ភ្នំពេញ: ចង់ដឹង ទេថា តារាស្រីចូលចិត្តធ្វើក្រចកប៉ុន្មានដងក្នុងមួយខែ? ភាគច្រើនអ្នកសិល្បៈទាំងនោះមានការច្នៃប្រឌិត នូវក្បាច់រចនាម៉ូដ ក្រចក គេរបៀបណា ដើម្បីឲ្យមើលទៅសាកសមរូបរាងដ៏ស្រស់ស្អាត និងសាច់សខ្ចីរបស់តារាទាំងនោះ។
តារាខ្លះចូលចិត្តបែប សាមញ្ញ តារាខ្លះទៀតចូលចិត្តបែប ឆើតឆាយឬក៏ភាពហ៊ឺហា ទាន់សម័យឲ្យតាមទាន់សម័យអីនធើណិត។
តែភាពហ៊ឺហាដែលចំណាយក្នុងការតុបតែងក្រចក បែបសម័យនេះមានខ្ទង់ចំណាយអស់ប៉ុន្មាន? ចំណាយម្តងក្នុងការធ្វើក្រចក អស់តម្លៃត្រឹមតែ ៥ទៅ ៦ ដុល្លារសម្រាប់ការសម្អាតក្រចកម្តងវារឿងធម្មតា របស់អ្នកសិល្បៈ ខ្លាចអីនឹងចំណាយ បើដើម្បីភាពស្អាត របស់ខ្លួននោះ។
ស្តាប់ការបកស្រាយរបស់តារាស្រីៗ តើគេចូលចិត្តពណ៌ក្រចកបែបណា ?
តារាម៉ូឌែលសាច់សខ្ចី រាងល្វតល្វន់ កញ្ញា តូតា បានចំណាយថវិការ ត្រឹមតែ៥ ទៅ ៦ ដុល្លារ ក្នុងការសម្អាត ក៏ដូចជាលាបពណ៌ក្រចកម្តង។
នេះជាការឲ្យដឹងពីតារាសម្តែងតូតា។ សម្រាប់តារាបង្ហាញម៉ូដរូបនេះ ហាក់មិនពេញចិត្តនិងម៉ូដក្រចកណា ដែលបង្ការការទើសទែង ដល់នាងឡើយព្រោះការចាក់ជេល ឬក៏ដាំផ្កានៅលើក្រចកវាបង្ករលំបាកម្យ៉ាងដែល តែនាងនៅតែធ្វើវាប្រសិនជាមានកម្មវីធីណាធំៗ។
នាងបានឲ្យដឹងថា “និយាយពីរឿងនេះបើសិនជាមានពេលខ្ញុំធ្វើក្រចកមួយខែ ពី៣-៤ ដង។ ភាគច្រើនខ្ញុំចូលចិត្តលាបពណ៌ក្រហម ពណ៌ណាដែលក្រម៉ៅ ពណ៌ប្រផេះក្រម៉ៅ ពណ៌ខ្មៅ”។
សម្រាប់តារាទឹកភ្នែក មិនចេះរីងស្ងួត នី មុន្នីនាថហាក់មិនមានចំណូលលាបពណ៌ក្រចក ដូចតារាផ្សេងឯទៀតទេព្រោះវាជាចំណូលចិត្តផង និងតម្រូវការរបស់អ្នកដឹកនាំរឿងផង។
តារាទឹកភ្នែកស្ទើរតែគ្រប់សាច់រឿងរូបនេះបានបញ្ជាក់ថា “មួយសប្តាហ៍កាត់សាច់ក្រចកម្តង តែខ្ញុំមិនលាបពណ៌ទេ ព្រោះខ្ញុំត្រូវថតរឿង ហើយមួយទៀតពេលដែលយើងលាបពណ៌ វាធ្វើឲ្យលឿងក្រចក ខ្ញុំលាបក្រចកលុះត្រាណាតែមានការចាំបាច់។ ខ្ញុំលាបពណ៌ក្រចក តែពីរដងទេ ក្នុងមួយខែ។
ចំណែកការចំនាយក្នុងការធ្វើក្រចក តារារូបនេះមិនបានបញ្ជាក់ទេគ្រាន់តែនិយាយថា តំលៃធ្វើក្រចក ដែលតារារូបនេះ ធ្វើមានតម្លៃ ដូចគេដូចឯង។
ចំណែកពិធីករ ជីជី បានចំណាយថវិការាងថ្លៃគួរសមដែលក្នុងការតុបតែងក្រចកដៃ-ជើង របស់នាង ជួបជាមួយ ស៊ីអ៊ីអិន តាមទូរស័ព្ទតួអង្គក្នុងរឿងអាបពាក់មួកសុវត្ថិភាពរូបនេះបានឲ្យ ដឹងថា “តាមខែដែលរវល់បើសិនជារវល់មួយអាទិត្យ កាត់សាច់ក្រចកធម្មតាតែបើអត់រវល់ខ្ញុំទៅចាក់ ជេលពីរសប្តាហ៍ម្តងចំណែកការចំណាយលើការចាក់ជេលក្រចកអាចចំណាយ ខ្ទង់ ១៥ $ តែសម្រាប់តែក្រចកដៃទេ”រីឯ ការលាបពណ៌ក្រចកវិញតារាស្រីរូបនេះមិនសូវចំណូលនូវពណ៌ដែលមានសភាព ក្រាសក្រែល ឬច្បាស់ៗទេនាងចូលចិត្តតែពណ៌ក្រចកធម្មជាតិ ជាពិសេសពណ៌ស ដែលសុភាពនារីទាំងឡាយចូលចិត្តលាបនៅចុងក្រចកប៉ុណ្ណោះ៕