ផ្អែក លើរបាយការណ៍ពិភពលោកប្រចាំឆ្នាំបានរកឃើញថា សិង្ហបុរីជាកន្លែងដ៏ល្អបំផុតដើម្បីក្លាយខ្លួនជាម្ដាយប្រចាំ តំបន់អាស៊ី។ របាយការណ៍របស់ភ្នាក់ងារផ្ដល់ជំនួយដល់កុមារ Save the Children បានចាត់ទុកសិង្ហបុរី ជាប្រទេសដែលមានសុវត្ថិភាពបំផុតសម្រាប់ទារកកើតក្នុងតំបន់អាស៊ី។
របាយការណ៍ The State of the World’s Mother បានប្រៀបធៀបស្ថានភាពរវាងម្ដាយ និងទារកក្នុងប្រទេសចំនួន ១៧៦។ លទ្ធផលបានបង្ហាញថា សិង្ហបុរីជាប់ចំណាត់ថ្នាក់ទី ១៥ ជាប្រទេសល្អបំផុតដើម្បីក្លាយខ្លួនជាម្ដាយ ដោយផ្អែកទៅលើសុខភាពម្ដាយ ស្ថានភាពសេដ្ឋកិច្ច និងការអប់រំរបស់ម្ដាយ សុខភាព និងអាហារបំប៉នរបស់ទារក។
ផ្អែកលើការប្រៀបធៀបខាងលើ សិង្ហបុរីបាននាំមុខប្រទេសជឿនលឿនមួយចំនួនក្នុងតំបន់អាស៊ីដូចជា ជប៉ុន កូរ៉េខាងត្បូង និងម៉ាឡេស៊ី។ ប៉ុន្តែបើមើលជារួម ប្រទេសហ្វាំងឡង់ ជាប់ចំណាត់ថ្នាក់លេខ១។
ការចាត់ចំណាត់ថ្នាក់របស់អង្គការ Save the Children គឺ មើលទៅលើចំនួនទារកដែលស្លាប់នៅថ្ងៃដំបូងក្នុងចំណោមទារក ១០០០ នាក់។ សិង្ហបុរីមានអត្រាទារកដែលស្លាប់នៅថ្ងៃដំបូងត្រឹម ០,៥ នាក់ប៉ុណ្ណោះក្នុងចំណោមទារកដែលកើត ១០០០ នាក់។ បើគិតទូទាំងពិភពលោកវិញ មានទារក ១ លាននាក់ស្លាប់រៀងរាល់ឆ្នាំនៅថ្ងៃដំបូងបន្ទាប់ពីកើតមក។
លោក Mike Novell ប្រធានអង្គការ Save the Children ប្រចាំតំបន់ បាននិយាយថា ”សិង្ហបុរីអាច និងគួរចាត់ទុកជាប្រទេសគំរូដែលប្រទេសដទៃគួរយកតម្រាប់តាម”។ មន្ត្រីដដែល បន្ថែមថា សិង្ហបុរីសម្បូរទៅដោយបុគ្គលិកសុខាភិបាលដែលជំនាញផ្នែកថែរក្សា សុខភាពមុនកំណើត សម្រាល និងក្រោយកំណើត៕
ប្រែសម្រួល៖ Zac
ប្រភព៖ straitstimes សប្បាយ
ប្រភព៖ straitstimes សប្បាយ