វិភាគ​៖ ​ភាព​ខុស​​គ្នា​នៃ​​ការ​បោះ​ឆ្នោត​​ឆ្នាំ​​២០០៨ និង​​ឆ្នាំ​​២០១៣


​ការបោះ​ឆ្នោត​ជ្រើស​រើស​​តំណាងរាស្ត្រ​អាណត្តិ​​ទី​៥ នឹង​​ចូលម​ក​​ដល់​​នៅ​​ថ្ងៃ​​ទី​​២៨​ ​ខែ​កក្កដា ឆ្នាំ​​២០១៣​​ខាង​​មុខ​នេះ​។ បើ​​រំលឹក​​ទៅ​ការ​បោះ​ឆ្នោត​ឆ្នាំ​​២០០៨​​វិញ លទ្ធផល​ក្រោយ​ការបោះឆ្នោត គណបក្ស​ប្រជាជន​កម្ពុជា ទទួលបាន​កៅអី​សភា​ចំនួន​៩០ គណបក្ស​សម រង្ស៊ី ទទួលបាន​២៦​កៅអី គណបក្ស​សិទ្ធិមនុស្ស ទទួលបាន​៣​កៅអី គណបក្ស​នរោត្តម​រ​ណ​ឬ​ទ្ធិ ទទួលបាន​២​កៅអី និង​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ទទួលបាន​២​កៅអី​។ ចំណែក គណបក្ស​ចូលរួម​ប្រកួតប្រជែង មាន​ប្រមាណ​ជា​១១​គណបក្ស​។
ទោះជា​យ៉ាងណា ការបោះ​ឆ្នោត​​ឆ្នាំ​២០០៨ មាន​ការរិះគន់​ថា មិនទាន់​គោរព​តាម​ស្តង់ដារ​អន្តរជាតិ​នៅ​ឡើយ​ទេ​។ តើ​ការ​បោះ​ឆ្នោត​​​នៅ​​ឆ្នាំ​​២០១៣​នេះ មាន​ភាពខុស​គ្នា​នឹង​ការបោះឆ្នោត​ឆ្នាំ​២០០៨​ដូចម្តេចខ្លះ​? ​អ្នកវិភាគ​​ឯករាជ្យ បាន​រកឃើញ​ចំណុច​មួយ​ចំនួន​​នៃ​​ភាព​ខុស​គ្នា​​រវាង​​ការ​បោះ​ឆ្នោត​​ឆ្នាំ​ ​២០១៣ និង​ឆ្នាំ​២០០៨​។

នាយក​អង្គការ​​​​និចហ្វិច ដែល​ឃ្លាំមើល​ការបោះឆ្នោត លោក ហង្ស ពុទ្ធា សង្កេតឃើញថា ការបោះឆ្នោត​​ក្នុង​ឆ្នាំ​២០០៨ អន្តរជាតិ បាន​​យកចិត្តទុកដាក់​ជាង​ក្នុង​ឆ្នាំ​២០១៣​នេះ ដោយសារ​រហូតមកដល់​ពេលនេះ មិនទាន់មាន​អ្នកសង្កេតការណ៍​អន្តរជាតិ បាន​ដាក់​ពាក្យ​មក ​គ.ជ.ប ដើម្បី​ត្រួតពិនិត្យ​​ការ​បោះឆ្នោត​​នោះ​​ទេ​។ លោក​ថា ហេតុផល​ពីរ​យ៉ាង ដែល​នាំឲ្យ​សហគមន៍​អន្តរជាតិ មិន​មក​សង្កេតការណ៍​លើ​ការបោះឆ្នោត​ឆ្នាំ​២០១៣ គឺ​ទីមួយ ដោយសារ​កម្ពុជា មិន​​ទទួល​យក​​អនុសាសន៍ និង​ទី​ពីរ ដោយសារ​កម្ពុជា ចេះ​រៀបចំ​ការបោះឆ្នោត ដោយ​ខ្លួនឯង​ ៖ "ខាងបរទេសហ្នឹង​ឯង​ គាត់​គិត​ថា​អនុ​សាសន៍​ ដែលបាន​ផ្ដល់​ទៅហើយ​មិន​ត្រូវ​បាន​យក​ចិត្ដ​ទុក​ដាក់​ ដោយ​ប្រ​ទេស​កម្ពុជា​ ហើយ​ឫពីរ ក៏អាច​មាន​មូល​ហេតុ​ថា​ កម្ពុជា​ហ្នឹង​ចេះ​រៀប​ចំ​ដោយ​ ខ្លួន​ឯ​ង​ហើយ​ អញ្ចឹង​គេ​មិន​បាច់​មក​យក​ចិត្ដ​ទុក​ដាក់​ពេក​ទេ​ "។
​កាលពី​ថ្ងៃ​ទី​១០​ ខែ​មេសា អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត (គ.ជ.ប​) លោក ទេព នីថា ប្រាប់​VOD​ថា គ.ជ.ប នៅ​មិនទាន់​​មាន​​សហគមន៍​អន្តរជាតិ​ណាមួយ ចុះ​ឈ្មោះ​សង្កេតការណ៍​បោះឆ្នោត​ថ្នាក់​ជាតិ​នៅឡើយ​ទេ​។​
​ចំណុច​ផ្សេងទៀត ដែល​លោក ហង្ស ពុទ្ធា សង្កេតឃើញ​មាន​ភាពខុសប្លែក គឺ​នៅ​ឆ្នាំ​២០១៣​នេះ គណបក្ស​ពីរ​បី​ទេ ដែល​លេច​ធ្លោ​​ក្នុង​​ការ​ប្រកួត​ប្រជែង គឺ​​គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​សង្គ្រោះ​​ជាតិ ដែល​កើតចេញ​ពី​គណបក្ស​សម​រង្ស៊ី និង​​គណបក្ស​​សិទ្ធិ​មនុស្ស និង​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​។ លោក​បន្ត​ថា ក្នុង​ការបោះឆ្នោត​ឆ្នាំ​២០១៣​នេះ យុវជន ត្រូវបាន​លើកតម្កើង​ឲ្យចូល​រួម​ក្នុង​​ការបោះឆ្នោត ចលនា​​កម្មករ ចលនា​ដីធ្លី និង​ចលនា​ក្រុម​ប្រឆាំង​អំពើពុករលួយ ក៏​បាន​ធ្វើឲ្យ​ការបោះឆ្នោត​ប្រែប្រួល​ ៖ "ឃើញ​ថា​គណ​បក្ស​នយោ​បាយ​ទាំ​ង​អស់​ សុទ្ធតែ​មាន​ការ​យល់​ដឹង​ ហើយ​មាន​ការ​វិ​វត្ដ​ន៍​ពី​ចំនួន​គណ​បក្ស​ច្រើន​ ដែល​បាន​ចុះ​ឈ្មោះ​ប្រកួត​ប្រជែង​ ឥឡូវ​ឃើញថា​គណ​បក្ស​ដែល​លេច​ធ្លោ​ហ្នឹង​ គឺមាន​តែ​បី​ប៉ូល​ទេ​ គឺ​ក្រុម​គណ​បក្ស​កាន់​អំណាច ក្រុម​គណបក្ស​ជំទាស់ ហើង​នឹង​ក្រុម​គណ​បក្ស​រាជានិយមហ្នឹង​បាទ ​ចលនា​កម្មករ​ ចលនា​ដី​ធ្លី ​ចលនា​ទប់ស្កាត់​អំពើ​ពុក​រលួយ ខ្ញុំ​គិត​ថា​ជា​បញ្ហា​ដែល​​ពាក់​ព័ន្ធ​នឹង​​ដំណើការ​បោះ​ឆ្នោត​​នេះ​​ដែរ​ "។
​សម្រាប់ អ្នកស្រាវជ្រាវ​ជាន់ខ្ពស់ លោក កែម ឡី មានប្រសាសន៍ថា គ.ជ.ប ហាក់ដូចជា​គ្រប់គ្រង​កីឡាករ ចូលរួម​ប្រកួតប្រជែង​លែង​បាន ដោយ​គណបក្ស​នយោបាយ​ទាំងអស់ បានចាប់ផ្តើម​ឃោសនា វាយបក​គ្នា មុន​ថ្ងៃ​បោះឆ្នោត​។ លោក​បន្តថា ទាំង​គណបក្ស​ប្រឆាំង និង​គណបក្សកាន់អំណាច ហាក់ដូចជា​មាន​គោលនយោបាយ​ច្បាស់លាស់​សម្រាប់​ប្រជាជន ដើម្បី​ជ្រើសរើស​ ។
​មន្ត្រី គ​.​ជ​.​ប ឲ្យដឹងថា ពេលវេលា​នៃ​ការឃោសនាបោះឆ្នោត ចាប់ផ្តើម​ពី​ថ្ងៃ​ទី​២៧ ខែមិថុនា ដល់​ថ្ងៃ​ទី​២៦ ខែកក្កដា​។ ការបិទ​ផ្សាយ​បញ្ជី​បោះឆ្នោត និង​បញ្ជី​ទីតាំង​នៅ​ការិយាល័យ​បោះឆ្នោត និង​នៅ​គណៈកម្មការ​ឃុំ​-​សង្កាត់ ធ្វើ​នៅ​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០១៣​។
លោក​កែម ឡី ឲ្យដឹងទៀតថា សម្រាប់​ការបោះឆ្នោត នៅ​ឆ្នាំ​២០១៣​នេះ លោក​សង្កេតឃើញថា ប្រជាជន​​ចាប់​ផ្តើម​​សំឡឹង​មើល​គោល​នយោបាយ​គណបក្ស ជាជាង​បុគ្គល ៖​"កាលពី​មុន​ប្រ​ជា​ពល​រដ្ឋ​យើង​សំឡឹង​មើល​បុគ្គល​ ច្រើន​ជាង​គោល​នយោ​បាយ បុគ្គល​ដែល​មាន​ប្រជា​ប្រិយ៍ភាព បុគ្គល​ដែល​ល្អ​ បុគ្គល​ដែល​មាន​ស្នាដៃ​អីចឹង ប៉ុន្ដែ​ឥឡូវ អត់​ទេ​ប្រជា​ជន​ហាក់​បី​ដូចជា​ដូរ​ពី​ការ​មើល​បុគ្គល​ មក​មើល​គោល​នយោ​បាយ​វិញ "។
​នាយិកា​ជាន់ខ្ពស់​វិទ្យាស្ថាន​ជាតិ NDI លោកស្រី ឡូ​រ៉ា ថន​ថុន លើកឡើងថា ការបោះឆ្នោត​នៅ​ឆ្នាំ​២០១៣​នេះ មាន​ភាពខុសគ្នា​ត្រង់​ថា នៅក្នុង​ឆ្នាំ ២០១៣​នេះ ចំនួន​មនុស្ស​បាត់ឈ្មោះ មាន​ច្រើន​ជាង​ឆ្នាំ​២០០៨​។ លោកស្រី​បន្ត​ថា មនុស្ស​មួយចំនួន ដែល​មិន​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត តែ​អាច​នឹង​ចូលរួម​បោះឆ្នោត​បាន​ ៖ "យើង​​សង្កេត​​ឃើញ​មាន​​ការ​ធ្លាក់ចុះ​នៃ​គុណភាព​បញ្ជី​​ឈ្មោះ​អ្នក​បោះ​ ឆ្នោត ដែល​មាន​​ភាគ​រយ​​នៃ​​ឈ្មោះ​​ក្នុង​បញ្ជី​បោះឆ្នោត ដែល​មិន​ត្រូវ​នឹង​មនុស្ស​ពិតប្រាកដ ហើយ​ចំនួន​នេះ ច្រើន​ជាង​ឆ្នាំ​២០០៨"​។​
វិទ្យា​សា្ថនជាតិ​ប្រជាធិបតេយ្យ NDI បាន​ផ្សព្វផ្សាយ​របាយការណ៍​សង្ខេប​នៃ​សវនកម្មប​ញ្ជី​ឈ្មោះ អ្នកបោះឆ្នោត ចុះ​ថ្ងៃ​ទី​២១ ខែ​មីនា​នេះ ដោយ​បាន​រកឃើញថា ១០.៨% នៃ​អ្នកបោះឆ្នោត​ដែល​ជឿ​ថា ខ្លួន​បាន​ចុះឈ្មោះ តែ​មិន​អាច​រកឃើញ​នូវ​ឈ្មោះ​របស់​ខ្លួន​នៅក្នុង​បញ្ជី​។ ជាមួយគ្នានេះ អ្នក​មាន​ឈ្មោះ​បោះឆ្នោត​មាន​ត្រឹមតែ ៦៣.៦% ប៉ុណ្ណោះ ដែល​រស់​នៅ​ទីកន្លែង​ពួកគេ​បាន​ចុះឈ្មោះ ខណៈ​១៧.៩% នៃ​អ្នក​ឆ្លើយតប​រកឃើញ ប៉ុន្តែ​ភាគច្រើន​រស់នៅ​កន្លែង​ផ្សេង និង ១០.៤% គឺ​មិន​អាច​រកឃើញ​។​
លោកស្រី ឡូ​រ៉ា ថន​ថុន បន្ថែមថា លោកស្រី ព្រួយបារម្ភ​ពី​អវត្តមាន​អ្នកសង្កេតការណ៍​អន្តរជាតិ នៅក្នុង​ការបោះឆ្នោត​នៅ​ឆ្នាំ​២០១៣​នេះ ដោយសារ​កម្ពុជា មិន​ទទួលយក​អនុសាសន៍​របស់​ពួកគេ កាលពី​ការបោះឆ្នោត​កន្លងទៅ​។​
អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ ទទួលបន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា បានដាក់​អនុសាសន៍​មួយចំនួន ឲ្យ​រដ្ឋាភិបាល​​កម្ពុជា ដើម្បី​ឲ្យ​លទ្ធផល​នៃ​ការបោះឆ្នោត អាច​ទទួលយកបាន​ពី​គ្រប់​គណបក្ស និង​មាន​ភាពសេរី និង​យុត្តិធម៌​។ អនុសាសន៍​​ទាំងនោះ មានដូចជា កំណែទម្រង់​គជប នៅ​ថ្នាក់​ជាតិ និង​ខេត្ត និង​វត្តមាន​របស់​លោក សម រង្ស៊ី ចូលរួម​ការ​បោះ​ឆ្នោត​​​ជា​ដើម​។​
របាយការណ៍​សិក្សា​ស្រាវជ្រាវ​របស់​ខុម​ហ្វ្រែល​កម្រាស់​៥៨​ទំព័រ ចេញ​ផ្សាយ​ក្នុង​ខែ​មេសា​នេះ បង្ហាញថា គ​.​ជ​.​ប មាន​កំហុស​នៅពេល​ធ្វើ​វិសោធនកម្ម​នៃ​ដំណើរការ​ពិនិត្យ​បញ្ជី​ឈ្មោះ ដែល​អាច​ធ្វើឲ្យ​អ្នក​មាន​សិទ្ធិ​បោះឆ្នោត​១​លាន​២​សែន​៥​ម៉ឺន​នាក់ បាត់​ឈ្មោះ​។ របាយការណ៍ ក៏​បាន​រក​ឃើញ​ដែរ​ថា គ​.​ជ​.​ប បាន​ចុះឈ្មោះ​លើស​ចំនួន​ពិត​ជាក់ស្តែង​ចំនួន​៣​សែន​នាក់​។​
ទោះជា​យ៉ាងណា អ្នកវិភាគ​យល់ឃើញថា កម្ពុជា គួរតែ​កែប្រែ​តាម​អនុសាសន៍​របស់​អង្គការ​ជាតិ និង​អន្តរជាតិ ដើម្បី​ឲ្យ​ការ​បោះ​​ឆ្នោត អាច​​​ទទួលយកបាន​ពី​គ្រប់​គណបក្ស និង​គោរព​តាម​ស្តង់ដារ​អន្តរជាតិ​៕ ប្រភពពី ​សំឡេងប្រជាធិបតេយ្យ VOD
Next PostNewer Post Previous PostOlder Post Home

About