ភ្នំពេញ៖ ប្រតិភូកម្ពុជា ដែលដឹកនាំដោយលោកឧប នាយករដ្ឋមន្រ្តី ហោ ណាំហុង រដ្ឋមន្រ្តីក្រសួង ការបរទេស នៅរសៀលថ្ងៃអង្គារ ទី១៥ ខែ មេសា ឆ្នាំ២០១៣ នឹងឡើងបកស្រាយសាលក្រម ផ្ទាល់មាត់ការពារភាពជាម្ចាស់ កម្មសិទ្ធិលើតំបន់ប្រាសាទព្រះវិហារ នៅចំពោះមុខចៅក្រម តុលាការយុត្តិធម៌អន្តរជាតិ (ICJ) នាទីក្រុងឡាអេ ប្រ ទេសហូឡង់។
ការបកស្រាយផ្ទាល់មាត់ ដែលមានចំនួនពីរជុំ ចាប់ពីថ្ងៃទី១៥-១៩ ខែមេសា នេះ ភាគីកម្ពុជានឹងត្រូវ ឡើងបក ស្រាយមុនភាគីថៃ ដោយដំណាក់កាលទី១ ចាប់ផ្តើមនាវេលាម៉ោង ១០ព្រឹក ដល់ម៉ោង ១រសៀលម៉ោង នៅទីក្រុង ឡាអេ ត្រូវនឹងម៉ោង ៣រសៀល-៦ល្ងាចថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៣ ម៉ោងនៅកម្ពុជា រីឯថៃវិញបកស្រាយនៅថ្ងៃ ទី១៧ ខែមេសា។ ដំណាក់កាលទី២ ធ្វើឡើងរយៈពេលមួយម៉ោងកន្លះ គឺចាប់ពីម៉ោង ៨-៩៖៣០នាទីយប់ ម៉ោង នៅកម្ពុជាក្នុងថ្ងៃដដែល។ ដោយឡែកជុំទី២វិញ កម្ពុជាបកស្រាយនៅថ្ងៃទី១៨ ហើយភាគថៃ នៅថ្ងៃទី១៩ ខែមេ សា។
ការបកស្រាយនេះ ប្រជាពលរដ្ឋខ្មែរទាំងអស់ អាចចូលរួមទស្សនាបានដោយផ្ទាល់ផងដែរ តាមរយៈគេហទំពរ របស់តុលាការយុត្តិធម៌អន្តរជាតិទីក្រុងឡាអេ www.icj-cij.org ស្ថិតនៅខាងក្រោមមាតិកា ព័ត៌មានជាវីដេអូ សរ សេរថា «Multimedia» ឬក៏ចូលទៅកាន់គេហទំព័រ http://webtv.un.org។
កម្ពុជា ត្រូវបាន ICJ កាត់ក្តីឲ្យឈ្នះរួចម្តងទៅហើយលើសំណុំរឿងប្រាសាទព្រះវិហារកាលពីឆ្នាំ១៩៦២។ ភាគីកម្ពុ ជា បានសម្តែងនូវគំនិតសុទិដ្ឋិនិយម និងជំនឿចិត្តយ៉ាងរឹងមាំថា នឹងទទួលបានជោគជ័យ បើសិនតុលាការ សម្រេចដោយផ្អែកលើច្បាប់នោះ។
ភាគីថៃ ក៏មានជំនឿចិត្តមុតមាំដែរទៅលើការបកស្រាយសាលក្រមនេះផងដែរ។ លោក ស៊ូរ៉ាពង្ស តីវីចាក់ឆាយ គុល (Sur apong Towichukchaikul) រដ្ឋមន្ត្រីការបរទេសថៃ បានថ្លែងប្រាប់ក្រុមអ្នកព័ត៌មាននៅព្រលានយន្ត ហោះមុន ចេញដំណើរទៅប្រទេសហូឡង់ថា គណៈប្រតិភូថៃបានត្រៀមរួចរាល់អស់ហើយ ក្នុងការឆ្លើយបំភ្លឺ ដោយផ្ទាល់មាត់ ចំពោះមុខតុលាការក្រុងឡាអេទាក់ទងនឹងជម្លោះដែនដី ៤,៦ គីឡូម៉ែត្រក្រឡានៅជុំវិញប្រាសាទ ព្រះវិហារ។ នេះ បើតាមការបញ្ជាក់របស់កាសែត The Nation របស់ថៃ ដែលបានផ្សាយកាលពីថ្ងៃអាទិត្យ ទី១៤ ខែមេសា។
ទោះបីជាយ៉ាងនេះប្រទេសជិតខាងទាំងពីរ ដែលមានប្រពៃណីវប្បធម៌ស្រដៀងគ្នា ជាពិសេសកំពុងតែប្រារព្ធពិធី បុណ្យចូលឆ្នាំដូចគ្នានោះ សុទ្ធតែបានអំពាវនាវឲ្យកងទ័ពរបស់ខ្លួនទាំងអស់រក្សានូវភាពស្ងប់ស្ងាត់អំឡុងពេល នៃ ការបកស្រាយសាលក្រម។ ព្រោះលទ្ធផលឈ្នះ ឬចាញ់យ៉ាងណានោះ គឺតុលាការនឹងប្រកាសរហូតដល់ចុងឆ្នាំ ២០១៣ឯណោះ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃប្រទេសកម្ពុជា បានមានប្រសាសន៍ក្នុងពិធីសម្ពោធសមិទ្ធិផលនៅវត្ត កំពង់ពពិល ឃុំកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង កាលពីព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៣ថា កងទ័ពកម្ពុជា ទាំងអស់ ត្រូវរក្សាភាពស្ងៀមស្ងាត់ ចំពោះការបកស្រាយសាលក្រមផ្ទាល់មាត់នៅ តុលាការយុត្តិធម៌ អន្តរជាតិទី ក្រុង ឡាអេ ព្រោះលទ្ធផលនឹងត្រូវប្រកាសរហូតដល់ចុងឆ្នាំ២០១៣ ឯណោះ ដូច្នេះកងទ័ពទាំងអស់ ត្រូវតែស្ងប់ ស្ងាត់ ជៀសវាងការចាញ់បោកពាក្យញុះញង់ណាមួយ ។
សម្តេចបានបញ្ជាក់ថា «កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ មេត្តាស្ងប់ចិត្ត ជឿជាក់លើរាជរដ្ឋាភិបាល ជឿជាក់ភាព រឹងមាំខាងផ្លូវច្បាប់របស់យើង ហើយរឿងនេះ បានកើតឡើងនៅក្នុងរដ្ឋាភិបាលថៃមុន គឺរដ្ឋាភិបាលបក្សប្រជាធិប តេយ្យ គឺរដ្ឋាភិបាលអាប់ភីស៊ីត»។
លោក Marshal Sukumpol មេបញ្ជាការកងទ័ពអាកាសរបស់ថៃ បានថ្លែងប្រាប់ក្រុមអ្នកព័ត៌មាននៅព្រលានយន្ត ហោះមុនចេញដំណើរទៅទីក្រុងឡាអេថា នឹងគ្មានកងទ័ពថៃនៅតំបន់ព្រំដែន ហើយស្ថាការណ៍នឹងមានសភាពធម្ម តា នៅអំឡុងពេលបកស្រាយសាលក្រមដោយផ្ទាល់មាត់នេះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានម៉ាឡេស៊ី Bernama។
ប្រទេសថៃ បានបញ្ជូនកងទ័ពរបស់ខ្លួន ចូលឈ្លានពានប្រទេសកម្ពុជា នៅតំបន់ជុំវិញប្រាសាទព្រះវិហារ នៅ ថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០០៨ និងបង្កឲ្យមានការផ្ទុះអាវុធជាច្រើនលើកច្រើនសារ។ បន្ទាប់ពីការឈ្លានពាននេះ កម្ពុជា បានប្តឹង ទៅកាន់តុលាការ ICJ នាថ្ងៃទី៣០ខែមេសា ឆ្នាំ២០១១ ដើម្បីទាមទារឲ្យប្រទេសថៃដកកងទ័ពខ្លួនចេញ ពីតំបន់ប្រាសាទព្រះវិហាររបស់ខ្មែរ និងទាមទារ ឲ្យតុលាការមួយនេះ បកស្រាយឡើងវិញ នូវសាលដីការ ដែល ខ្លួនបានសម្រេចកាលពីឆ្នាំ១៩៦២ ដោយផ្តល់ជ័យជម្នះ ឲ្យកម្ពុជាជាម្ចាស់កម្មសិទ្ធិ លើប្រាសាទព្រះវិហារ និង តំបន់ជុំវិញប្រាសាទព្រះវិហារនោះ៕
ដោយ ដើមអម្ពិល