សុគន្ធ និសា ប្តូរ​ផ្ទះ​ស្នេហ៍​ថ្មី

ក្នុង​ពេល​កំពុង​ច្រៀង​នៅ​ប្រទេស​បារាំង នៅ​ឡើយ សុគន្ធ និសា អ្នក​ចម្រៀង​ប្រចាំ​ផលិតកម្ម​ថោន បាន​លក់​គេហដ្ឋាន​មួយ​ខ្នង ដែល​ដិត​ដាម​ដោយ​រឿង​ស្នេហា​រវាង​នាង និង​អតីត​គូ​ស្នេហ៍​ជា​អ្នក​និពន្ធ ដោយ​ជោគ​ជ័យ។ ក្រោយ​ត្រឡប់​មក​ស្រុក​ខ្មែរ វិញ នាង​នឹង​ប្តូរ​ជម្រក​ថ្មី ដែល​គេ​រំពឹង​ថា ជា​វីឡា​ដ៏​ប្រណីត និង​ជា​ឋាន​សួគ៌​សាង​ស្នេហ៍​ថ្មី ក្នុង​ក្តី​ស្រមៃ​របស់​នាង...។
ស្នាមញញឹមរបស់សុគន្ធ និសា ដែល​នាងថត បង្ហោះតាមប្រព័ន្ធ​អីុនធើរណេត ពីប្រទេសបារាំង បង្ហាញ ពីភាពរីករាយចេញ​ពីក្រអៅ​បេះដូង។ អ្នកកៀកជិតនឹង រូបនាង​ប្រាប់ថា សេចក្តីសោមនស្សនេះ មិនមែនដោយ សារតែនាងបាន​ដើរលេង​ពេញទ្វីបអឺរ៉ុប ប៉ុណ្ណោះទេ តែ ការត្រៀមខ្លួនរស់នៅ​ក្នុង​គេហដ្ឋាន​ថ្មី ធ្វើឱ្យដួងចិត្តរបស់ នាង រីកស្រស់ដូចផ្កា។
ប្រភពដែលសុំមិនបញ្ចេញឈ្មោះរូបនោះ និយាយថា និសា សម្លឹងឃើញផ្ទះវីឡាដែលកំពុងសាងសង់នៅមិនឆ្ងាយ ប៉ុន្មានពីទីប្រជុំជនរាជធានីភ្នំពេញ និងមានទីធ្លាធំ​ទូលាយ សម្រាប់ឱ្យនាងអង្គុយសម្រាកលំហែកាយ នាពេលទំនេរពី ការងារសិល្បៈ។ ដោយសុំមិនបញ្ជាក់ទីតាំង ប្រភពនោះ បន្តថា វីឡានោះមានតម្លៃចន្លោះពី ១៥ម៉ឺន ទៅ១៧ម៉ឺនដុល្លារ អាស្រ័យទៅតាមទំហំដី។
ប្រភពខាងលើឱ្យដឹងថា និសា នឹងធ្វើការ សម្រេចចិត្ត នៅពេលនាងវិលត្រឡប់ពីបារាំង នាពាក់កណ្តាលខែមេសា បន្ទាប់ពីដើរច្រៀង១ខែកន្លះ។ ក្នុងរយៈពេលដែល​នាង​មិន​ទាន់មានជម្រកផ្ទាល់ខ្លួន នាងទំនងជាត្រូវស្នាក់អាស្រ័យជាមួយនឹងបងប្អូន របស់នាង ដែលមានផ្ទះនៅម្តុំក្រោយព្រះបរមរាជវាំង និងផ្សារដីហុយ។ ជាយូរមកហើយ ដែលនិសា កួចចិត្តប៉ងប្រាថ្នាលើផ្ទះប្រណីត តែបំណងរបស់នាងទើបបានសម្រេច នៅពេលដែលផ្ទះល្វែងរបស់នាង ដែលសាងសង់រួមគ្នាជាមួយអតីតសង្សារ លោកសុខ ជំនោរ បានលក់ដាច់ ដោយជោគជ័យ កាលពីជិត១ខែមុន។ ផ្ទះល្វែងដែលជាទ្រនំសាងស្នេហ៍រវាងនាង និងសង្សារចាស់ ស្ថិតនៅ ក្បែរអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ត្រូវគេដឹងថា លក់បានតម្លៃប្រហែល៨ម៉ឺនដុល្លារ ដែលទើបបាន ពាក់កណ្តាលនៃតម្លៃផ្ទះថ្មីក្នុងក្តីស្រមៃរបស់នាងប៉ុណ្ណោះ។
យ៉ាងណាក៏ដោយ ការស្វែងរកប្រាក់បង្គ្រប់ទិញផ្ទះថ្មី ទំនងមិនមែនជាឧបសគ្គធំរបស់និសា ទេ។ នៅ ដើមឆ្នាំនេះ នាងបានចេញទៅសហរដ្ឋអាមេរិក រហូតដល់ទៅ៣ខែ ហើយនាពេលនេះ នាងកំពុងច្រៀងនៅ ប្រទេសបារាំង រយៈពេល១ខែកន្លះ ដែលបេសកកម្មទាំងពីរនេះ ត្រូវគេប៉ាន់ប្រមាណថា អាចឱ្យនាងរកចំណូល បានច្រើនក្រាស់​ក្រែល​។ នាងអាចបង់រំលស់សម្រាប់ទឹកប្រាក់ដែលនៅសល់។ លោកសុខ ជំនោរ អតីតគូស្នេហ៍ចាស់ដែលធ្លាប់ដឹកដៃនិសា ពុះពារឧបសគ្គស្នេហា អបអរនារីដែល លោក​ធ្លាប់​​ស្រលាញ់ពេញក្រអៅបេះដូង ចំពោះការបានសម្រេចបំណងប្រាថ្នា។
លោកនិយាយថា “គ្មានអ្នកណា ម្នាក់ អាចបំភ្លេចអតីតកាលបានទេ តែការចាកចេញពីផ្ទះនេះ អាចជួយឱ្យគាត់គេចពីរូបភាពអតីតកាល ហើយ នេះអាចជាការ​ចាប់​ផ្តើម​របស់គាត់”។ កាលទើបចែកផ្លូវគ្នាដើរ លោកជំនោរ ធ្លាប់បានស្នើសុំកុំឱ្យនិសា លក់ផ្ទះមួយខ្នង ដែលប្រកបដោយមនោសញ្ចោតនានេះ ត្បិតផ្ទះមួយខ្នងនេះ ពោរពេញ​ដោយ​មនោសញ្ចេតនា និងមានការចូលរួមជ្រោមជ្រែងផ្នែកហិរញ្ញវត្ថុ ពីអ្នកស្រលាញ់គាំទ្រមួយចំនួន។
លោកជំនោរ លើកឡើងថា “ពេលនេះ ខ្ញុំគ្មានសិទ្ធិសូម្បីតែស្តាយ គឺ មានតែចូលរួមត្រេកអរនូវអ្វីដែលគាត់មាន”។
គួរកត់សម្គាល់ថា ៣ឆ្នាំចុងក្រោយនេះ ខ្សែជីវិតរបស់អ្នកចម្រៀងសុគន្ធ និសា បានប្រែប្រួលជាបន្តបន្ទាប់។ កាលពីឆ្នាំ២០១១ នាងបានផ្តាច់ចំណងស្នេហ៍កម្សត់ពី លោក​ជំនោរ បន្ទាប់ពីបានស្រលាញ់រួមរស់ជាមួយគ្នា អស់ពេល៨ឆ្នាំ។ ឆ្នាំ២០១២ នាងបានប្តូរទ្រនំច្រៀងពីផលិតកម្មរស្មីហង្សមាស ទៅផលិតកម្មថោន ហើយនៅឆ្នាំ២០១៣ នេះ នាងនឹងមានជម្រកថ្មីផ្ទាល់ខ្លួនទៀត។
អ្នកសិល្បៈ ខ្លះលើកឡើងថា មិនត្រឹមតែ ប្តូរផ្ទះប៉ុណ្ណោះទេ ម្ចាស់ស្នេហ៍ថ្មីរបស់នាង ក៏ប្រហែលជាចេញមុខនៅឆ្នាំនេះដែរ។ បន្ទាប់ពីបែកស្នេហ៍គ្រាដំបូង សុគន្ធ និសា ត្រូវ​ឡោម​ព័ទ្ធដោយព័ត៌មានស្នេហា ជាមួយថៅកែចម្ការកៅស៊ូផង និងបុរសខ្មែរ រស់នៅអាមេរិក ផង។
និសា មិនទាន់ ឆ្លើយតបយ៉ាងណានៅឡើយទេ ទៅនឹងព័ត៌មាននេះ ក៏ប៉ុន្តែ គេសង្ស័យថា នាងទទួលបាន កម្លាំងចិត្តពិសេស ក្នុងការផ្លាស់ទ្រនំថ្មី នាពេលនេះ។
យ៉ាងណាក៏ដោយ មិត្តរួមអាជីពដែលពេញចិត្តនឹងភាពស្រគត់ស្រគំរបស់តារាស្រី រូបស្រស់នេះ សង្ឃឹមថា ផ្ទះថ្មីរបស់និសា នឹងក្លាយជាទ្រនំសាងស្នេហ៍សុភមង្គល មិនជួប​រឿង​ព្រាត់​ប្រាសដូចគ្រាមុន ៕ ប្រភព akt-media

Next PostNewer Post Previous PostOlder Post Home

About