មន្ត្រី​ជំនាញ​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ឈប់​បរិភោគ​ត្រី​ក្រពត​មាន​ជាតិ​ពុល​៣​ប្រភេទ


មន្ត្រី​ក្រសួង​កសិកម្ម បាន​បង្ហាញ​ត្រី​ក្រពត​មាន​ជាតិ​ពុល ៣​ប្រភេទ ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​ប្រជាពលរដ្ឋ​យក​ទៅ​​ចំអិន​បរិភោគ ព្រោះ​​​នាំ​ឲ្យ​គ្រោះថ្នាក់។ ការ​អំពាវនាវ​នេះ បន្ទាប់​ពី​មាន​ប្រជាពលរដ្ឋ​​​​តាម​ខេត្ត​មួយ​ចំនួន បាន​បាត់បង់​ជីវិត​ក្រោយ​​យក​ត្រី​ក្រពត មាន​​ជាតិ​​ពុល​ខ្ពស់​ទៅ​ចំអិន​បរិភោគ​រួច​មក។
ដោយ ដែន អយុធ្យា
ត្រី​ក្រពត​ពុល ៣០៥
២៤-មេសា-២០១៣៖ ត្រី​ក្រពត​ដែល​មាន​ជាតិ​ពុល​ទាំង ៣​ប្រភេទ។
MAFF Screenshot
អគ្គនាយក​រដ្ឋបាល​ជលផល​នៃ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក ណៅ ធួក បាន​ឲ្យ​ដឹង​​ថា ក្នុង​ចំណោម​ត្រី​ក្រពត​ទឹក​សាប​ចំនួន ១០​ប្រភេទ គឺ​មាន ៣​ប្រភេទ​មាន​ជាតិ​ពុល​អាច​សម្លាប់​មនុស្ស​ពេល​យក​ទៅ​ចំអិន​បរិភោគ។
លោក​ថា ត្រី​ក្រពត​ដែល​មាន​ជាតិ​ពុល​ទាំង ៣​ប្រភេទ គឺ​មាន​ស្នាម​អុច​ពណ៌​ខ្មៅ​ធំ​មួយ ដោយ​មាន​ព័ទ្ធ​ជុំវិញ​នូវ​រង្វង់​ពណ៌​លឿង​ស​នៅ​ចំហៀង​ខ្លួន​ជិត​គល់​កន្ទុយ ឬ​មាន​ស្នាម​អុច​ពណ៌​ខ្មៅ​ជាច្រើន នៅ​លើ​ផ្ទៃ​ដង​ខ្លួន ដោយ​មាន​រង្វង់​​ពណ៌​​លឿង​ព័ទ្ធ​ជុំវិញ​ស្នាម​អុច​ខ្មៅ​ទាំង​នោះ​ផង។
លោក ណៅ ធួក សង្កត់​ធ្ងន់​ថា ត្រី​ក្រពត ៣​ប្រភេទ​នេះ បើ​ពលរដ្ឋ​មានៈ​យក​ទៅ​ចំអិន​បរិភោគ នឹង​ត្រូវ​គ្រោះថ្នាក់​ដល់​អាយុ​ជីវិត ព្រោះ​ត្រី​ប្រភេទ​នេះ​មាន​ជាតិ​ពុល​ធ្ងន់ធ្ងរ។ ដោយ​ឡែក ត្រី​ក្រពត​គ្មាន​ជាតិ​ពុល​ចំនួន ៧​ប្រភេទ​ទៀត ប្រជាពលរដ្ឋ​មិន​អាច​បរិភោគ​គ្រឿង​ក្នុង​នោះ​ទេ។
​ការ​អំពាវនាវ​របស់​មន្ត្រី​ជំនាញ​ជលផល​នេះ កើត​មាន​បន្ទាប់​មាន​ករណី​ពុល​ត្រី​ក្រពត បាន​កើត​ឡើង​ជា​បន្តបន្ទាប់ និង​មាន​អ្នក​បរិភោគ​ត្រី​ប្រភេទ​នេះ​ជាង ១០​នាក់ បាន​ស្លាប់ និង​រងគ្រោះ​ជាង ១០០​នាក់ ក្នុង​ប៉ុន្មាន​ឆ្នាំ​មក​នេះ។
អ្នកស្រី ថេង វិចិត្ត ជា​ស្ត្រី​មេ​ផ្ទះ​រស់នៅ​រាជធានី​ភ្នំពេញ ស្ថិត​ក្នុង​ចំណោម​ស្ត្រី​មេ​ផ្ទះ​ច្រើន​ទៀត បាន​ឲ្យ​ដឹង​ថា កន្លង​​មក​រូប​គាត់​មិន​បាន​ដឹង​ពី​គ្រោះថ្នាក់​នៃ​ការ​បរិភោគ​ត្រី​ក្រពត ដែល​មន្ត្រី​នាយកដ្ឋាន​ជលផល​បាន​ហាម​នេះ​​ទេ ព្រោះ​មិន​ដឹង​ថា​ត្រី​ប្រភេទ​នេះ​មាន​ជាតិ​ពុល​នោះ​ទេ។ ប៉ុន្តែ​​អ្នកស្រី​នឹង​ប្រុង​ប្រយ័ត្ន​ពេល​ទទួល​បាន​​បម្រាម​នេះ៖ «ដល់​ ពេល​ឮ​គេ​ថា​ត្រី​ហ្នឹង​ពុល ខ្ញុំ​មិន​ដែល​ទិញ​ហូប​ទៀត​ទេ។ ធ្លាប់​ទិញ​មក​ហូប​ដែរ តែ​ដល់​ពេល​ឮ​ថា​ទិញ​មក​ហូប​ទៅ​ពុល ថ្ងៃ​ក្រោយ​មក​ក៏​លែង​ហ៊ាន​ទិញ​ហូប​ទៅ។ ខ្ញុំ​ទៅ​ផ្សារ​ក៏​ទិញ​មក​ហូប​ធម្មតា​ដូច​មិន​បាន​ប្រយ័ត្ន​ប្រយែង​ថា​ត្រី​ ហ្នឹង​ពុល​ផង​ទេ​ពី​មុន​មក។ នៅ​ម្តុំ​ផ្ទះ​ខ្ញុំ ក្រុម​គ្រួសារ​ដ៏​ជា​អត់​ដែល​មាន​ទេ ព្រោះ​អី​ខ្ញុំ​លែង​ហ៊ាន​ទិញ​ហូប​ទៀត ដល់​ពេល​ឮ​គេ​ថា​ត្រី​នេះ​ពុល​រួច​មក»
កាល​ពី​ថ្ងៃ​ទី១៩ ខែ​មេសា មាន​ប្រជាពលរដ្ឋ​ប្រមាណ ២០​នាក់ រស់នៅ​ខេត្ត​កំពង់ឆ្នាំង បាន​ពុល​ត្រី​ក្រពត ពេល​យក​ត្រី​ក្រពត ទៅ​ចំអិន​បរិភោគ និង​មាន​អ្នក​ភូមិ ២​នាក់ បាន​ស្លាប់​ពេល​បញ្ជូន​ដល់​មណ្ឌល​សុខភាព​ស្រុក​ជលគីរី។
មន្ត្រី​​ជលផល ឲ្យ​ដឹង​ថា ករណី​ពុល​ត្រី​ក្រពត កាល​ពី​សប្ដាហ៍​មុន​នេះ បាន​កើត​មាន​នៅ​ស្រុក​ជលគីរី ខេត្ត​កំពង់ឆ្នាំង ហើយ​ឆ្នាំ​កន្លង​ទៅ បាន​កើត​មាន​នៅ​ស្រុក​ស្រីស្នំ ខេត្ត​សៀមរាប នៅ​ស្រុក​ស្អាង ខេត្ត​កណ្ដាល ខេត្ត​ឧត្តរមានជ័យ និង​នៅ​​ស្រុក​មុខកំពូល ខេត្ត​កណ្ដាល។
ផ្ដើម​ពី​គ្រោះថ្នាក់​នេះ លោក ណៅ ធួក បាន​ទទូច និង​ហាម​ដាច់​ខាត​មិន​ឲ្យ​ប្រជាពលរដ្ឋ​បរិភោគ​ត្រី​ក្រពត មាន​​ជាតិ​ពុល​ទាំង ៣​ប្រភេទ ដែល​មាន​ស្នាម​អុច​ពណ៌​ខ្មៅ​ធំ​មួយ​ព័ទ្ធ​ជុំវិញ​ដោយ​រង្វង់​ពណ៌​លឿង​ស នៅ​ចំហៀង​ខ្លួន​ជិត​គល់​កន្ទុយ ឬ​មាន​ស្នាម​អុច​ពណ៌​ខ្មៅ​ជាច្រើន​នៅ​លើ​ផ្ទៃ​ដង​ខ្លួន និង​មាន​រង្វង់​ពណ៌​លឿង​ព័ទ្ធ​ជុំវិញ​ស្នាម​អុច​ខ្មៅ​ជា​ដាច់​ខាត។

មន្ត្រី​ជំនាញ​រូប​នេះ បាន​ប្រាប់​ឲ្យ​ដឹង​ពី​អាការៈ​នៃ​អ្នក​ជំងឺ​ពុល​ត្រី​ក្រពត គឺ​បណ្ដាល​ឲ្យ​ឈឺ​ក្បាល វិល​មុខ ល្ហិតល្ហៃ​ដៃ​ជើង ឬ​ស្ពឹក​ចុង​ដៃ​ចុង​ជើង រាករូស ក្អួត​ចង្អោរ រឹង​ថ្គាម និង​អាច​ស្លាប់​ភ្លាមៗ បើ​គ្មាន​ការ​សង្គ្រោះ​បន្ទាន់។
​​សេចក្តី​ប្រកាស​របស់​រដ្ឋបាល​ជលផល ចុះ​ថ្ងៃ​ទី១៩ ខែ​មេសា ហាម​ដាច់​ខាត​មិន​ឲ្យ​ពលរដ្ឋ​យក​ត្រី​ក្រពត​ទឹក​សាប ៣​ប្រភេទ ក្នុង​ចំណោម ១០​ប្រភេទ​នៅ​កម្ពុជា ជា​ដាច់​ខាត ព្រោះ​ជា​ប្រភេទ​ត្រី​ក្រពត​មាន​ជាតិ​ពុល​ខ្លាំង។ សេចក្តី​ប្រកាស​បាន​សង្កត់​ធ្ងន់​ថា ត្រី​ក្រពត​មាន​សារធាតុ​ពុល​ទាំង ៣​ប្រភេទ មាន​ជាតិ​ពុល​ខ្លាំង គឺ​នៅ​រដូវ​ត្រី​​ប្រភេទ​នេះ​ពង​កូន ចាប់​ពី​ខែ​កុម្ភៈ ដល់​ខែ​មីនា និង​ចាប់​ពី​ខែ​កក្កដា ដល់​ខែ​កញ្ញា ជា​រៀង​រាល់​ឆ្នាំ៕ប្រភពពី (rfa)
Next PostNewer Post Previous PostOlder Post Home

About