ចោរកម្ម៖ ករណីចោរឆក់កាបូបជនបរទេស កើតឡើង​ស្ទើរ​តែរាល់ថ្ងៃ

ព័ត៌មាន​បឋម​៖​ សកម្មភាព​នៃ​ការ​ឆក់​កាបូប​ជនបរទេស​នៅ​តែ​បន្ត​កើត​មាន​ឡើងជា​រឿយៗ​ នៅ​តាម​ដង​ផ្លូវ​នានា​ក្នុង​ទីក្រុង​ភ្នំពេញ​មិន​ថា​ ពេល​យប់ឬ​ពេល​ថ្ងៃ​នោះ​ទេ​ ជន​ល្មើស​ហាក់​ដូច​ជា​មិន​ខ្លាច​ញញើត​ដល់​សមត្ថកិច្ច​បន្តិច​សោះឡើយ​។​ តួយ៉ាង​ នៅ​វេលា​ម៉ោង​ ១​ថ្ងៃរសៀល​​ថ្ងៃ​ទី​១១​ ខែ​មេសា​ឆ្នាំ​២០១៣​នេះ​ មានការ​រាយការណ៍​មក​ថា​ មាន​ចោរឆក់​កាបូប​ពី​ជនបរទេស​ដល់​ទៅ​ពីរ​ករណី​នៅ​ទីតាំង​ផ្សេង​គ្នា​បាន​ សម្រេច​ ហើយ​រត់គេច​ខ្លួន​ដោយ​សុវត្ថិភាព​ទៀត​ហើយ​។​ ​

ករណី​ទី​១​ កើតឡើង​នៅ​តាម​បណ្ដោយ​មហាវិថី​ព្រះ​មុន្នី​វង្ស​ កែង​វត្ត​កោះ​ ដែល​ជនល្មើស​បាន​ធ្វើ​សកម្មភាព​ឆក់​ដោយ​ជិះ​ម៉ូតូ​ កូន​ទា​ មិន​ស្គាល់​អត្តសញ្ញាណ​ច្បាស់លាស់​ មក​ជិត​ម៉ូតូ​កង់​បី​ដែល​ជនបរទេស​រង​គ្រោះ​កំពុង​ធ្វើ​ដំណើរ​ ហើយ​បាន​ឆក់​យក​កាបូប​ចេញ​ពីលើ​កង់​បី​ រួច​បើក​រត់​សំដៅ​ទៅ​តាម​ផ្លូវ​មុខ​សណ្ឋាគារ​មិត្តភាព​ដោយ​សុវត្ថិភាព​។​ ចំណែក​ជន​រង​គ្រោះ​ក៏​បាន​លោត​ចុះ​ពីលើ​កង់​បី​ភ្លាមៗ​ដែរ​ ដើម្បី​ដេញ​តាម​យក​កាបូប​មក​វិញ​ តែ​ការ​ចំណាយ​កម្លាំង​នេះ​ គឺ​អត់​ប្រយោជន៍​នោះ​ទេ​។​ ភិនភាគ​បឋម​នៃ​ជនល្មើស​ គឺ​ពាក់អាវ​ពណ៌​ខៀវ​ដៃ​ខ្លី​ ។​ តាម​ការ​រាយការណ៍​ពីអ្នក​សារ​ព័ត៌មាន​ពិសេស​ថា ករណី​ឆក់​កាបូប​ជន​បរទេស​នៅត្រង់​ចំណុច​នេះ​កើត​មាន​ឡើង​ស្ទើរាល់​ថ្ងៃទៅ​ ហើយ​ តែមិន​ដែល​ចាប់​បាន​ជន​ល្មើស​នោះ​ទេ​។

ករណី​ទី​២​ កើតឡើង​នៅ​តាម​បណ្ដោយ​ផ្លូវ​ ២៧១​ ទល់មុខ​ក្រុមហ៊ុន​ហុងដា​ ដែល​ជនល្មើស​ធ្វើ​សកម្មភាព​ឆក់​កាបូប​សាក់​កា​ដូ​ពី​ ជនបរទេស​ដែល​កំពុង​ធ្វើ​ដំណើរ​នៅ​លើ​កង់​បីដូច​គ្នា​បាន​សម្រេច​ រួច​បាន​បើក​រត់គេច​សំដៅ​មក​កាន់​ម្តុំ​មន្ទីរពេទ្យ​រុ​ស្សី​វិញ​។​ បើ​តាម​អ្នក​ដែល​បាន​ឃើញ​ហេតុការណ៍​បាន​ប្រាប់​អោយ​ដឹង​ថា​ ជនល្មើស​មាន​គ្នា​ពីរ​នាក់​ប្រុស​ម្នាក់​ និង​ស្រី​ម្នាក់​ធ្វើ​សកម្មភាព​ដោយ​ជិះ​ម៉ូតូ​ស៊េរី​ទំនើប​ ហុងដា​ឌ្រីំ​ម ស៊េរី​ឆ្នាំ​២០១៣​ អត់​ស្គាល់​ស្លាក​លេខ​។​ ចំណែក​ភិនភាគ​នៃ​ជនល្មើស​គី​ បុរស​មាន​អាយុ​ប្រហែល​២០​ឆ្នាំ​ ពាក់អាវ​ពណ៌​ស​ និង​មាន​ពាក់មួក​កា​តិ​ប​ផង​ដែរ​ ហើយ​ស្ត្រី​នោះ​មាន​អាយុ​២០​ឆ្នាំ​ដូច​គ្នា​ ពាក់អាវ​ពណ៌​ផ្កាឈូក​ ស្លៀក​ខោ​ខូ​វ​បូ​យ​ និង​ពាក់​មួកមនុស្ស​ស្រី​។​

សូម​បញ្ជាក់​ថា​ ករណី​បែប​នេះ​ គឺ​កើត​ឡើងជា​ញឹកញាប់​ណាស់​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ បើ​បណ្ដោយ​អោយ​មាន​បែប​នេះ​តទៅ​ទៀត​ តើ​ភ្ញៀវ​ទេសចរ​បរទេស​ គេ​នឹង​អាច​មក​ទស្សនា​នៅ​ប្រទេស​កម្ពុជា​ទៀត​ដែរ​ឬទេ​?​ អា​ស្រ័យ​ហេតុ​នេះ​ហើយ សូមអាជ្ញាធរ​មានសមត្ថកិច្ច​ជា​ទី​គោរព​ មេត្តា​ជួយចាត់​វិធាន​ការ​ទប់​ទល់​នឹងបទ​ល្មើស​បែប​នេះ​ អោយ​កាន់​តែ​មាន​ប្រសិទ្ធិ​ភាពថែម​ទៀត​៕
ប្រភព ABC nonstop

Next PostNewer Post Previous PostOlder Post Home

About