ប៉ោយប៉ែត ៖ ពលករចំណាកស្រុកចំនួន៤៦១នាក់ ត្រូវតុលាការប្រមូលយកមកអប់រំ និងរឹបអូសបានម៉ូតូមេខ្យល់ចំនួន៣គ្រឿង ខណៈដែលមេខ្យល់ទាំងនោះកំពុងរៀបចំនាំពលករចំណាកស្រុក ចេញតាមច្រករបៀង ហើយត្រូវតុលាការបញ្ជាឲ្យប៉ូលិស និងប៉េអឹមធ្វើការប្រមូលពលរដ្ឋទាំងនោះមកអប់រំទាំងយប់។
ហេតុការណ៍ នេះបានកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៣ នៅចំណុចច្រករបៀងដើមស្រល់ ដែលទទួលខុសត្រូវដោយក្រុមប៉ូលិសការពារព្រំដែនគោកលេខ៩១១ ដែលស្ថិតនៅក្នុងភូមិក្បាលស្ពាន១ សង្កាត់-ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ខាងជើងកាស៊ីណូផ្កាយ៥។
ចំពោះ ពលករក្មេងចាស់ប្រុសស្រីខាងលើ នេះគឺមកពីបណ្ដាលខេត្តនានានៃប្រទេស ហើយត្រូវមេខ្យល់បោកយកទៅប្រទេសថៃស្ទើរតែរាល់ថ្ងៃ ប៉ុន្តែសំណាងអាក្រក់ត្រូវក្រុមសមត្ថកិច្ចចុះទៅក្រសោបយកមកអប់រំ រួចអនុញ្ញាតឲ្យទៅផ្ទះវិញ។
សូម បញ្ជាក់ថា លោកឡុង ជាប ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តបន្ទាយមានជ័យបានធ្វើការឃ្លាំមើល ការចាកចេញរបស់ពលករចំណាកស្រុកតាមខ្សែបន្ទាត់ព្រំដែន ដែលប៉ូលិសអង្គភាព៩១១ទទួលខុសត្រូវ ហើយឈានដល់ការដាក់បញ្ជាឲ្យសមត្ថកិច្ចចូលរួមទប់ស្កាត់ទៀតផង។ នេះជាលើកទី១ហើយនៅក្នុងឆ្នាំ២០១៣ ដែលមានតុលាការចូលរួមទប់ស្កាត់ពលករចំណាកស្រុកដែលកំពុងសម្រុកចេញទៅ ប្រទេសថៃ ដោយគ្មានការអនុញ្ញាតនោះ៕ប្រភពពី កម្ពុជាថ្មី
ពៅរី