ឆក់កាបូបស្ដ្រី ជនជាតិជប៉ុន អស់លុយ ជាង៤ពាន់ដុល្លារ និង សម្ភារៈផ្សេងទៀត

ភ្នំពេញ  ៖ ស្ដ្រីជនជាតិជប៉ុន មានមុខ របរជាអង្គការក្រៅ រដ្ឋាភិបាលម្នាក់ ត្រូវបាន ចោរឆក់កាបូបយក អស់ជាង៤ពាន់ដុល្លារ ព្រមទាំងទ្រព្យសម្បត្ដិ និងសម្ភារៈមួយចំនួន ទៀត នៅក្នុងកាបូបនោះ។
ហេតុការណ៍នេះ បានកើតឡើងកាលពី វេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី២៧ ខែ មេសា ឆ្នាំ២០១៣ នៅតាមបណ្ដោយផ្លូវ ២០០៤ ខាងមុខសាលាណតប្រ៊ីត សង្កាត់ ទឹកថ្លា ខណ្ឌសែនសុខ ។
មន្ដ្រីនគរបាលប៉ុស្ដិ៍ទឹកថ្លា ដែលទទួល ពាក្យបណ្ដឹងពីស្ដ្រីរងគ្រោះ បានឱ្យដឹងថា មុនពេលកើតហេតុ ស្ដ្រីជនជាតិជប៉ុន វ័យ៣៨ ឆ្នាំរូបនេះ ដែលបម្រើការងារនៅ អង្គការសាយបាយសាយ បានធ្វើដំណើរតាម ម៉ូតូកង់បី ចេញពីផ្ទះរបស់ខ្លួនម្ដុំទួលទំពូង ឆ្ពោះទៅកន្លែងធ្វើការ ។ ពេលស្ដ្រីរងគ្រោះ ធ្វើដំណើរដល់ចំណុច កើតហេតុខាងលើ ស្រាប់តែលេចមុខជនសង្ស័យម្នាក់ ជិះម៉ូតូ ម៉ាកវីវ៉ា ពណ៌ខ្មៅ មួយគ្រឿង មិនចាំស្លាក លេខ គ្រាន់តែដឹងថា លេខដំបូង គឺ 1M ធ្វើ សកម្មភាព ឆក់កាបូបពីស្ដ្រីរងគ្រោះគេចខ្លួន បាត់ដោយសុវត្ថិភាព ។
បើតាមស្ដ្រីរងគ្រោះនៅក្នុងកាបូប ក្រៅ ពីលុយជាង៤ពាន់ដុល្លារ នៅមានទ្រព្យសម្បត្ដិ និងសម្ភារៈមួយចំនួនទៀត ដូចជាទូរស័ព្ទ ចំនួន២គ្រឿង លិខិតឆ្លងដែនមួយ លេខ PH ៨១៦៧៤០០ និងកាតអេធីអឹមផងដែរ។
ស្ដ្រីរងគ្រោះរូបនេះ បានចូលមកប្រទេស កម្ពុជា កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៣ ។
យ៉ាងណាក៏ដោយ ក្រោយកើតហេតុ កម្លាំងនគរបាល បន្ទាប់ពីទទួលពាក្យបណ្ដឹងពីស្ដ្រីរងគ្រោះ បានសន្យាថា នឹងបន្ដធ្វើការស្រាវជ្រាវ ស្វែងរកចោរឆក់ខាងលើនេះ។
មន្ដ្រីនគរបាលមួយរូប បានឱ្យដឹងថា ក្រោយពីមានសកម្មភាពឆក់ ជាពិសេសកើត ឡើងលើជនបរទេសនោះ ស្នងការនគរបាល រាជធានីភ្នំពេញ លោកឧត្ដមសេនីយ៍ ជួន សុវណ្ណ បានបញ្ជាឱ្យកម្លាំងនគរបាល តាម បណ្ដាលគោលដៅជិះតាមពីក្រោយជនបរទេស ដែលជិះម៉ូតូកង់បី និងម៉ូតូឌុបជាដើម។ដោយ៖ ដើមអម្ពិល
Next PostNewer Post Previous PostOlder Post Home

About