ទេសចរ​ទៅ​ទស្សនា​អង្គរ​បាន​កើន​ឡើង​៨​ភាគរយ

130422_11b
ទេសចរ​ដែល​មក​ទស្សនា​ប្រាសាទ​អង្គរវត្ត​នា​ពេលកន្លង​មក​។ ហេង ជីវ័ន​
សៀមរាបៈ ស្ថិតិ​ពី​មន្ទីរ​ទេសចរណ៍​ខេត្ត​សៀមរាប​បង្ហាញ​ថា​តំបន់​ប្រវត្តិ​សាស្រ្ត​ អង្គរ​ទទួល​បាន​ទេសចរ​ចំនួន​៦៩៤ ៧០០​នាក់​ក្នុង​ត្រី​មាស​ទី​១ ឆ្នាំ​២០១៣​កើន​ឡើង​៨​ភាគរយ​បើ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​ទៅ​។
ទេសចរ​ជន​ជាតិ​ចិន​កើន​ឡើង​ពី​៧៧​ភាគ​រយ​រហូត​ដល់​៨៧ ១០៤​នាក់ ខណៈ​ទេសចរ​ជន​ជាតិ​វៀតណាម​ធ្លាក់​ចុះ​ពី​៣៩​ភាគ​រយ​មក​នៅ​៤៥ ៧៦០​នាក់​។​នេះ​បើ​តាម​ស៊ីនហួ។
លោក អាង គឹម​អៀង ប្រធាន​សមាគម​ភ្នាក់​ងារ​ទេសចរណ៍​កម្ពុជា​បាន​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍​ថា ការ​កើន​ឡើង​ទេសចរ​ចិន​នឹង​ជួយ​ឲ្យ​ទំនាក់​ទំនង​រវាង​កម្ពុជា និង​ចិន​កាន់​តែ​ខ្លាំង​ឡើង​ព្រម​ទាំង​ជួយ​បង្កើន​ជើង​ហោះ​ហើរ​ផង​ដែរ​។ លោក​បន្ត​ថា​៖ «​ទំនាក់​ទំនង​រវាង​រដ្ឋាភិបាល​ទាំង​ពីរ​នេះ​កាន់​តែ​ជិត​ស្និទ្ធ​ជាង​មុន ដែល​លើក​ទឹក​ចិត្ត​ដល់​ប្រជាជន​ប្រទេស​ទាំង​ពីរ​ក្នុង​ការ​ធ្វើ​ពាណិជ្ជកម្ម និង​ការ​ផ្លាស់​ប្តូរ​ទេសចរណ៍​។ ឥឡូវ​នេះ​មាន​ជើង​ហោះ​ហើរ​ត្រង់​ពី​ចិន​មក​កម្ពុជា»។
លោក ហូ វណ្ឌី សហ​ប្រធាន​ក្រុម​ការងារ​វិស័យ​ទេសចរណ៍​រដ្ឋាភិបាល វិស័យ​ឯកជន​បាន​និយាយ​ថា​លោក​មិន​មាន​ការ​បារម្ភ​ពី​ការ​ធ្លាក់​ចុះ​ទេសចរ​ វៀតណាម​ទេ ហើយ​រំពឹង​ថា តួលេខ​នេះ​នឹង​កើន​ឡើង​នៅ​ចុង​ឆ្នាំ​នេះ​។

ជាមួយ​នឹង​កំណើន​នៃ​ជើង​ហោះ​ហើរ​និង​ការ​លើក​កម្ពស់​ទំនាក់​ទំនង​នេះ លោក ហូ វណ្ឌី​បាន​ឲ្យ​ដឹង​ថា ភាព​ងាយ​ស្រួល​ក្នុង​ការ​សុំ​ទិដ្ឋាការ និង​ការ​ផ្សព្វ​ផ្សាយ​កាន់​តែ​ខ្លាំង​ឡើង​ក្នុង​ប្រទេស​ចិន​បាន​រួម​ចំណែក​ ក្នុង​ការ​កើន​ឡើង​នៃ​ចំនួន​អ្នក​ទេសចរ​ចិន​។ លោក​បន្ត​ថា​៖ «ក្នុង​ក្រុម​ការ​ងារ​ផ្នែក​ទេសចរណ៍ យើង​និយាយ​អំពី​ពាក្យ​សុំ​ទិដ្ឋាការ ថា​តើ​ត្រូវ​ជួយ​ទេសចរ​ពី​ចិន​យ៉ាង​ម៉េច​ក្នុង​ការ​ចូល​មក​កម្ពុជា​ឲ្យ​កាន់ ​តែ​ងាយ​ស្រួល»។
យោង​តាម​ទិន្នន័យ​បាន​ពី​ក្រសួង​ទេសចរណ៍​ចំនួន​អ្នក​ទេសចរ​អន្តរជាតិ​ ក្នុង​ប្រទេស​កម្ពុជា​បាន​កើន​ឡើង​២៤,៤​ភាគរយ​កាល​ពី​ឆ្នាំ​ទៅ​ដោយ​កើន​ពី​ ២,៨៨​លាន​នាក់​កាល​ពី​ឆ្នាំ​២០១១​ដល់​៣,៥៨​លាន​នាក់​កាល​ពី​ឆ្នាំ​២០១២​។
ក្នុង​ចំណោម​អ្នក​ទេសចរ​សរុប​ទាំង​នោះ​មាន​ទេសចរ​ជាង​៧៦៣ ០០០​នាក់​ស្នើ​នឹង​២១,៣​ភាគរយ​ជា​ជនជាតិ​វៀតណាម៕ PB   ប្រភពពីភ្នំពេញប៉ុស្តិ៍
Next PostNewer Post Previous PostOlder Post Home

About