច់ស្រយាល និងមិនមានចិញ្ចឹមសត្វបក្សី ហេតុដូចនេះ ក្មេងនោះត្រូវបានគេសង្ស័យថា ប៉ះពាល់សត្វបក្សីព្រៃឈឺ ឬងាប់។
ឆ្លើយតបនឹងបញ្ហានេះ មន្ត្រីជំនាញផ្នែកសត្វ នៃអង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកអាហារ និងកសិកម្ម លោក Lotfi Allal ឲ្យដឹងបន្ទាប់ពីការស៊ើបអង្កេតថា អ្នកជំនាញ នៅមិនទាន់អាចពិសោធន៍បានច្បាស់លាស់ ពាក់ព័ន្ធនឹង ការសង្ស័យដែលថា កុមារនោះ ឆ្លងមេរោគផ្តាសាយបក្សីពីបក្សីព្រៃ ឬបក្សីចិញ្ចឹម ព្រោះថា កុមារនោះបានឆ្លងជំងឺនេះតាំងពីខែមុន៖ “ការស៊ើបអង្កេត មិនបានផ្តល់លទ្ធផលពិតប្រាកដឡើយ គឺមានតែព័ត៌មាន ដោយហេតុថា កុមារនោះរស់នៅតំបន់ដាច់ស្រយាល ហើយការសង្ស័យនោះ ធ្វើឡើងបន្ទាប់ពីកុមារនោះមានឆ្លងជំងឺនេះ កាលពីខែមុនមកម្ល៉ោះ ហេតុនេះហើយ វាពិបាកក្នុងការនិយាយថា កុមារនោះ បានបរិភោគបក្សីចិញ្ចឹម ឬក៏បក្សីព្រៃ”។
ការស៊ើបអង្កេត មិនបានផ្តល់លទ្ធផលពិតប្រាកដឡើយ គឺមានតែព័ត៌មាន ដោយហេតុថា កុមារនោះរស់នៅតំបន់ដាច់ស្រយាល ហើយការសង្ស័យនោះ ធ្វើឡើងបន្ទាប់ពីកុមារនោះមានឆ្លងជំងឺនេះ កាលពីខែមុនមកម្ល៉ោះ ហេតុនេះហើយ វាពិបាកក្នុងការនិយាយថា កុមារនោះ បានបរិភោគបក្សីចិញ្ចឹម ឬក៏បក្សីព្រៃ។
គួរបញ្ជាក់ថា នេះគឺជាករណីទី៤ នៃជំងឺគ្រុនផ្តាសាយបក្សី ដែលកើតមានឡើងក្នុងខេត្តកំពត ហើយជាករណីទី១០ ក្នុងប្រទេសកម្ពុជា ក្នុងដើមឆ្នាំ២០១៣នេះ ដែលក្នុងនោះមនុស្ស៨នាក់ បានស្លាប់៕ប្រភពពី សំឡេងប្រជាធិបតេយ្យ VOD