ខេត្ដកំពត ៖ មានការភ្ញាក់ផ្អើលមួយ កាលពីវេលាម៉ោង៥ល្ងាចថ្ងៃទី៨ ឧសភា នៅក្នុងភូមិទទឹងថ្ងៃ ឃុំបឹងទូក ស្រុកទឹកឈូ ដោយសារមេគោ១ក្បាលរបស់គ្រួសារអ្នកនេសាទ កើតបានកូនគោមួយក្បាលមានភ្នែកតែមួយនៅចំកណ្ដាលក្បាលខុសពីគោ ដទៃ ។
ម្ចាស់កូនគោចម្លែកនេះឈ្មោះ ម៉ាត់ កុង ភេទប្រុស អាយុ២៦ឆ្នាំជាអ្នកនេសាទ ។ គាត់និយាយថា ក្រៅពីការនេសាទ គាត់បានចិញ្ចឹមមេគោទុកគ្រាន់បានកូនលក់ ដើម្បីផ្គត់ផ្គង់ក្នុងគ្រួសារ ។ ចំណែកមេគោរបស់គាត់នេះកើតបានកូនពីរហើយ រួមនឹងកូនគោចម្លែកនេះផង តែកូនគោកើតបានមួយមុនជាគោល្អ មានរូបរាងដូចកូនគោដទៃទៀតដែរ ប៉ុន្ដែគួរឱ្យអស់សង្ឃឹមយ៉ាងខ្លាំង ដោយឃើញមេគោរបស់គាត់កើតកូនទី២ជាកូនគោចម្លែកខុសពីគេយ៉ាងនេះ ។ ចំពោះហេតុការណ៍នេះ ប្រជាពលរដ្ឋនាំគ្នានិយាយថា កូនគោដែលមានតែភ្នែកមួយចំកណ្ដាលក្បាលបែបនេះគឺអាចជាលើកទី១ ហើយ ដែលពួកគាត់បានប្រទះឃើញ ។
បន្ទាប់ពីការភ្ញាក់ផ្អើល នៅព្រឹកថ្ងៃទី៩ ឧសភា គេឃើញប្រជាពលរដ្ឋជាច្រើននាក់ ខ្លះយកទៀនធូប និងលុយមកបែបន់សុំសេចក្ដីសុខ ហើយក៏មានអ្នកខ្លះដែលជឿស៊ុបលើអបិយជំនឿនោះ បានចាត់ទុកជាគោទេវតាមកចាប់ជាតិ និងអ្នកខ្លះនិយាយថា អ្នកមានបុណ្យមកចាប់កំណើត ។ ប៉ុន្ដែការបែបន់ដោយជឿស៊ុបលើជំនឿអរូបីនេះ ចៃដន្យក៏មានអ្នកខ្លះបានដូចបំណង តែអ្នកខ្លះក៏មិនបានដូចបំណង ។ ការជឿទាំងនេះជាទំនៀមទម្លាប់ប្រពៃណីដ៏ជ្រាលជ្រៅក្នុងសង្គម ខ្មែរ ។ ដោយឡែក ចំពោះអ្នកវិទ្យាសាស្រ្ដបាននិយាយថា កូនគោដែលកើតមកមានរូបរាងចម្លែកខុសពីកូនគោធម្មតានេះ ជាការធ្វើបំណែកកោសិកាខុសប្រក្រតី ទើបធ្វើឱ្យសរពាង្គកាយមិនពេញលេញ និងមានលក្ខណៈខុសពីកូនគោដទៃបែបនេះ ។
បច្ចុប្បន្ន កូនគោចម្លែកដែលកើតមកមានភ្នែកតែមួយចំកណ្ដាលក្បាលនៅរស់នៅឡើយ ទេ ដោយមានរោមស្អាត មានកម្លាំងងើបដើរដូចកូនគោធម្មតា ចំណែកភ្នែកមួយនេះក៏មើលឃើញដូចកូនគោភ្នែកពីរដែរ ព្រមទាំងសង្ឃឹមថា គោចម្លែកនេះនឹងមានជីវិតរស់នៅដូចធម្មតាដល់ធំមិនខាន ៕កោះសន្តិភាព