អង្គការសហប្រជាជាតិកំពុងព្រួយបារម្ភពីការរត់ពន្ធឧសថក្លែងក្លាយ ដែលបង្កគ្រោះមហន្តរាយធ្ងន់ធ្ងរដល់អាយុជីវិតមនុស្ស។
អង្គការសហប្រជាជាតិបានចេញផ្សាយរបាយការណ៍មួយ កាលពីថ្ងៃអង្គារម្សិលមិញ ស្តីពី ពីប្រាក់ចំណេញដែលឧក្រិដ្ឋជននានាសំរេចបាន តាមរយៈការរត់ពន្ធវត្ថុក្លែងក្លាយ ឈើ និង គ្រឿងញៀនអេរ៉ូអ៊ីន នៅតំបន់អាស៊ីអាគ្នេយ៍ និងតំបន់ប៉ាស៊ីហ្វិក។ ជារៀងរាល់ឆ្នាំ ការរត់ពន្ធវត្ថុក្លែងក្លាយខុសច្បាប់ គឺជាសកម្មភាពដែលផ្តល់ប្រាក់ចំណេញច្រើនជាងគេ គឺផ្តល់បានដល់ទៅជាង២៤ ពាន់លានដុល្លារឯណោះ។ រីឯការរត់ពន្ធឈើវិញ បានផ្តល់ជាប្រាក់ ១៧ ពាន់លានដុល្លារ ហើយគ្រឿងញៀន méthamphétamine ៥ពាន់លានដុល្លារ។
របាយការណ៍អង្គការសហប្រជាជាតិ ដែលចេញផ្សាយកាលពីថ្ងៃអង្គារម្សិលមិញ ស្តីពីប្រាក់ចំណេញដែលឧក្រិដ្ឋជននានាប្រមូលបាន ពីការរត់ពន្ធវត្ថុក្លែងក្លាយ ឈើ និងគ្រឿងញៀនអេរ៉ូអ៊ីនខុសច្បាប់ មានចំណងជើងថា “ឧក្រិដ្ឋកម្មរៀបចំនៅតាមព្រំដែនប្រទេសនានានៅតំបន់អាស៊ី អាគ្នេយ៍និងតំបន់ប៉ាស៊ីហ្វិក ៖ ការវាយតំលៃនៃការគំរាមកំហែង” ។
យោងតាមរបាយការណ៍នេះ ជារៀងរាល់ឆ្នាំ ការរត់ពន្ធវត្ថុក្លែងក្លាយខុសច្បាប់ បានផ្តល់ប្រាក់ចំណេញខ្ពស់ជាងគេ គឺផ្តល់បានជាង២៤ ពាន់លានដុល្លារ។ ការរត់ពន្ធឈើបានផ្តល់ជាប្រាក់ ១៧ ពាន់លានដុល្លារ ហើយគ្រឿងញៀន méthamphétamine ៥ពាន់លានដុល្លារ។ យោងតាមអង្គការសហប្រជាជាតិ ការប្រើប្រាស់គ្រឿងញៀនអេរ៉ូអ៊ីននៅតែមានការកើនឡើង នៅក្នុងតំបន់។ ជនជាតិចិនប្រើប្រាស់គ្រឿងញៀនច្រើនជាងគេ ហើយប្រទេសភូមាជាប្រទេសផលិតគ្រឿងញៀនដ៏លើសលុប។
របាយការណ៍អង្គការសហប្រជាជាតិ ក៏បានបង្ហាញផងដែរអំពី ប្រាក់ចំណេញនៃការរត់ពន្ធខុសច្បាប់ផ្សេងៗទៀត។ បែបយ៉ាងដូចជា អាជីវកម្មសត្វព្រៃដែលបានផ្តល់ជាទឹកប្រាក់២ពាន់លានដុល្លារកន្លះ ទីផ្សារងងឹតគ្រឿងអេឡិចត្រូនិកផ្តល់ជាទឹកប្រាក់ជិតបួនពាន់លាន ដុល្លារ។ ក្រៅពីនោះ ទីផ្សាររត់ពន្ធមនុស្សដើម្បីបំរើផ្លូវភេទ បានផ្តល់ជាទឹកប្រាក់រាប់រយលានដុល្លារ ក្នុងមួយឆ្នាំៗ។
អ្វីដែលអង្គការសហប្រជាជាតិកំពុងតែព្រួយបារម្ភសំរាប់តំបន់ អាស៊ីអាគ្នេយ៍ និងតំបន់ប៉ាស៊ីហ្វិក នៅពេលនេះ គឺការរត់ពន្ធឧសថក្លែងក្លាយ ដែលបង្កជាគ្រោះមហន្តរាយធ្ងន់ធ្ងរដល់សុខភាពនិងអាយុជីវិតមនុស្ស។ លោក Jeremy Douglas អ្នកតំណាងអង្គការសហប្រជាជាតិប្រចាំតំបន់ បានប្រាប់ថា មួយភាគបីទៅ៩០ភាគរយ នៃឧសថនានាដែលប្រើសំរាប់ការពារគ្រុនចាញ់ មានប្រភពមកពីការរត់ពន្ធខុសច្បាប់។ ឧសថទាំងអស់នេះនាំចូលពីប្រទេសចិន និងឥណ្ឌា។ ឧសថក្លែងក្លាយទាំងនេះ ធ្វើអោយអ្នកប្រើប្រាស់ទទួលមរណភាពក្នុងអាការៈដ៏ចំលែក ហើយបង្កើតអោយមានជាប្រភពមេរោគដែលមានលក្ខណៈខ្លាំងក្លា ជាងមុន។
យោងតាមអង្គការពន្ធការពិភពលោក វត្ថុក្លែងក្លាយ៧៥ភាគរយដែលអាជ្ញាធរនានារឹបអូសបាន ចន្លោះពីឆ្នាំ២០០៨ ទៅឆ្នាំ២០១០ មានប្រភពមកពីអាស៊ីអាគ្នេយ៍ ជាពិសេសពីប្រទេសចិន៕ ប្រភពពី RFI