មន្ត្រី​​ថៃ អំពាវ​នាវ​​ឲ្យ​​ប្រជាជន​​ខ្លួន​​គោរព​​ច្បាប់ ករណី​​សវនាការ​ICJ លើ​ប្រាសាទ​ព្រះវិហារ​


មន្ត្រីជាន់ខ្ពស់​របស់​ថៃ ជំរុញ​ឲ្យ​ប្រជាជន​ខ្លួន រស់នៅ​តាម​ព្រំដែន​កម្ពុជា​-​ថៃ រក្សា​​ភាព​​ស្ងៀម​ស្ងាត់ គោរព​​ការ​សម្រេច​​របស់​តុលាការ​​អន្តរ​ជាតិ​(ICJ) ដើម្បី​កេរ្តិ៍ឈ្មោះ​ល្អ​របស់​ប្រទេស​ថៃ លើ​ឆាក​អន្តរជាតិ​។​
រដ្ឋមន្ត្រី​ក្រសួង​អប់រំ​​ថៃ លោក Pongthep Thepkanchana លើក​ឡើង​​បែប​​នេះ ស្រប​ពេល​​លោក​នាយក​​រដ្ឋ​មន្ត្រី ហ៊ុន សែន កាល​ពី​​ថ្ងៃ​​​ព្រហស្បតិ៍ ម្សិល​មិញ​​​នេះ បាន​អំពាវនាវ​ឲ្យ​​ប្រជាពលរដ្ឋ​​កម្ពុជា រក្សា​ភាព​ស្ងប់​ស្ងាត់ ទាក់ទង​​នឹង​ជម្លោះ​ប្រាសាទព្រះវិហារ នៅ​ពេល​​ដែល​​កម្ពុជា និង​ថៃ ប្រឈមមុខគ្នា ក្នុង​សវនាការ​តុលាការ​យុត្តិធម៌​អន្តរជាតិ​ក្រុង​ឡាអេ​។​

លោក Pongthep Thepkanchana មានប្រសាសន៍​ក្នុង​កិច្ចសម្ភាសន៍​​ជាមួយ​កាសែត​បាង​កក​ប៉ុស្តិ៍​​ថា ថ្នាក់​ដឹកនាំ​​​ថៃ ជំរុញ​​ឲ្យ​ប្រជាជន​​​ខ្លួន​គោរព​ច្បាប់ និង​ចៀសវាង​​ការ​បង្កើត​​នូវ​​ស្ថាន​ការណ៍​​នានា ដែល​អាច​បង្ហាញ​ថា ថៃ​មិន​គោរព​ដំណើរការ​អង្គច្បាប់ ជា​ហេតុ​​នាំ​ឲ្យ​​មាន​​ភាព​​មិន​​ល្អ​​ដល់​​ប្រទេស​ខ្លួន​។​ លោក​​បញ្ជាក់​ថា ៖«​យើង​​គួរ​តែ​​ជួយ​​បង្កើត​​នូវ​​បរិយាកាស​​មួយ ដែល​បង្ហាញ​ថា ប្រជាជន​​ថៃ​គោរព​ច្បាប់ យើង​ធ្វើ​អ្វី​ដែល​ត្រឹមត្រូវ យើង​មិន​ឈ្លានពាន​ទឹកដី​ប្រទេស​ដទៃ​»​។​
លោក Pongthep Thepkanchana ក៏​បាន​អំពាវ​នាវ​​ឲ្យ​ប្រជាជន​ខ្លួន​តាម​ដាន​​សវនាការ​​តាម​​ប្រព័ន្ធ​​ ផ្សព្វ​ផ្សាយ​​ក្នុង​ស្រុក ដូច្នេះ​នឹង​ដឹង​ថា​​តើ​គណៈប្រតិភូ​ម​ថៃ នឹង​​ធ្វើ​អ្វី​​ឲ្យ​អស់​​ពី​​សមត្ថ​ភាព​។ លោក​បន្តថា ប្រទេស​ថៃ បាន​​រៀបចំ​​អ្វីៗ រួច​រាល់​​ហើយ ដោយ​មាន​អ្នក​ជំនាញ​​ច្បាប់ ដែល​​មាន​​បទ​ពិសោធន៍ និង​​ទទួល​ស្គាល់​​លើ​​ពិភព​លោក​។​
​គណៈប្រតិភូ​ថៃ នឹង​ចាកចេញ​ពី​ប្រទេស​ថៃ ទៅកាន់​តុលាការ​អន្តរជាតិ​ទី​ក្រុងឡាអេ​(ICJ) នៅ​ថ្ងៃ​សៅរ៍​ស្អែក​​នេះ ដើម្បី​​ចូល​រួម​សវនាការ បកស្រាយ​រឿងក្តី​ប្រាសាទ​ព្រះវិហារ ដែល​​មាន​​កម្ពុជា ជា​ដើមបណ្តឹង​។ មន្ត្រី​ទាំងនោះ រួមមាន រដ្ឋមន្ត្រី​ការបរទេស​ថៃ រដ្ឋមន្ត្រី​​ការពារជាតិ​ថៃ លេខា​រង​អចិន្ត្រៃយ៍​​របស់​​ក្រសួង​​ការពារជាតិ ប្រធាន​នាយកដ្ឋាន​កិច្ចការ​ព្រំដែន និង​រដ្ឋមន្ត្រី​ក្រសួង​អប់រំ​។​ប្រទេស​ថៃ នឹង​ផ្សាយ​ផ្ទាល់​សវនាការ​ICJ ជា​ភាសា​បារាំង អង់គ្លេស និង​ភាសា​ថៃ នៅលើ​គេហទំព័រ www.phraviharn.org លើ​ទូរទស្សន៍​NBT​​ប៉ុស្តិ៍​​លេខ​​១១ និង​ស្ថានីយ៍​វិទ្យុ​ចំនួន​​៣ សម្រាប់​ប្រជាជន​ខ្លួន។​
​កាលពី​ល្ងាច ថ្ងៃ​អង្គារ ទី​៩ ខែ​មេសា រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា លោក ហោ ណាំហុង បាន​ដឹកនាំ​គណៈប្រតិភូ​អ្នកជំនាញ​ច្បាប់ និង​អ្នកជំនាញ​ផែនទី​កម្ពុជា ទៅកាន់​តុលាការ​យុត្តិធម៌​អន្តរជាតិ​។ លោក ហោ ណាំហុង ប្រាប់​អ្នកសារព័ត៌មាន​ក្នុង​សន្និ​សីទ​កាសែត មុន​នឹង​ចាកចេញ​ថា ភាគី​កម្ពុជា នឹង​ទទួលបាន​ជោគជ័យ កម្ពុជា មាន​ឯកសារ​គ្រប់គ្រាន់​ទទួលស្គាល់​ជា​អន្តរជាតិ​ថា ប្រាសាទ​ព្រះវិហារ និង​ដី​ទំហំ ៤,៦​គីឡូម៉ែត្រ​ក្រឡា នៅ​ក្បែរ​ប្រាសាទ​នោះ ជា​កម្មសិទ្ធិ​របស់​ខ្មែរ​។​
​ភាគី​​​កម្ពុជា មាន​អ្នកជំនាញ​ច្បាប់ និង​អ្នកជំនាញ​ផែនទី​កម្ពុជា ទាំង​បរទេស និង​ជាតិ សរុប​​ចំនួន ១២​នាក់​។ តុលាការ ICJ នៅ​ទីក្រុង​ឡាអេ នឹង​បើក​សវនាកា​រលើ​សំណុំរឿង​​ប្រាសាទព្រះវិហារ ចាប់ពី​ថ្ងៃ​ទី​១៥ ដល់​ថ្ងៃ​ទី​១៩ ខែ​មេសា ឆ្នាំ​២០១៣ ចំ​ថ្ងៃ​ចូល​ឆ្នាំ​របស់​​កម្ពុជា និង​ថៃ​។ ICJ គ្រោង​នឹង​ប្រកាស​សាលដីកា​នៅ​ចុងឆ្នាំ​២០១៣​នេះ​៕ ប្រភពពី ​សំឡេងប្រជាធិបតេយ្យ VOD
Next PostNewer Post Previous PostOlder Post Home

About