មន្រ្តីនគរបាលចរាចរណ៍ ជើងគោក រាជធានីភ្នំពេញ ដែលបានចុះទៅត្រួតពិនិត្យ នៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ មានរថយន្តលុច្សស៊ីស RX-300 មួយគ្រឿងពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2G-3808 បានធ្វើដំណើរ ក្នុងទិសដៅពីត្បូងទៅជើង លុះដល់ចំណុច កើតហេតុ ត្រង់ផ្លូវកែង ខាងត្បូង នឹងស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ ស្រាប់តែបានបុកម៉ូតូមួយគ្រឿង ម៉ាកសេ១២៥ ស៊េរី២០០៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ស្ពឺ1B-4996 បណ្តាលឲ្យស្រ្តីជាអ្នកបើក ស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ រីឯអ្នកជិះពីក្រោយ រងរបួសធ្ងន់ បាក់ភ្លៅ ត្រូវបានដឹកបញ្ជូន ទៅកាន់មន្ទីរពេទ្យ។
បើតាមសមត្ថកិច្ច គ្រោះថ្នាក់ចរាចរនេះ បណ្តាលឲ្យនារីឈ្មោះ ម៉ន ស្រីណា អាយុ ២០ឆ្នាំ រស់នៅផ្ទះលេខ២៣ សង្កាត់-ខណ្ឌដង្កោ បានស្លាប់បាត់បង់ជីវិត។ ដោយអ្នករួមដំណើរ ឈ្មោះ ខន មុំ មានអាយុ ២០ឆ្នាំ រស់នៅភូមិស្នាមពុក ឃុំវាលពង់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ រងរបួសធ្ងន់។
ដោយឡែក អ្នកបើករថយន្តដែល ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួនបាន មានឈ្មោះ ហុង ណេន អាយុ២៧ឆ្នាំ មានស្រុកកំណើតនៅ ភូមិក្បាលរមាស ឃុំអន្លង់វិល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។ ក្រោយកើតហេតុ ទាំងម៉ូតូ និងរថយន្ត ត្រូវបានសមត្ថកិច្ច យកទៅរក្សាទុក នៅការិយាល័យ ចរាចរណ៍ជើងគោក ដើម្បីដោះស្រាយបន្ត៕ដោយ៖ ដើមអម្ពិល-