ពន្យល់សង្ខេប​សំណុំរឿង​បកស្រាយ​សាលក្រម​ឆ្នាំ១៩៦២ នៅ​តុលាការ​ក្រុងឡាអេ

 
មួយសប្តាហ៍ក្រោយ ពី​សវនាការ នៅ​តុលាការ​ក្រុងឡាអេ ត្រូវ​បិទបញ្ចប់ នៅតែ​មាន​អ្នកស្តាប់​របស់​យើ់ងជាច្រើន​បាន​ចោទជា​សំណួរ ជុំវិញ​ដំណើរក្តីនេះ។ នៅ​ក្នុង​នាទីយល់ដឹង​ពីច្បាប់ របស់​យើង នៅថ្ងៃ​នេះ សេង ឌីណា នឹង​ឆ្លើយបំភ្លឺឡើងវិញ ជុំវិញ​សំណួរ​ទាំងនេះ។

  សវនាការ​នៅ​តុលាការ​ក្រុងឡាអេ ដើម្បី​ជំនុំជម្រះ​បណ្តឹង​សុំបកស្រាយ​សាលក្រម​ឆ្នាំ​១៩៦២
សវនាការ​នៅ​តុលាការ​ក្រុងឡាអេ ដើម្បី​ជំនុំជម្រះ​បណ្តឹង​សុំបកស្រាយ​សាលក្រម​ឆ្នាំ​១៩៦២

សំណួរ-តើ​​នៅ​ក្នុង​ក្តីក្តាំ នៅ​តុលាការ​ក្រុងឡាអេ នៅពេលនេះ តុលាការ​​អាច​ចេញសេចក្តីសម្រេច ដែល​នាំ​ឲ្យ​កម្ពុជា​បាត់បង់​ព្រះវិហារ​ទៅថៃ​វិញ​ដែរ​ឬទេ?
ក្នុងក្តីក្តាំ នៅពេលនេះ តុលាការ​ក្រុងឡាអេ​មិន​អាច​សើរើ កាត់ក្តី​លើ​ប្រាសាទ​ព្រះវិហារ​ឡើងវិញ​បានទេ ពីព្រោះ​វាជា​​បណ្តឹង​សុំ​បកស្រាយសាលក្រម មិនមែន​ជា​​បណ្តឹង​សុំ​ឲ្យ​ សើរើ​សំណុំរឿង​ព្រះវិហារ​ឡើងវិញទេ។ អ្វី​ដែល​តុលាការ​បាន​សម្រេច​រួចហើយ កាល​ពី​ឆ្នាំ​១៩៦២ តុលាការ​មិន​អាច​ផ្លាស់ប្តូរ​ឡើងវិញ​បាន​ទេ គឺ​អាច​ត្រឹមតែ​បកស្រាយ ពន្យល់ បំភ្លឺ ទៅលើ​អត្ថន័យ និង​វិសាលភាព នៃ​សេចក្តីសម្រេច ឆ្នាំ​១៩៦២​នេះ​ប៉ុណ្ណោះ។

សាលក្រម​កាលពីឆ្នាំ​១៩៦២ បាន​សម្រេច​ថា ប្រាសាទ​ព្រះវិហារ​ស្ថិត​នៅលើ​ទឹកដី​កម្ពុជា​រួចទៅហើយ។ នៅ​ក្នុង​សារណា​ជាលាយលក្ខណ៍អក្សរ ទាំង​ក្នុង​ពេល​ឆ្លើយបំភ្លឺ​ផ្ទាល់មាត់ ភាគី​ថៃ​ក៏​បាន​បញ្ជាក់ម្តងហើយ ម្តងទៀត​ដែរ ថា ថៃ​ទទួលស្គាល់​ច្បាស់លាស់​ថា តុលាការ​ពិត​ជា​បាន​ប្រគល់​ប្រាសាទ​ព្រះវិហារ​ទៅ​ឲ្យ​កម្ពុជា​មែន ទាំង​តួប្រាសាទ និង​ទាំងដី នៅ​ក្រោម​ប្រាសាទ។ អ្វី​ដែល​ជា​ចំណុច​ចម្រូងចម្រាស នៅ​ពេលនេះ មិនមែន​រឿង​ប្រាសាទ​ព្រះវិហារ​ទេ គឺ​រឿង​ដី ដែល​ខាង​ភាគី​ថៃ តែងតែ​ឲ្យឈ្មោះ​ថា ដី ៤,៦​គីឡូម៉ែត្រ​ក្រឡា នៅ​ជុំវិញ​ប្រាសាទ។

ដូច្នេះ មិនថា តុលាការ​សម្រេច​ថា យ៉ាងម៉េច​ទេ... បកស្រាយ​សាលក្រម ឬ​មិនបកស្រាយ ហើយ​បើ​បកស្រាយ ទោះជា​បកស្រាយ​យ៉ាងម៉េច​ក៏​ដោយ ក៏​មិន​អាច​កាត់​ប្រាសាទ​ព្រះវិហារ​ឲ្យ​ទៅ​ថៃ​វិញ​បាន​ដែរ។

កុំថាឡើយ​តួប្រាសាទ​ព្រះវិហារ សូម្បីតែ​ដីជុំវិញ​ប្រាសាទ ដែល​ថៃ ហៅថា ដី ៤,៦​គីឡូម៉ែត្រ​ក្រឡា​នេះ ក៏​តុលាការ​ក្រុងឡាអេ មិន​អាច​ធ្វើការ​បកស្រាយ​ ឲ្យ​ទៅ​ថៃ​បានដែរ ពីព្រោះ នៅ​ក្នុង​សាលក្រម ឆ្នាំ​១៩៦២ មិនមាន​ចំណុច​ណាមួយ ពាក្យណាមួយ ឃ្លាណាមួយ ដែល​និយាយ​ថា ដីជុំវិញ​ប្រាសាទ​ត្រូវ​បានទៅថៃ​នោះទេ។

ទាក់ទង​នឹង​ដី​ជុំវិញ​ប្រាសាទ​នេះ
  • ឬ​មួយតុលាការ​បកស្រាយ​ថា សាលក្រម​ឆ្នាំ​១៩៦២ បាន​សម្រេច​ច្បាស់លាស់​ថា​ជា​ដី​ខ្មែរ
  • ឬមួយ​ តុលាការ​បកស្រាយ​ថា សាលក្រម​ឆ្នាំ​១៩៦២ មិនបាន​សម្រេច​ឲ្យទៅ​ខាងណា មានន័យថា ត្រូវ​នៅ​ជា​ជា​ដីជាប់ជម្លោះ។
សំណួរ-តើ​នៅ​ក្នុង​សាលក្រម​ឆ្នាំ​១៩៦២នេះ ​កម្ពុជា​ស្នើសុំ​ឲ្យ​បកស្រាយ​ចំណុច​ណាមួយ​ពិតប្រាកដ?
 
ចំណុច ​ដែល​កម្ពុជា​ស្នើសុំ​ឲ្យ​តុលាការ​បកស្រាយ បើនិយាយ​ជាភាសាសាមញ្ញ គឺ​ទាក់ទង​នឹង​​ពាក្យថា “តំបន់ជុំវិញ​ប្រាសាទ” ដែល​មានចែង នៅ​ក្នុង​ចំណុចទី២ នៃ​សេចក្តីសន្និដ្ឋាន​ (Dispositif) ក្នុង​សាលក្រម​ឆ្នាំ​១៩៦២។

យើងដឹង​ហើយថា នៅ​ក្នុងសាលក្រម​ឆ្នាំ​១៩៦២ តុលាការ​ក្រុងឡាអេ​បាន​សម្រេច
ត្រង់ចំណុច​ទីមួយថា “ប្រាសាទព្រះវិហារ​ស្ថិត​នៅ​ក្នុង​ទឹកដី ដែល​នៅ​ក្រោម​អធិបតេយ្យភាព​របស់​កម្ពុជា”។ ដូច្នេះ ត្រង់ចំណុចទី២ តុលាការ​តម្រូវ​ឲ្យ​ថៃ ដកកងកម្លាំង​ប្រដាប់អាវុធ​ទាំងអស់ ទាំង​ទាហាន ទាំង​នគរបាល ទាំងឆ្មាំព្រំដែន ដែលថៃ​ដាក់​ឲ្យ​ឈរជើង នៅ​ក្នុង​ប្រាសាទព្រះវិហារ “ឬនៅ​ក្នុង​តំបន់​ជុំវិញ​ប្រាសាទ ដែលស្ថិត​នៅ​ក្នុង​ទឹកដី​កម្ពុជា”។ គឺ​ពាក្យថា “នៅក្នុង​តំបន់​ជុំវិញប្រាសាទ ដែលស្ថិត​នៅ​ក្នុង​ទឹកដី​កម្ពុជា” នេះ​ហើយ ដែល​កម្ពុជា​ សុំ​ឲ្យ​តុលាការ​ក្រុងឡាអេ​បកស្រាយ​ ដើម្បី​បញ្ជាក់​ឲ្យ​បាន​ច្បាស់លាស់​ថា “តំបន់​ជុំវិញប្រាសាទ ដែល​ស្ថិត​នៅ​ក្នុង​ទឹកដី​កម្ពុជា”​នេះ មានន័យថា ពី​ណា ទៅដល់​ណា? ហើយ​កម្ពុជា​បាន​ស្នើ​សុំ​ឲ្យ​តុលាការ​ធ្វើការ​​បកស្រាយត្រង់ចំណុចនេះ ដោយ​យោងទៅលើ​​​ខ្សែបន្ទាត់​ព្រំដែន នៃ​ផែនទី​ឧបសម្ព័ន្ធទីមួយ ដែល​តុលាការ​សម្រេច​យក​មក​ធ្វើ​ជា​​សំអាង ហើយ​ដែល​នៅ​ក្នុង​សេចក្តីសំអាង (Motif) នេះ តុលាការ​បាន​បញ្ជាក់​ច្បាស់ថា ផែនទី​ឧបសម្ព័ន្ធទី១​នេះ គឺ​ជា​ផែនទី ដែល​ភាគីទាំង២ គឺ​កម្ពុជា និង​ថៃ បាន​ទទួល​ស្គាល់​​រួចហើយ ដូច្នេះ វាជា​ផែនទី ដែល​​មាន​សុពលភាព​ខាង​ផ្លូវច្បាប់ អាច​ឲ្យ​តុលាការ​យក​មក​ធ្វើ​ជា​សំអាង ក្នុងការ​កាត់ក្តី​រឿងព្រះវិហារ​នេះបាន។

កម្ពុជា​បាន​ប្រាប់​ទៅ​តុលាការ​ថា សម្រាប់​ភាគីកម្ពុជា ការ​ដែល​តុលាការ​សម្រេច​ថា ប្រាសាទ​ព្រះវិហារ​ស្ថិត​នៅ​ក្នុង​ទឹកដី​កម្ពុជា ហើយ​តម្រូវ​ឲ្យ​ដក​កងកម្លាំង​ប្រដាប់អាវុធ​ចេញ​ទាំង​ពី​ក្នុង​បរិវេណ​ ប្រាសាទ និង​ទាំងពី​ក្នុង​តំបន់​ជុំវិញ​ប្រាសាទ គឺ​មានន័យ​ថា តុលាការ​សម្រេច​ឲ្យ​មក​កម្ពុជា​ទាំង​តួប្រាសាទ និង​ទាំង​តំបន់​ជុំវិញ​ប្រាសាទ រហូតទៅដល់​ខ្សែបន្ទាត់​ព្រំដែន ដែល​មាន​នៅលើ​ផែនទី​ឧបសម្ព័ន្ធ​ទី១។

គួរបញ្ជាក់ថា ផែនទី​ “ដងរែក” ដែល​ត្រូវ​បាន​គេ​ហៅ​តរហូតមក​​ថា​ជា ផែនទី “ឧបសម្ព័ន្ធទី១” នេះ មិនមែន​ជា​ឧបសម្ព័ន្ធដែល​ភ្ជាប់​នឹង​សាលក្រម​ឆ្នាំ​១៩៦២​ទេ ប៉ុន្តែ ជា​ឧបសម្ព័ន្ធ​ដែល​ភ្ជាប់​ទៅនឹង​សារណា​របស់​កម្ពុជា។

សំណួរ-នៅ​ក្នុង​ការ​តទល់គ្នា​នៅ​តុលាការ​ក្រុងឡាអេ​នេះ គេ​សង្កេតឃើញ​ថា ភាគី​ថៃ​ហាក់ដូចជា​បាន​បង្ហាញ​នូវ​ទឡ្ហីករណ៍ និង​ភស្តុតាង​ច្រើន​ជាង​កម្ពុជា ទាំង​នៅ​ក្នុង​សារណា​លាយលក្ខណ៍​អក្សរ និង​ទាំង​នៅ​ក្នុង​ ការឡើងឆ្លើយបំភ្លឺ​ផ្ទាល់មាត់ នៅ​ក្នុង​សវនាការ កាល​ពី​សប្តាហ៍មុន។ ជាពិសេស ក្រុមមេធាវី​របស់​ថៃ​បាន​លើកបង្ហាញ​នូវ​ផែនទី​ជាច្រើន​ផ្ទាំង ចំណែក​កម្ពុជា​វិញ សំអាង​តែទៅលើ​ផែនទីឧបសម្ព័ន្ធទី១។ តើ​នេះ​អាច​ធ្វើ​ឲ្យ​កម្ពុជា​ចាញ់​ប្រៀបថៃ​ដែរឬទេ?
 
យើងឃើញ​ថា ភាគីថៃ ពិតជា​បាន​លើក​ព្យាយាម​លើក​បង្ហាញ​ផែនទី រូបថត និង​ទឡ្ហីករណ៍​ច្រើន​វែង​អន្លាយ​មែន ទាំង​នៅ​ក្នុង​សារណា​ជាលាយលក្ខណ៍​អក្សរ និង​ក្នុង​ពេល​ឡើងឆ្លើយបំភ្លឺ​ផ្ទាល់មាត់ ក្នុង​សវនាការ។ សារណាជាលាយលក្ខណ៍អក្សរ​ទាំង ២​របស់​ថៃ បើ​រាប់ទៅ​មាន​ប្រហែល​ជា ៦០០​ទំព័រ ហើយ​បើ​បូក​ជាមួយ​ឧបសម្ព័ន្ធទៀត សរុបទៅ រាប់ពាន់​ទំព័រ។

នៅ​ក្នុង​សវនាការ​ផ្ទាល់មាត់​ ក៏​អ៊ីចឹង​ដែរ មេធាវី​ថៃ ជាពិសេស គឺ​មេធាវី​ស្រី ជនជាតិ​រូម៉ានី ឈ្មោះ Alina Miron ដែល​ឥឡូវ​កំពុង​តែ​ក្លាយ​ជា​តារាល្បី នៅថៃ ក៏​បាន​លើកបង្ហាញ​នូវ​ផែនទី​ជាច្រើន​ផ្ទាំងដែរ។

ក៏ប៉ុន្តែ ការលើកបង្ហាញ​នូវ​ផែនទី​យ៉ាងច្រើន​នេះ ប្រហែល​ជា​អាច​ធ្វើ​ឲ្យ​​ប្រជាជន​ថៃ​សប្បាយចិត្ត ប៉ុន្តែ ចំពោះ​មុខ​ចៅក្រម​ វា​មិន​ប្រាកដ​ថា​ អាច​ជួយ​ឲ្យ​ថៃ​មាន​ប្រៀប​ជាង​ខ្មែរ​ទេ។ ភស្តុតាង ផែនទី​ច្រើន​មែន ប៉ុន្តែ ត្រូវ​សួរ​ថា តើ​ផែនទី​ទាំងអស់​នេះ វា​ត្រូវ​នឹង​សំណុំរឿង​ដែរ​ឬ​អត់? ដូចជា​ខ្ញុំ​បាន​រំឭក បញ្ជាក់ ឡើង​ខាងលើរួច​ហើយ​ថា សំណុំរឿងនៅ​តុលាការ​ក្រុងឡាអេ​ពេលនេះ គឺ​ជា​បណ្តឹង​សុំ​បកស្រាយ​សាលក្រម មិនមែន​ជា​បណ្តឹង​សុំ​សើរើ​សំណុំរឿង​ព្រះវិហារ ដើម្បី​ធ្វើការ​ជំនុំជម្រះ​ឡើងវិញ​ទេ។

បើយើងពិនិត្យ​មើល​ទៅលើ​ផែនទី ដែល​ថៃ​បាន​លើកឡើង​យក​មក​បង្ហាញ​ចៅក្រម យើងអាច​ចែក​ជាពីរ​ក្រុមធំៗ៖

ទីមួយ គឺ​ផែនទី​ជាច្រើន​ផ្ទាំង ដែល​មាន​ភ្ជាប់​នឹង​សំណុំរឿង​ព្រះវិហារ តាំង​ពី​ឆ្នាំ​១៩៦២ ដែល​ថៃ​ចង់​បង្ហាញ​ថា ផែនទីទាំងអស់​នេះ មាន​ខ្សែបន្ទាត់​ព្រំដែន​ខុសគ្នា ហើយ​បន្ទាត់​ព្រំដែន​ទាំងអស់នេះ ក៏​មិន​បាន​គូស​ត្រូវ​ទៅតាម​ក្បួនខ្នាត​អ្វី​ត្រឹមត្រូវ​ដែរ ប៉ុន្តែ វា​សុទ្ធតែ​បង្ហាញ​ថា ប្រាសាទ​ព្រះវិហារ​ស្ថិត​នៅលើ​ទឹកដី​កម្ពុជា។

ថៃលើក​បង្ហាញ​បែបនេះ ពីព្រោះ ខាងកម្ពុជា​បាន​សុំ​ឲ្យ​តុលាការ​បកស្រាយ​សាលក្រម ដោយ​យោងទៅលើ​ផែនទីឧបសម្ព័ន្ធទី១ ដោយ​កម្ពុជា​លើក​ហេតុផល​ថា ផែនទីឧបសម្ព័ន្ធទី១​នេះ គឺ​ជា​សេចក្តីសំអាង (Motif) សំខាន់ និង​ចាំបាច់ ដែល​មិន​អាច​កាត់ផ្តាច់​បាន​ពី​សេចក្តីសន្និដ្ឋាន (Dispositif) នៃ​សាលក្រម​ឆ្នាំ​១៩៦២។

ថៃវិញ ​ចង់​បញ្ជាក់​ថា ការដែល​តុលាការ​ក្រុងឡាអេ​​ សម្រេច​ថា ប្រាសាទ​ព្រះវិហារ ស្ថិត​នៅ​ក្នុង​ទឹកដី​កម្ពុជា កាល​ពី​ឆ្នាំ​១៩៦២ មិនមែន​សំអាង​តែ​ទៅលើ​ផែនទី​ឧបសម្ព័ន្ធទី១ នេះ​មួយទេ គឺ​មាន​ផែនទី និង​មាន​ភស្តុតាង​ជាច្រើន​ផ្សេងទៀត។ ដូច្នេះ ការ​សំអាង​ទៅលើ​ផែនទី​ឧបសម្ព័ន្ធទី១ គ្រាន់តែ​ជា​ការ​សំអាងមួយ ក្នុង​ចំណោម​ភស្តុតាង​ជាច្រើន​ផ្សេងទៀត មិនមែន​ជា​ការសំអាង​ចាំបាច់ ដែល​មិន​អាច​កាត់ផ្តាច់បាន ពី​សេចក្តីសន្និដ្ឋាន​ (Dispositif) ដូចការ​លើកឡើង​របស់​កម្ពុជា​នោះទេ។

បើស្តាប់​មួយភ្លែតទៅ អ្វី​ដែល​ថៃ​លើកឡើង​នេះ ហាក់ដូចជា​សមហេតុសមផល​ម្យ៉ាងដែរ។ គ្រាន់តែ​ថា បើ​គេពិនិត្យ​ឲ្យ​ម៉ត់ចត់ទៅ យុទ្ធសាស្រ្ត​នេះ​​វា​ចោទ​ជា​បញ្ហា​ធំមួយ គឺ​នៅត្រង់​ថា ផែនទី ដែល​ថៃ​លើក​បង្ហាញ​ទាំងអស់នេះ គ្រាន់តែ​ជា​​​ផែនទី ដែល​ថៃ​ខ្លួនឯង​បាន​ដាក់​ជូន​ទៅ​​តុលាការក្រុងឡាអេ កាល​ពី​​ឆ្នាំ​១៩៦២។ ប៉ុន្តែ នៅ​ក្នុង​សាលក្រម​ឆ្នាំ​១៩៦២ តុលាការ​មិនបាន​​យក​ផែនទី​ទាំងអស់នេះ​មក​ធ្វើ​ជា​សំអាង​ទេ គឺ​សំអាង​ទៅលើ​ផែនទីឧបសម្ព័ន្ធ​ទី១។ ដូច្នេះ សរុបមកវិញ ផែនទី ដែល​គូភាគី​ដាក់​ជូនទៅតុលាការ​មាន​ច្រើន​មែន ក៏ប៉ុន្តែ តុលាការ​សម្រេច​យក​តែ​ផែនទីមួយ គឺ​ផែនទីឧបសម្ព័ន្ធទី១ មក​ធ្វើ​ជា​សំអាង (Motif) ដូច្នេះ ផែនទីឧបសម្ព័ន្ធទី១​នេះ នៅតែអាច​ចាត់ទុក​ថា​​ជា​ Motif សំខាន់ និង​ចាំបាច់ ដែល​មិន​អាច​កាត់ផ្តាច់​បាន​​ពី Dispositif ។ ចំណុច​នេះ យើងឃើញ​ថា ក្រុមមេធាវី​ខាង​កម្ពុជា ក៏​បាន​ឆ្លើយ​បក​ទៅថៃ​វិញ​​ដែរ នៅ​ក្នុង​សវនាការ​​ជុំទី២។

ផែនទី​មួយ​ចំនួន​ផ្សេងទៀត ដែល​ថៃ​បាន​ដាក់ជូន​ទៅ​តុលាការ​ក្រុងឡាអេ​ ក្នុង​បណ្តឹង​សុំ​បកស្រាយ​សាលក្រម​នេះ​ដែរ គឺ​ផែនទី ដែល​ថៃ​ចង់​បង្ហាញ​ថា ខ្សែបន្ទាត់ព្រំដែន ដែល​ត្រឹមត្រូវ រវាង​កម្ពុជា និង​ថៃ គឺ​ខ្សែបន្ទាត់​ព្រំដែន ដែល​ត្រូវ​គូស​តាម​ “បន្ទាត់​បែងចែក​ខ្សែទឹក” មិនមែន​បន្ទាត់ព្រំដែន នៅលើ​ផែនទី​ឧបសម្ព័ន្ធទី១​នោះទេ។ និយាយ​ឲ្យ​ចំ គឺ​ជា​ហេតុផល​ដដែល ដូចដែល​ថៃ​ធ្លាប់បាន​លើកឡើង នៅ​មុខ​តុលាការ​ក្រុងឡាអេ កាល​ពី​៥០ឆ្នាំ​មុន។ប្រភពពី (rfi)
 
Next PostNewer Post Previous PostOlder Post Home

About