បញ្ជូន​ខ្លួន​កូន​​​​ប្រុស​ឧកញ៉ា​ដួង ងៀប ទៅ​កាន់​តុលាការ​



ភ្នំពេញ ៖ នៅ​រសៀល​ថ្ងៃទី​១៧ ខែ​មេសា ឆ្នាំ​២០១៣​នេះ កូន​ប្រុស​ឧកញ៉ា​ដួង ងៀប ដែល​ល្បី​ឈ្មោះ​ជា​ជើង​កន្ត្រៃ​ហោះ​ខាង​អុក​ឡុក​បង្ក​អសន្តិសុខ​នៅ​រាជ​ធានី ​ភ្នំពេញ ត្រូវ​បាន​កង​រាជ​អាវុធ​ហត្ថ​បញ្ជូន​​ខ្លួន​ទៅ​តុលាការ​ចោទ​ប្រកាន់​តាម​ ផ្លូវ​ច្បាប់។
ប្រភព ​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា តុលាការ​រាជ​ធានី​ភ្នំពេញ​អាច​ចោទ​ប្រកាន់​ក្រុម​ក្មេង​ទំនើង​ជា​កូន​ប្រុស​ ឧកញ៉ា​ដួង ងៀប ពី​បទ​ហិង្សា​ដោយ​ចេតនា ប្រើប្រាស់​ដោយ​អាវុធ និង​ចោទប្រកាន់​ពី​បទ​ប្រើប្រាស់​អាវុធ​ខុសច្បាប់ ហើយ​ជន​ត្រូវ​ចោទ​ដែល​សមត្ថកិច្ច​ឃាត់​ខ្លួន​បញ្ជូន​ទៅ​តុលាការ​នោះ​មាន​​ ឈ្មោះ ដួង គឹម​ឡុង អាយុ​១៧​ឆ្នាំ និង​ម្នាក់ទៀត​មានឈ្មោះ ដួង ឆាយ អាយុ​២០​ឆ្នាំ សមត្ថកិច្ច​កំពុង​តាម​រក​ឃាត់​ខ្លួន។

គួរ​បញ្ជាក់​ថា នៅ​យប់​ថ្ងៃទី ១២ ខែ​មេសា​ កន្លង​ទៅ​​នេះ​នៅ​ទីតាំង​លក់​​បបរ.ស ​មួយ​​កន្លែង​ដែល​ស្ថិត​ក្នុង​សង្កាត់​បឹង​កេងកង១​ ខណ្ឌ​ចំការមន មាន​ក្មេង​ទំនើង​មួយ​ក្រុម​មាន​ប្រុស​មាន​ស្រី​ប្រមាណ​ ជា​ ១០ នាក់​ បាន​ធ្វើ​សកម្ម​ភាព​វាយ​ប្រហារ​ទៅ​​លើ​ជន​រង​គ្រោះ​យ៉ាង​សាហាវ​បំផុត​ដោយ​ គ្រាន់​តែ ​ភាគី​ខាង​រង​គ្រោះ​និយាយ​ភាសា​អង់​គ្លេស​​​ និង​ជូនពរ​គ្នា​ក្នុង​ឱកាស​បែកគ្នា​​ខណៈ​ដែល​ក្រុម​ជន​រងគ្រោះ​ហូប​បបរ.ស ​នៅ​តុ ​ក្បែរ​ក្រុម​ជន​បង្ក។ សាក្សី​កន្លែង​កើតហេតុ​បាន​និយាយ​ដោយ​រន្ធត់​ចិត្ត​ថា គាត់​មិនធ្លាប់​ឃើញ​ពីសកម្មភាព​សាហាវ​បែប​នេះ​ទេ​​ សកម្មភាព​បែបនេះ​ធ្លាប់​តែ​ឃើញ​ និង​លឺ​គេ​និយាយ​ក្នុង​ខ្សែ​ភាព​យន្ត​​។
សាក្សី ​បន្ត​ថា ក្រុម​ជន​បង្ក​​មិនមែន​ត្រឹម​តែ​វាយ​ទៅ​លើ​ជន​រង​គ្រោះ​ដែល​ធ្លាប់​ស្គាល់​ គ្នា​ ប៉ុណ្ណោះ​​ទេ ថែមទាំង​វាយ​តុ​កៅអី​ សម្ភារៈ​ ក្នុង​ហាង​មួយ​ចំនួន ​ដើម្បី​សំដែង​រិទ្ធិ​អោយ​ជន​ទាំង​ពួង​នៅ​ក្បែរ​នោះ​បាក់ស្បាត។
ជន ​រង​គ្រោះ​បាន​ប្រាប់​​អោយ​ដឹង​ថា ខ្លួន​មិនដែល​ធ្លាប់​ស្គាល់​ក្រុម​ជន​បង្ក​​ទេ ខណៈ​ដែល​ខ្លួន​ និង​មិត្ត​ភក្តិ ៤​នាក់​ នាំ​គ្នា​មក​ញ៉ាំ​បបរ.ស ​មុន​បែកគ្នា​ ហើយ​ជន​រងគ្រោះ​គ្រាន់តែ​​ហៅ​ អ្នក​រត់​តុ​មក​កំម៉ង់​​ម្ហូប​ក៏​គេ​​ស្រែក​សំឡុត​ ដោយ​ឃើញ​ពួក​គេ​មាន​​គ្នា​ច្រើន​ ខ្លួន​ក៏​អោន​​មុខ​ចុះ​ហើយ​ហូប​បន្ត​ទៀត។ បន្ទាប់​មក​ក៏បាន​លើក​ទឹក​​តែ​ជូន​​ពរ​គ្នា​ ក៏​ស្រាប់​តែ​​មាន​ចង្កឹះ​ចាន​ ស្លាប​ព្រា ​ហោះ​មក​​លើ​ខ្លួន​រួម​ទាំង​បក្ខ​ពួក​របស់​គេ​មាន​មិត្ត​ភក្តិ​ និង​អង្គរក្ស​រួមមាន​ទាំង​កាំភ្លើង​បាន​វាយ​ស្រោច​លើ​រូប​គេ ធ្វើ​អោយ​​គេ​របួស​ធ្ងន់​ហើយ​ចូល​ទៅ​​សង្ងំ​​ចាក់សោរ​ក្នុង​បន្ទប់​ទឹក​។
ទោះ ​​បី​ជា​ក្រុម​ជើង​កន្ត្រៃ​ហោះ​ធ្វើ​សកម្ម​ភាព​កក្រើក​ ផ្អើល​ទាំង​ពលរដ្ឋ​ក្បែរ​នោះ​យ៉ាង​ណា​ក៏​ដោយ​ក៏​គេ​មិន​ឃើញ​មាន​​សមត្ថកិច្ច ​ មូលដ្ឋាន​ចុះ​មក​អន្តរា​គមន៍​​នោះ​ទេ​។ ​ពេល​ក្រុម​បង្ក​ចេញទៅ​បាត់​​ស្រមោល​ទើប​សមត្ថ ​កិច្ច​មូលដ្ឋាន​ចុះមក​ដល់​។ ក្រោយ​ពី​ទទួល​ពាក្យ​បណ្តឹង​​​ពី​ជន​​រងគ្រោះ​ថ្ងៃ​បន្ទាប់​​កង​រាជ​អាវុធ​ ហត្ថ​រាជ​ធានី​ភ្នំពេញ និង​ខណ្ឌ​ដូនពេញ​ ក៏បាន​តាម​ចាប់​​ជន​ដៃ​ដល់​ និង​បក្ខ​ពួក​។​​កង​រាជ​អាវុធ​ហត្ថ​ក៏បាន​ឃាត់​ខ្លួន​បក្ខ​ពួក​ជន​ដៃ​ដល់​ និង​ឡោម​ព័ទ្ធ​​កន្លែង​ស្នាក់​នៅ​របស់​ជន​បង្ក​​ដែល​សាក្សី​អះអាង​ថា មានឈ្មោះ​ ឆាយ ត្រូវ​បាន​គេ​ស្គាល់​ថា ជា​កូនប្រុស​របស់​លោក ឧកញ៉ា ដួង ងៀប។
ដោយ ​ការស្រាវជ្រាវ​តាម​ជំនាញ​នៅ​ល្ងាច​ថ្ងៃទី​១៤ ខែមេសា កម្លាំង​ការិយាល័យ​ជំនាញ​ក្រោម​ការ​បញ្ជា​ផ្ទាល់​របស់​លោក​ឧ​ត្ត​ម​សេនីយ៍​ ទោ​យ៉ា គឹមអ៊ី បាន​សហការ​ជាមួយ​ខាង​តុលាការ ដឹកនាំ​ចុះ​ឆែកឆេរ និង​ចាប់ខ្លួន​ផ្ទាល់​ដោយ​លោក​ព្រះរាជអាជ្ញារង ហៀ​ង សុភ័ក្ត្រ ឈាន​ដល់​ការ​ឃាត់ខ្លួន​កូនប្រុស​លោក​ឧកញ៉ា​ដួង ងៀប​(​ដួង គឹម​ឡុង​) បាន ​ម្នាក់​នៅក្នុង​ខន់​ដូ​មួយ​ដែល​គេ​ដឹងថា ជា​របស់លោក​ឧកញ៉ា​ដួង ងៀប ជួល​ឲ្យ​ជនបរទេស​នៅក្បែរ​សណ្ឌាគា​កាំបូឌី​យ៉ាណា។ ក្នុង​ការ​ឃាត់​ខ្លួន​​នោះ​កម្លាំង​ចម្រុះ​បាន​ដកហូត​អាវុធខ្លី​មួយ​ដើម​ ម៉ាក​ រឡូ​ពី​ឈ្មោះ ដួង គឹម​ឡុង និង​ដកហូត​កាំភ្លើង​AK​ស្វាយ ​បត់​មួយ​គ្រឿង​ទៀត​ពី​ក្នុង​ឡាន​មែកសឺដេស​ពណ៌​ស របស់​កូនលោក​ឧកញ៉ា​ដួង ងៀប រួម​នឹង​រថយន្ត​ទាំង​មួយគ្រឿង​ទៀត​ម៉ាក​អ៊ី​ន​ហ្វី​នី​ទី​ហ្វ។​ចំណែក​ជន​ បង្ក​ដ៏សាហាវ​​នោះ​​​បាន​គេច​ខ្លួន​បាត់​ស្រមោល។ ប៉ុន្តែ​សមត្ថកិច្ច​បាន​ឃាត់​ខ្លួន​​កូនប្រុស​លោក​ឧកញ៉ា​ដួង ងៀប ដែល​ត្រូវ​ចាប់ខ្លួន​មានឈ្មោះ ដួង គឹម​ឡុង អាយុ​១៧​ឆ្នាំ​ ដើម្បី​បញ្ជូន​ទៅ​កាន់​តុលាការ៕ប្រភពពីកម្ពុជាថ្មី
17-04-2013-a-full
Next PostNewer Post Previous PostOlder Post Home

About