អាមេរិក​ធូរ​ចិត្ត​ពេល​ចាប់​ខ្លួន​ជន​សង្ស័យ​បង្ក​ភេរវកម្ម​បាន


មាន​អាយុ​ទើប​តែ​ ១៩​ឆ្នាំ ចូហា ស្ហាណាអេហ្វ (Djokhar Tsarnaev) ជាប់​សង្ស័យ​ ថា​អ្នក​បង្ក​ភេរវកម្ម នៅ​ក្រុង​ Boston ជាមួយ​បង​ប្រុស​ ដែល​បាន​ស្លាប់​កាលពី​ម្សិលមិញ ក្នុង​ប្រតិបត្តិការ​តាម​ចាប់​ខ្លួន​​។ ប្រតិបត្តិការ​ជាង​២៤​ម៉ោង​ ដែល​មាន​ប្រើ​កម្លាំង​ប៉ូលិស​ ប្រមាណ​៩ពាន់​នាក់ បិទ​ខ្ទប់​ក្រុង​បូស្តុន​ទាំង​មូល និង​បាន​ប្រែក្លាយ​​សង្កាត់ Watertown ទៅ​ជា​សមរភូមិប្រយុទ្ធ។ សេចក្តី​ប្រកាស​ចាប់​បាន​ខ្លួន​ជន​សង្ស័យ បាន​ធ្វើ​ឱ្យ​បណ្តា​ជន​រស់​នៅ​បូស្តុន និង​អាមេរិ​ទាំង​មូល ធូរ​ស្បើយ​ក្នុង​ចិត្ត​ បន្ទាប់​ពី​តាន​តឹង​អស់​ជិតមួយសប្តាហ៍​មក។



ម៉ោង​៦​ល្ងាច​ទៅ​ហើយ ឧទ្ធម្ភាគចក្រ​ នៅ​តែ​ឆ្វែល​លើ​ក្រុង​បូស្តុន​ ជា​លើក​ចុង​ក្រោយ ការ​ស្វែង​រក​ចាប់​ខ្លួន​សង្ស័យ​នៅ​តែ​គ្មាន​លទ្ធផល ! អាជ្ញាធរ​បាន​សម្រេច​លើក​បម្រាម​គោចរ ដែល​បាន​ដាក់​តាំង​ពី​២៤​ម៉ោង​មុន​ចេញ​វិញ ព្រោះ​គេ​មិន​អាច​ឃាត់​ឃាំង​ក្រុង​មួយ ឬ​រដ្ឋ​មួយ​ទាំង​ស្រុង​ដូច្នេះ​បាន​ឡើយ។ ប៉ុន្តែ​១០​នាទី​ក្រោយ​ រថយន្ត​ប៉ូលិស​បក​ក្រោយ​វិញ ប៉ូលិស​បាន​រក​ឃើញ​កន្លែង​លាក់​ខ្លួន​របស់ ចូហា ស្ហាណាអេហ្វ សំឡេង​កាំភ្លើង​បាន​លាន់​ឮ​ឡើង។ មាន​ការ​ប្រឈម​មុខ​ដាក់​គ្នា​​ដល់​ទៅ​មួយ​ម៉ោង ក្រោយ​មក​ទើប​FBI ចេញ​ធ្វើ​ប្រតិបត្តិការ​ចាប់​ខ្លួន។

រហូត​ដល់​ម៉ោង ៨ និង​៤២​នាទីល្ងាច​ថ្ងៃសុក្រ​ម្សិលមិញ ម៉ោង​នៅបូស្តុន ទើប​​ប៉ូលិស​អាមេរិក​បាន​បញ្ជូន​ព័ត៌មាន​តាម​Twitter​ថា ចាប់​បាន​ខ្លួន​​ជន​សង្ស័យ​ទីពីរ ទាំង​រស់ ដែល​​មាន​រង​របួស​ធ្ងន់​នៅ​ជើង​និង​នៅ​ក។ របួស​ដែល​ទំនង​ជា​​ដោយ​សារ​ប៉ូលិស​បាញ់​ត្រូវ ក្នុង​ប្រតិបត្តិការ​បាញ់​រះ​ នៅ​វិទ្យាស្ថាន​បច្ចេកទេស យប់​ថ្ងៃ​ព្រហស្បតិ៍ (យុទ្ធនាការ​ដែល​នាំ​ដល់ការ​ចាប់​ខ្លួន​ជនសង្ស័យ​ទី​មួយ)។

ទៅ​លាក់​ខ្លួនក្នុង​ទូកមួយ​​ ពាក់​មុខ​ដើម្បី​ងាយ​បន្លំ​ខ្លួន​ តែ​អ្នក​ជិត​ខាង​បាន​ឃើញ​មនុស្ស​របួស ក៏​ទៅ​រាយ​ការណ៍​ប្រាប់​ប៉ូលិស។ ប៉ុន្តែ​ប៉ូលិស​មិន​ធ្វើ​ប្រតិបត្តិការ​ភ្លាម​ទេ ព្រោះ​ខ្លាច​​មាន​គ្រឿង​ផ្ទុះ និង​ម្យ៉ាង​ប៉ូលិស​​ត្រូវ​ការ​​​ចាប់​ទាំង​រស់ ដើម្បី​សាក​សួរ​រក​មូលហេតុ​នៃ​ការ​ធ្វើ​ភេរវកម្ម​​ទាំង​ពីរ​លើក ៖ ទីមួយ​កាលពី​ថ្ងៃ​ចន្ទ​ទី​១៥ ពេល​​​រត់​ប្រឆាំង​ម៉ារ៉ាតុង និង​នៅ​ទីពីរ​នៅវិទ្យាស្ថាន​បច្ចេកទេស​ Massachusetts យប់​ថ្ងៃ​ព្រហស្បតិ៍​ទី​១៨​មេសា។

លោក​ប្រធានាធិបតី​ បារ៉ាក់ អូបាម៉ា ៖ 
"នៅយប់នេះប្រទេស​យើង​ត្រូវ​ដឹង​គុណ​អ្នក​បូស្តុន និង​អ្នក​នៅ​រដ្ឋ Massachusetts ដែល​បាន​បង្ហាញ​ពី​ភាព​ដាច់​ខាត​របស់​ខ្លួន​ ក្រោយ​ការ​វាយប្រហារ​ភេរវកម្ម។ ដោយសារ​តែ​ការ​ខិតខំប្រឹងប្រែង និង​ភាពមោះមុត​របស់​​​កងកម្លាំង​ប៉ូលិស​ទាំងមូលយើង​បានបិទបញ្ចប់​នូវ​ដំណាក់កាល​ដ៏សំខាន់​មួយ នៃ​សោកនាដកម្ម នៅ​បូស្តុន។ ក៏ប៉ុន្តែក្នុងពេលជាមួយគ្នា​នេះ នៅ​មាន​សំណួរ​ជាច្រើន ដែល​នៅតែ​ចោទសួរឡើងដោយ​មិន​ទាន់​មាន​ចម្លើយ... តើហេតុអ្វី​បាន​ជា​យុវជន ដែល​ធំដឹងក្តី និង​រៀនសូត្រនៅសហរដ្ឋ​អាមេរិក ជា​សមាជិក​សហគមន៍ និង​ប្រទេស​ជាតិ​របស់​យើងបែរជា​ឈាន​ទៅដល់​ការ​ប្រើអំពើ​ហិង្សា​បែបនេះ? តើ​ពួកគេ​រៀបចំ​និងអនុវត្ត​គម្រោងការ​វាយប្រហារ​ភេរវកម្ម​នេះ​បាន​ដោយ​របៀបណា? ហើយ​តើ​ពួកគេ​ទទួល​ជំនួយ​ពី​ខាង​ណា​ដែរ​ឬទេ?"

នៅ​មាន​សំណួរ​ជា​ច្រើន​ដែល​ត្រូវ​រកចម្លើយ​​ឱ្យ​ឃើញ ! ប៉ុន្តែ​តាំង​ពី​ព្រលប់​ថ្ងៃ​សុក្រ​មក​ បណ្តា​ជន​នៅ​បូស្តុន បាន​ធូរ​ស្បើយ​ក្នុង​ចិត្ត និង​អាច​មាន​សិទ្ធិ​ចេញ​ដើរ​ហើរ​វិញ បន្ទាប់​ពី​ត្រូវ​សំងំ​ក្នុង​ផ្ទះ​អស់​២៤​ម៉ោង​មក៕ ប្រភពពី (RFI)
Next PostNewer Post Previous PostOlder Post Home

About