កែប ៖ ភ្លៀង ផ្គរ រន្ទះលាយឡំជាមួយព្យុះដ៏កំណាចបានបក់បំផ្លាញលំនៅដ្ឋានប្រជាពលរដ្ឋ ស្ថិតក្នុងភូមសាស្ត្រខេត្តកែបអស់ចំនួន៥៦ខ្នងទាំងព្រឹក ប៉ុន្តែហេតុការណ៍ខាងលើមិនបណ្តាលឲ្យមានមនុស្សណាម្នាក់រងរបួស នោះទេ។
ខ្យល់ព្យុះ បានវាយគួចបំផ្លាញផ្ទះប្រជាពលរដ្ឋ កាលពីព្រឹកថ្ងៃ ទី១៧ ខែមេសា ឆ្នាំ២០១៣ វេលាម៉ោង៨និង៣០នាទី ក្នុងភូមិអូរចំបក់ សង្កាត់អូក្រសារ ក្រុង-ខេត្តកែប ក្នុងអំឡុងពេលមានភ្លៀងជាប់ៗគ្នានាព្រឹកនេះ។
តាម ការរៀបរាប់ពីសំណាក់អ្នកស្រុកក្នុងតំបន់ខាងលើបានរាយការណ៍ថា មុនដំបូងខ្យល់ព្យុះបានវាយលុកលំនៅដ្ឋានស្ថិតតាមភូមិសាស្ត្រ មាត់សមុទ្រ ហើយមួយប៉ប្រិចភ្នែកប៉ុណ្ណោះ កំលាំងខ្យល់ក៏បន្តបោកបក់សព្វទីកន្លែង ក្នុងតំបន់សង្កាត់អូក្រសារ ដោយបានបំផ្លាញផ្ទះប្រជាពលរដ្ឋនៅទីនោះ ខ្លះបាក់រាបដល់ដី ខ្លះប៉ើងដំបូល និងមួយចំនួនរបើកជញ្ជាំង។
អាជ្ញាធរ ដែនដីក្នុងតំបន់នោះបានរាយការណ៍ថា លំនៅដ្ឋានដែលរងការបំផ្លាញពីសំណាក់ខ្យល់ព្យុះកាលពីព្រឹកមិញនេះ មានចំនួន៥៦ខ្នង ក្នុងនោះមាន៥ខ្នងត្រូវខូចខាតទាំងស្រុង។ ឯ២៨ខ្នងខូចខាតធុនមធ្យម តែចាត់ទុកជាសំណាងល្អដែលហេតុការណ៍នេះមិនបានបណ្តាលឲ្យមនុស្ស សត្វ រងគ្រោះថ្នាក់អ្វីឡើយ។
បន្ទាប់ពី កើតមានគ្រោះមហន្តរាយពីធម្មជាតិ គេសង្កេតឃើញអាជ្ញាធរ ក៏ដូចជាសមត្ថកិច្ច ចុះមកជួយអន្តរាគមន៍ភ្លាមៗ ក្នុងនោះក្រុមការងារកាកបាទក្រហម ក៏មានភាពមមាញឹក ចុះស្រង់ស្ថិតិជាក់ស្តែង សំរាប់ផ្តល់អំណោយសង្គ្រោះបន្ទាន់ផងដែរ៕ណារិទ្ធ ប្រភពពី កម្ពុជាថ្មី