រីយូ ឌឺ ចេនេរ៉ូ៖ អាជ្ញាធរក្នុងតំបន់ បាននិយាយថា កាលពីថ្ងៃសុក្រ ទី២៦ ខែមេសា យន្តហោះខ្នាតតូចមួយគ្រឿង បានធ្លាក់នៅទីក្រុង បេឡេម ភាគខាងជើង ប្រទេសប្រេស៊ីល បណ្តាលឲ្យអ្នកដំណើរម្នាក់ស្លាប់ និង០៧នាក់ទៀត រងរបួស។
យោងតាមទីភ្នាក់ងារ ព័ត៌មានចិន ស៊ិនហួ បានឲ្យដឹងនៅថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០១៣ថា យន្តហោះដែលធ្លាក់នោះ ជាប្រភេទយន្តហោះ ម៉ាស៊ីនមួយ គំរូ សេណា ២១០L ធ្វើដំណើរពីទីក្រុង ឆាវិស កោះ ម៉ារ៉ាចូ ទៅទីក្រុង បេឡេម រដ្ឋ ប៉ារ៉ា ហើយបានធ្លាក់នៅផ្លូវមួយ កណ្តាលក្រុង នៅពេលយន្តហោះនោះ រៀបចំចុះចត នៅអាកាសយាន្តដា្ឋន ប្រីហ្គាដេរ៉ូ ប្រូតាស៊ីអូ ក្នុងទីក្រុង បេឡេម។
អាជ្ញាធរបាននិយាយថា នៅក្នុងឧប្បតិហេតុធ្លាក់នោះ បណ្តាលឲ្យផ្នែកខាងឆ្វេង នៃយន្តហោះ ខូចខាតទំាងស្រុង បង្កឲ្យរងរបួសអ្នកដំណើរទំាងអស់ ០៨នាក់ រួមទំាងអ្នកបើកយន្តហោះម្នាក់ផងដែរ និងត្រូវបានគេបញ្ជូនទៅកាន់ មន្ទីរពេទ្យនៅដែលនៅជិតនោះ ប៉ុន្តែជាអកុសលអ្នកដំណើរម្នាក់ជាស្រ្តី អាយុ ២០ឆ្នាំ ក្នុងចំណោម ០៨នាក់នោះ បានស្លាប់ពេលបញ្ជូន មកដល់មន្ទីរពេទ្យ។
អាជ្ញាធរបានបន្តថា ឧប្បតិហេតុបណ្តាលឲ្យ យន្តហោះនេះធ្លាក់ គឺកំពុងស្ថិតក្រោមការ ស៊ើបអង្កេតនៅឡើយ៕ ប្រែសម្រួល៖ ដើមអម្ពិល