តុលាការ​សម្រេច​តម្កល់​រឿង​ទុក​ឥត​ចាត់ការ​លើ​បណ្ដឹង​របស់​យាយ​ក្រពើ ​ប្ដឹង​ប្រឆាំង​នឹង​ឯកឧត្ដម​ កែប ​ជុតិមា

ភ្នំពេញ ៖ នៅ​ទីបំផុត​ លោក​ព្រះរាជ​អាជ្ញា​រង​ មាស​ ច័ន្ទ​ពិសិដ្ឋ​ តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ បាន​សម្រេច​តម្កល់​រឿង​ទុក​ឥត​ចាត់ការ​លើ​បណ្ដឹង​ ចុះ​ថ្ងៃ​ទី​១៨​ខែមីនា​ឆ្នាំ​២០១៣​ របស់​ឈ្មោះ​ ឈិ​ន​ សុ​គ​ន្ធា​រី​ ភេទ​ស្រី​ ហៅ​យាយ​ក្រពើ​ ប្រធាន​ក្រុមប្រឹក្សា​ភិ​បាល​ក្រុមហ៊ុន​ឡា​យី​ម៉ិច​ ហូល​ឌី​ង​ គ្រុប​ ដែល​បាន​ប្ដឹង​ប្រឆាំង​នឹង​ ឯកឧត្ដម ​កែប​ ជុតិមា​ អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​ និង​គូកន​ ទាម​ទារជំងឺចិត្ដ​ចំនួន​១០០​លាន​ដុល្លារ​អា​មេ​រិ​ក​ ពី​បទ​ប្រើ​អំណាច​ដោយ​ចេតនា​ ដកហូត​យក​ដី​របស់​ខ្លួន​ចំនួន​ជាង​៣៤​ហិ​កតា​ ឋិត​នៅ​សង្កាត់​ភ្នំពេញ​ថ្មី​ ខណ្ឌ​សែន​សុខ​ រាជធានី​ភ្នំពេញ​ តាម​ដីកា​ សម្រេច​លេខ​៣៣៦​អយ​ឆ​ ចុះ​ថ្ងៃ​ទី​០៩​ខែមេសា​ឆ្នាំ​២០១៣​ របស់​អយ្យការ​អម​សាលាដំបូង​រាជធានី​ ភ្នំពេញ​ ។​
​ការ​សម្រេច​តម្កល់​រឿង​ទុក​ឥត​ចាត់ការ​របស់​អយ្យការ​អម​សាលា​ដំបូង​ រាជធានី​ភ្នំពេញ ​លើ​បណ្ដឹង​របស់​យាយ​ក្រពើ​ ដែល​កំពុង​សំងំ​គេចខ្លួន​នោះ​ ត្រូវ​បាន​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​លេខ​២៣៥​អយ​ឆ​ ចុះ​ថ្ងៃ​ទី​០៩​ខែមេសា​ឆ្នាំ​២០១៣​ ជូន​ដំណឹង​ទៅ​ឱ្យ​យាយ​ក្រពើ​ជា​ម្ចាស់​បណ្ដឹង​ និង​ត្រូវ​បាន​លោក​មេធាវី​ សុក​ សំ​អឿ​ន​ ជា​មេធាវី​ការពារ​ក្ដី​ឱ្យ​យាយ​ក្រពើ​ បាន​ទទួល​ជំនួស​នៅ​ថ្ងៃ​ទី​២២​ខែមេសា​ឆ្នាំ​២០១៣​ម្សិលមិញ​នេះ​រួច​ហើយ​ ។​
​លោក​មេធាវី​ សុក​ សំ​អឿ​ន​ បាន​ប្រាប់​សារព័ត៌មាន​ដើម​ត្នោត​នា​ថ្ងៃ​ទី​២៣​ខែមេសា​ឆ្នាំ​២០១៣​នេះ​ថា​ លោក​មិន​ទាន់​ដឹង​ថា​ ខាង​ភាគី​ម្ចាស់​បណ្ដឹង​នឹង​ប្ដឹង​ឧទ្ធរណ៍​ប្រឆាំង​នឹង​ដីកា​សម្រេច​តម្កល់​ រឿង​ទុក​ឥត​ចាត់ការ​របស់​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​នោះ​ឬ​ យ៉ាងណា​ទេ​ ។​
​សូម​បញ្ជាក់​ជូន​ថា​ លោកស្រី​ ឈិ​ន​ សុ​គ​ន្ធា​រី​ ហៅ​យាយ​ក្រពើ​ ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ​ ចោទប្រកាន់​ និង​ជំនុំជម្រះ​ចេញ​ជា​សាលក្រម​កំបាំង​មុខ​សម្រេច​ផ្ដន្ទាទោស​ដាក់​ ពន្ធនាគារ​ចំនួន​៤​ឆ្នាំ​០៦​ខែ​ ពី​បទ​ប៉ះពាល់​កម្មសិទ្ធិ​នៃ​ទ្រព្យសម្បត្ដិ​សាធារណៈ​ និង​ចេញ​ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន​កាលពី​ចុង​ឆ្នាំ​២០១២​ផង​ដែរ​ ។​
​ក្រោយមក​ លោកស្រី​ ឈិ​ន​ សុ​គ​ន្ធា​រី​ ក្នុង​នាម​ជា​ជនជាប់ចោទ​នៅ​ស្ថាប័ន​តុលាការ​ ក៏​បាន​ដាក់​ពាក្យ​ប្ដឹង​ឯកឧត្ដម ​កែប​ ជុតិមា​ អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​ និង​គូកន​ កាលពី​ថ្ងៃ​ទី​១៨​ខែមីនា​ឆ្នាំ​២០១៣​ ពី​បទ​ប្រើ​អំណាច​ដោយ​រំលោភ​ដកហូត​យក​ដីធ្លី​របស់​ខ្លួន​ចំនួន​ជាង​៣៤​ហិ​ កតា​ ឋិត​នៅ​សង្កាត់​ភ្នំពេញ​ថ្មី​ ខណ្ឌ​សែន​សុខ​ រាជធានី​ភ្នំពេញ​ ទៅ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​។​
​តាម​ប្រភព​ព័ត៌មាន​មួយ​ចំនួន​បាន​បង្ហើប​ប្រាប់​ឱ្យ​ដឹង​ថា​ លោកស្រី​ ឈិ​ន​ សុ​គ​ន្ធា​រី​ ហៅ​យាយ​ក្រពើ​ បាន​ប្រមូល​ទិញ​ដីធ្លី​ចំនួន​ប្រមាណ​ជាង​៣៤​ហិ​កតា​ពី​ប្រជាពលរដ្ឋ​ ឋិត​នៅ​សង្កាត់​ភ្នំពេញ​ថ្មី​ ខណ្ឌ​សែន​សុខ​ រាជធានី​ភ្នំពេញ​ ដោយ​មាន​ឯកសារ​កាន់កាប់​ប្រើប្រាស់​ដីធ្លី​តាំងពី​ឆ្នាំ​១៩៩៩​ ទទួលស្គាល់​ដោយ​អាជ្ញាធរ​មូលដ្ឋាន​ និង​បាន​បង់ពន្ធ​ជូន​រដ្ឋ​លើ​ដីធ្លី​ទាំងនោះ​យ៉ាង​ត្រឹម​ត្រូវ​ ។​
​លុះ​ក្រោយមក​ តាម​សំណើ​របស់​ឯកឧត្ដម​រដ្ឋមន្ដ្រីក្រសួង​ធន​ធាន​ទឹក​និង​ឧតុនិយម​ និង​ជា​ប្រធាន​ គណៈកម្មាធិការ​កំណត់​ផ្ទៃ​ទីតាំង​បឹងបួរ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ ទើប​រាជរដ្ឋាភិបាល​បាន​សម្រេច​កំណត់​ផ្ទៃ​បឹង​ពោងពាយ​ខាងជើង​ និង​បឹង​ពោងពាយ​ខាងត្បូង​ ឋិត​ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី​ សង្កាត់​ឃ្មួ​ញ​ ខណ្ឌ​សែន​សុខ​ និង​សង្កាត់​ទួល​សង្កែ​ ខណ្ឌឫស្សីកែវ​ រាជធានី​ភ្នំ​ពេញ​ សរុប​ចំនួន​១៤០,៣២​ហិច​តា​ (​ចូល​ទៅ​ក្នុង​ចំណែក​ដីធ្លី​របស់​ យាយ​ក្រពើ​ដែរ​)​ជា​សម្បត្ដិ​សា​ធារ​ណៈ​របស់​រដ្ឋ​ ដោយ​អនុក្រឹត្យ​លេខ​១០១​អន​ក្រ​.​បក​ចុះ​ថ្ងៃ​ទី​១០​ខែកក្កដា​ឆ្នាំ​២០១២​ ។​
​បន្ដ​មក​ទៀត​ រាជរដ្ឋាភិបាល​បាន​បង្កើត​គណៈកម្មការ​អន្ដរក្រសួង​មួយ​ ដែល​មាន​ឯកឧត្ដម​ កែប​ ជុតិមា​ អភិបាល​នៃ​គណៈ​អភិបាល​ រាជធានី​ភ្នំពេញ​ ជា​ប្រធាន​ឱ្យ​ចុះ​ធ្វើការ​វាស់វែង​និង​កំណត់​ធ្វើ​អនុ​ប​យោគ​ផ្ទៃដី​បឹង​ ពោងពាយ​ទំហំ​១៤០,៣២​ហិច​តា​ពី​ទ្រព្យសម្បត្ដិ​សាធារណៈ​របស់​រដ្ឋ​ទៅ​ជា​ ទ្រព្យ​សម្បត្ដិ​ឯកជន​របស់​រដ្ឋ​ ដើម្បី​ប្រ​គល់​ឱ្យទៅ​ក្រុមហ៊ុន​អិ​ល​វ៉ា​យ​ភី​ គ្រុប​(​LYP Group)​មាន​ឯកឧត្ដម​ឧកញ៉ា​​ លី​ យ៉ុ​ង​ផាត់​ ជា​អគ្គនាយក​ ធ្វើការ​អភិវឌ្ឍ​ ជា​ថ្នូរ​នឹង​ការ​កសាង​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ​ តាម​សេចក្ដីសម្រេច​លេខ​២៨​សសរ​ចុះ​ថ្ងៃ​ទី​២០​ខែកក្កដា​ឆ្នាំ​២០១២​ ។​
​ចុងបញ្ចប់​ ទីតាំង​ដី​បឹង​ពោង​ពាយ​ខាងជើង​ ឋិត​នៅ​ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី​ សង្កាត់​ឃ្មួ​ញ​ ខណ្ឌ​សែន​សុខ​ និង​សង្កាត់​ទួល​សង្កែ​ ខណ្ឌ​ឫស្សី​កែវ​ រាជធានី​ភ្នំពេញ​ ទំហំ​ជាង​១០៨​ហិច​តា​ ត្រូវ​បាន​ធ្វើ​អនុ​ប​យោគ​ពី​ទ្រព្យសម្បត្ដិ​សាធារណៈ​របស់​រដ្ឋ​ទៅ​ជា​ ទ្រព្យសម្បត្ដិ​ឯកជន​របស់​រដ្ឋ​ ដើម្បី​ប្រគល់​ឱ្យ​ឯកឧត្ដម​ឧកញ៉ា​ លី​ យ៉ុ​ង​ផាត់​ ធ្វើការ​អភិវឌ្ឍ​ ដោយ​អនុក្រឹត្យ​លេខ​២៥២​អន​ក្រ​.​បក​ ចុះ​ថ្ងៃ​ទី​១៣​ខែធ្នូ​ឆ្នាំ​២០១២​ ។​
​ក្រុម​អ្នកវិភាគ​ផ្ល្លូ​វ​ច្បាប់​បាន​លើក​ឡើង​ថា​ ប្រសិនបើ​យាយ​ក្រពើ​មាន​ឯកសារ​ទិញ​-​លក់​ដីធ្លី​ពី​ប្រជា​ពលរដ្ឋ​ និង​មាន​ឯកសារ​បញ្ជាក់​ពី​ អាជ្ញាធរ​មូលដ្ឋាន​ច្បាស់លាស់​ ព្រម​ទាំង​បាន​កាន់កាប់​ ប្រើប្រាស់​ និង​បង់ពន្ធ​លើ​ដីធ្លី​ជូន​រដ្ឋ​បាន​ត្រឹមត្រូវ​ នោះ​ គឺ​យាយ​ក្រពើ​មិន​ត្រូវ​ទទួល​រង​ការ​ផ្ដន្ទាទោស​ឱ្យ​ជាប់គុក​ច្រវាក់​ពី​បទ​ ប៉ះពាល់​កម្មសិទ្ធិ​នៃ​ទ្រព្យ​សម្បត្ដិ​សាធារណៈ​ តាម​បញ្ញត្ដិ​មាត្រា​២៥៩​នៃ​ច្បាប់​ភូមិបាល​ទេ​ រីឯ​អ្នក​ត្រូវ​ប្រឈម​នឹង​ការ​ជាប់គុក​វិញ​នោះ​ គឺ​អាជ្ញាធរ​ដែល​ចុះ​ហត្ថ​លេខា​លើ​ឯកសារ​របស់​យាយ​ក្រពើ​ និង​អ្នកលក់​ដី​ឱ្យ​យាយ​ក្រពើ​ ទើប​ត្រឹមត្រូវ​តាម​ច្បាប់​ ៕
ប្រភព៖ គេហទំព័រសារព័ត៌មាន ដើមត្នោត

Next PostNewer Post Previous PostOlder Post Home

About