ក្រុង ម៉ៃអាមីៈ «បិតាសក់អំបោស» គឺជារហស្សនាមរបស់បុរសសក់កន្ទ្រើងវ័យ៣១ឆ្នាំម្នាក់ឈ្មោះ ហ្គាសមី ចូសេហ្វ មកពីតំបន់ផមប៉ាណូ រដ្ឋហ្វ្លរីដា សហរដ្ឋអាមេរិក។ បុរសរូបនេះល្បីដោយសារម៉ូដសក់ដូចសត្វកាំប្រមាជាយូរឆ្នាំមក ហើយ។ ប៉ុន្តែទើបមួយឆ្នាំចុងក្រោយនេះលោកបាននឹកឃើញវិធីសាស្រ្តប្រើ ប្រាស់ម៉ូដសក់អំបោសរបស់ខ្លួន ដើម្បីរកប្រាក់ចំណូលបានយ៉ាងជោគជ័យ។ នោះគឺការបាញ់ពណ៌ សរសេរអក្សរ ឬគូររូបលើសក់ ធ្វើជាផ្ទាំងផ្សាយពាណិជ្ជកម្ម។
គំនិតនេះត្រូវបានផ្ដួចផ្ដើមឡើងពេលមានមិត្តភក្តិម្នាក់ស្នើ ឲ្យលោក ហ្គាសមី ចូសេហ្វ ជួយផ្សព្វផ្សាយឲ្យមនុស្សម្នាចូលរួមក្នុងពិធីជប់លៀងបុណ្យកំណើត ។ លោកក៏ស្រាប់តែនឹកឃើញយកថ្នាំពណ៌មកបាញ់សក់ រួចសរសេរអក្សរនិងគូររូបជូនដំណឹងឲ្យភ្ញៀវមកចូលរួមបានយ៉ាង ច្រើនកុះករ។
ដោយសារតែឃើញពីភាពជោគជ័យនេះហើយ ទើបលោក ហ្គាសមី ចូសេហ្វ ចាប់ផ្ដើមប្រើប្រាស់ម៉ូដសក់អំបោសរបស់ខ្លួន ធ្វើជាផ្ទាំងជួលដើម្បីផ្សព្វផ្សាយពាណិជ្ជកម្មឲ្យបណ្ដាក្រុមហ៊ុន និងស្ថាប័នតូចៗមួយចំនួន។
ក្រោយពីតុបតែងសក់រួចរាល់ បុរសរូបនេះនឹងចរយាត្រាទៅក្លិបកម្សាន្ត ផ្សារទំនើប និងទីប្រជុំជនមានមនុស្សច្រើន ដើម្បីធ្វើការផ្សព្វផ្សាយ។ លោកថែមទាំងបានបង្កើតវិបសាយ និងបង្ហោះរូបភាពម៉ូដសក់គម្រូជាផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម ចម្រុះពណ៌គួរឲ្យទាក់ទាញផងដែរ៕ PR ប្រភពពីភ្នំពេញប៉ុស្តិ៍