ប៉ុន្តែបើយើងក្រឡេកមកមើលផលិតកម្ម សាន់ដេ ជាមួយនឹងផលិតកម្ម ថោន សម្រាប់ឆ្នាំនេះវិញ យើងឃើញថា ផលិតកម្មទាំង២នេះ បានប្រើប្រាស់យុទ្ធសាស្ត្រប្លែកៗពីគ្នា។ អ្វីដែលប្លែកសម្រាប់ផលិតកម្ម ថោន ឆ្នាំនេះ គឺថោនបានបញ្ចូលសមាជិកថ្មីគឺក្រុមកំប្លែងពែកមី ដែលជាក្រុមកំប្លែងកំពុងឈរលំដាប់ទី១នៅប្រទេសកម្ពុជានា ពេលបច្ចុប្បន្ន។ ចំណែកការថតវីដេអូខារ៉ាអូខេវិញ គឺក្រុមហ៊ុននេះបានចំណាយពេលថតសាច់រឿងរួមបញ្ចូលជាមួយការរៀបចំ ឆាកយ៉ាងប្លែក ដោយចំណាយអស់រាប់ម៉ឺនដុល្លារ ហើយបទចម្រៀងវិញ គឺមានការនិពន្ធបទភ្លេងថ្មីរួមបញ្ចូលផងដែរ នេះបើតាមការបង្ហោះព័ត៌មាននានាតាមបណ្ដាញហ្វេសប៊ុករបស់ថោន ដើម្បីកុំឱ្យស៊ាំនឹងការយកបទកន្ទ្រឹមដដែលៗពីខ្មែរសុរិន្ទ មកធ្វើ ដូចជាសាន់ដេ ដែលចូលចិត្តយកបទសុរិន្ទមកធ្វើ ហើយចម្លងអត្ថន័យពីសុរិន្ទទាំងដុលមកទៀត ដែលធ្វើឱ្យមហាជនមួយចំនួនមានការរិះគន់ចំៗចំពោះបញ្ហានេះមកលើ ផលិតកម្ម។
ចំណែកសាន់ដេវិញ ក៏មានចំណុចប្លែកៗផងដែរ ដោយផលិតកម្មសាន់ដេ បានជ្រើសរើសទីតាំងថត ដោយរៀបចំឆាកនៅមាត់ទឹកក្បែរភ្នំនៅទឹកដីខេត្តកំពង់ស្ពឺ។
បើក្រឡេកទៅមើលលើបទចម្រៀងវិញ តើបទចម្រៀងផលិកម្មមួយ ដែលស្ដាប់ទៅមានការចាប់អារម្មណ៍កម្រិតណានោះ? ចម្លើយយ៉ាងណានោះ មានតែរង់ចាំមើលផលិតកម្មធំៗទាំង២នេះទាំងអស់គ្នា៕