ស្រ្តី​ប្រេស៊ីល​វ័យ​៣០​ឆ្នាំ​មាន​កាយសម្បទា​ប៉ុន​កូន​ង៉ែត


ស្ត្រី​ប្រេស៊ីល​ម្នាក់​មាន​​អាយុ​៣០​ហើយ តែ​នាង​ដូច​ជា​កូន​ង៉ែតអាយុ​​៩​ខែ​។ ពេល​នេះ​យើង​សូម​នាំ​អារម្មណ៍​មក​មើល​ពី​ស្ថានភាព​ជីវិត​ពិត​មួយ​របស់​ស្រ្តី​ក្រិន​ម្នាក់​រស់​នៅ​ឯ​តំបន់​បេនចាមីន បូតុន។ ស្រ្តី​ជាតិ​ប្រេស៊ីល​រូប​នេះ​មាន​កាយសម្បទា​របស់​ខ្លួន​មើល​ទៅ​មិន​ស័ក្តិសម​នឹង​វ័យ​កាល​របស់​គាត់​ឡើយ គឺ​ខ្លួន​ប្រាណ​ក្មេង​ជាង​វ័យ។ ស្រ្តី​រូប​នេះ​មាន​ឈ្មោះ​ថា ម៉ារី អូដេតេដូ ណាស៊ីមិនតូ កើត​នៅ​ថ្ងៃ​ទី៧ ខែ ឧសភា ឆ្នាំ​១៩៨១ តែ​រូបរាង​កាយ​របស់​គាត់​មើល​ទៅ​ដូច​ជា​កូន​ង៉ែត​ម្នាក់​អ៊ីចឹង។ ម៉ារី រស់​ក្នុង​សង្គម​គ្រួសារ​ក្រីក្រ​មួយ​នៅ​ក្នុង​ផ្ទះ​ដី​ក្នុង​តំបន់​សៀរ៉ា ប្រទេស​ប្រេស៊ីល។ គ្រួសារ​របស់​គាត់​គឺជា​សង្គម​គ្រួសារ​ដែល​ឪពុក​របស់​នាង​មាន​ប្រពន្ធ​ពីរ។ នាង​ត្រូវ​បាន​ម្តាយ​ចុង​មើល​ថែ​និង​ចិញ្ចឹម​នាង​អស់​រយៈ​ពេល​១៣​ឆ្នាំ​មក​ហើយ​បន្ទាប់​ពី​ម្តាយ​បង្កើត​បាន​ស្លាប់​ទៅ។ តែ​ជា​អកុសល​គ្រួសារ​នាង​មិន​មាន​លទ្ធភាព​រក​ប្រាក់​ដើម្បី​ព្យាបាល​ចំពោះ​ជំងឺ​ដ៏​ចម្លែក​របស់​នាង​ម៉ារី​ឡើយ​ដោយ​បណ្តោយ​ឲ្យ​នាង​រស់​នៅ​ទាំង​សភាព​បែប​ក្រិន​នេះ​តាំង​ពី​កំណើត​មក។ នាង​ត្រដរ​រស់​នៅ​ទាំង​សភាព​យ៉ាប់​បែប​នេះ​ដោយ​មិន​ហ៊ាន​ទាម​ទារ​រក​អ្វី​ដែល​ជា​តម្រូវ​ការ​ខ្លួន​ឡើយ សូម្បី​តែ​ការ​និយាយ​ចេញ​មក​ក្រៅ​មួយ​ម៉ាត់​ក៏​មិន​អាច​និយាយ​បាន​ផង។ ម៉ារី​មិន​ត្រឹម​តែ​រស់​នៅ​ក្នុង​គ្រួសារ​ក្រីក្រ​នោះ​ទេ​តែ​មើល​ទៅ​ហាក់​ដូច​ជា​គ្មាន​ទទួល​បាន​នូវ​ក្តី​ស្រឡាញ់​ទៀត​ផង។ តែ​អ្នក​ស្រី​ដូរ៉ា​ជា​ម្តាយ​ចុង​នាង​បាន​បី​បាច់​ថែ​ទាំ​នាង​តាំង​ពី​ក្មេង​មក​ម៉្លេះ។ ក្រុម​អ្នក​ជំនាញ​មក​ពី​មហា​វិទ្យាល័យ​វេជ្ជសាស្រ្ត​នៃ​សាកល​វិទ្យាល័យ​សៀរ៉ា​ប្រទេស​ប្រេស៊ីល​ជឿ​ថា ស្ថានភាព​ក្រិន​របស់​នាង​ម៉ារី​ដែល​កំពុង​តែ​មាន​នេះ​គឺ​បណ្តាល​មក​ពី​កង្វះ ខាត​នៃ​ការ​បញ្ចេញ​ជាតិ​អ័រម៉ូន​របស់​ក្រពេញ​ទីរ៉ូអ៊ីត​ក្នុង​រាងកាយ​របស់​នាង​តែ​ម្តង។ រូប​រាង​កាយ​និង​ប្រាជ្ញា​ស្មារតី​របស់​នាង​ម៉ារី​មិន​អាច​អភិវឌ្ឍ​បាន​ឡើយ​ដោយ​សារ​តែ​ភាព​អសកម្ម​នៃ​ក្រពេញ​ទីរ៉ូអ៊ីត​នេះ។ ក្រុម​គ្រូ​ពេទ្យ​បាន​បញ្ជាក់​ថា​នាង​ម៉ារី​អាច​នឹង​មាន​ស្ថានភាព​លូត​លាស់​ដូច​ទៅ​នឹង​ធម្មតា​បាន​នៅ​ពេល​ណា​គេ​ព្យាបាល​ជំងឺ​ខាង​លើ​នោះ​។ ពេល​នេះ​នាង​ម៉ារី​ត្រូវ​បាន​ក្រុម​គ្រូ​ពេទ្យ​នៅ​សាកល​វិទ្យាល័យ​សៀរ៉ា យក​ទៅ​ពិនិត្យ​និង​បាន​ជួយ​ព្យាបាល​ដោយ​មិន​គិត​ថ្លៃ​ឡើយ។ ឥឡូវ​នេះ​ក្រុម​គ្រូ​ពេទ្យ​ព្យាបាល​នាង​ម៉ារី​ឲ្យ​អាច​ចេះ​ដើរ​ចេះ​ញ៉ាំ​អាហារ​ផ្សេងៗ​និង​អាច​និយាយ​ពាក្យ​បាន​ពីរ​បី​ម៉ាត់​ទៀត​ផង​ដែរ៕ប្រភពពី ភ្នំពេញប៉ុស្តិ៍
Next PostNewer Post Previous PostOlder Post Home

About