រញ្ជួយដី សម្លាប់​មនុស្ស​រាប់​សិប​នាក់ នៅ​ស៊ីឈ័ន​ប្រទេស​ចិន

 

អាច​នឹង​មាន​ស្លាប់​ជា​ច្រើន​សិប​នាក់ និង​របួស​រាប់​រយ​នាក់ ក្នុង​គ្រោះ​រញ្ជួយ​ដី នៅ​ខេត្ត​ស៊ីឈ័ន កណ្តាល​អាធ្រាត្រ​យប់​មិញ ក្នុង​កំរិត ៦,៦​ គិត​តាម​មាត្រដ្ឋាន​រីស្ទែរ។ អាជ្ញាធរ​​ចិន ដែល​បាន​បង្ហាញ តួលេខ​បណ្តោះ​អាសន្ន ភ្លាម ថា​មាន​ស្លាប់​យ៉ាង​ហោច​ណាស់ ៥៦​នាក់ និង​របួស​ជាង​ប្រាំ​មួយ​រយ​នាក់ បាន​បញ្ជូន​កម្លាំង​យោធា​រាប់​ពាន់​នាក់​ទៅ​ជួយ​សង្គ្រោះ​ប្រជាជន​។
 

 តំបន់​ស៊ីឈ័ន​រង​គ្រោះ​រញ្ជួយ​ដី​ថ្ងៃ​ទី ២០​មេសា ថត​ពី​លើ​អាកាស​


៥​ឆ្នាំ​ក្រោយ​ការ​រញ្ជួយ​ដី​មរណៈ​ឆ្នាំ​២០០៨ ដែល​កាល​ណោះ​មាន​មនុស្ស​ស្លាប់​និង​បាត់​ខ្លួន ជាង​៨​ម៉ឺន​៧ពាន់​នាក់ យប់​មិញ​​តំបន់​ខ្ពង់​រាប​ទីបេ​​នៃ​​ខេត្ត​ស៊ីឈ័ន​ ​បាន​រង​គ្រោះ​រញ្ជួយ​ដី​ធ្ងន់ធ្ងរ​មួយ​ទៀត ក្នុង​កំរិត​ ៦,៦​នៃ​មាត្រដ្ឋាន​រីស្ទែរ។ អាគារ សំណង់​ចាស់ៗ ផ្ទះ​សម្បែង​ប្រជាជន​រាប់​សិប​ខ្នង​ដួល​រលំ​បាក់ ក្លាយ​ជា​​បំណែក​ថ្ម​តូចៗ ស្ទើរ​រាប​ស្មើ​ដី ! នេះ​បើ​យោង​តាម​រូប​ថត​​ថត​ពី​លើ​អាកាស​ក្រោយ​ហេតុការណ៍​រញ្ជួយ​ដី​ភ្លាម។

ស្រទាប់​​រញ្ជួយ​ស្ថិត​នៅ​ក្រោម​ដី​តែ​១២​គីឡូម៉ែត្រ​តែ​ប៉ុណ្ណោះ ទើប​គ្រោះ​ថ្នាក់​ដូច​ជា​មិន​សូវ​ធ្ងន់ធ្ងរ​ខ្លាំង ប៉ុន្តែ​ព្រះ​ធរណី​បាន​រញ្ជួយ​ អង្រួន​ដល់​​​ក្រុង​ឆងឌូ របស់​ស៊ីឈ័ន​និង​ខេត្ត​ចុងឈឹង​ជិត​ខាង ទៅ​ដាស់​បណ្តា​ជន​ស៊ីឈ័ន​ដែល​ភាគ​ច្រើន​កំពុង​លង់លក់​ ឱ្យ​ភ្ញាក់​រត់​ប្រផាប់ប្រផីង។

​ស៊ីឈ័ន ជា​ខេត្ត​មាន​បណ្តា​ជន​រស់​នៅ​ច្រើន​ជាង​គេ​បំផុត​មួយ​របស់​ចិន និង​ស្ថិត​នៅ​តំបន់​ងាយ​រញ្ជួយ​ដី ហេតុ​ដូច្នេះ​ហើយ​ទើប​លោក​ប្រធានាធិបតី​ចិន​ថ្មី ស៊ីជីនពីង បាន​ស្នើ​សុំ​ឱ្យ​អាជ្ញាធរ​គ្រប់​ជាន់​ថ្នាក់​រួម​គ្នា​ជួយ​សង្គ្រោះ។ ចំណែក​នាយក​រដ្ឋមន្ត្រី លោក លី ឃឺឈាំង បាន​ប្រកាស​ថា​នឹង​អញ្ជើញទៅ​កាន់​តំបន់​រងគ្រោះ​ដោយ​ផ្ទាល់​។​ ទាហាន​ប្រមាណ​ជាង​២០០០​នាក់ ត្រូវ​បញ្ជូន​ជា​បន្ទាន់​ទៅ​ធ្វើ​ប្រតិបត្តិការ​​សង្គ្រោះ​ បន្ថែម​លើកម្លាំង​​ដែល​នឹង​កន្លែង​ស្រាប់ ដើម្បី​ជួយ​ប្រជាជន និង​និស្សិត ដែល​កំពុង​ជាប់កុន​ក្នុង​បំណែក​អាគារ។ សំណង់ អាគារ នៅ​តាម​តំបន់​ជនបទ​ចិន​ល្បី​ខាង​​​មាន​គុណភាព​អន់​ មិន​គោរព​តាន​​បទដ្ឋាន​សុវត្ថិភាព​ប្រឆាំង​នឹង​គ្រោះ​រញ្ជួយ​ដី៕ប្រភពពី (RFI)
Next PostNewer Post Previous PostOlder Post Home

About