ក្រុមគ្រូពេទ្យបង្ហាញម៉ាស៊ីនចិញ្ចឹមថ្លើមមនុស្ស ដើម្បីទុកប្ដូរឲ្យអ្នកជំងឺម្នាក់ផ្សេងទៀត។ រូបថត Reuters
ក្រុង ឡុងដ៍ៈ ក្រុមវេជ្ជបណ្ឌិតបានទទួលលទ្ធផលយ៉ាងត្រចះត្រចង់ថ្មីមួយសម្រាប់ ពិភពលោកទាំងមូលដោយរកឃើញនូវឧបករណ៍ចិញ្ចឹមថ្លើមមនុស្សដំបូងបង្អស់ ដើម្បីរក្សាអវយវៈនេះទុកឲ្យបានយូរសម្រាប់វះកាត់ប្ដូរឲ្យអ្នក ជំងឺថ្លើមដទៃទៀត។
ក្រុមវេជ្ជបណ្ឌិត វិស្វករ និងក្រុមវេជ្ជបណ្ឌិតវះកាត់នៅឯប្រទេសអង់គ្លេសបានប្រកាសថា ឧបករណ៍នេះនឹងមានវត្តមានតាមមន្ទីរវះកាត់ថ្លើមនានាជុំវិញពិភពលោក នាពេលប៉ុន្មានឆ្នាំខាងមុខនេះ។
លោក ខូស្តេនទីន ខូសៀស នៃសាកលវិទ្យាល័យអុកហ្វត ដែលជាស្ថាបនិកឧបករណ៍ចិញ្ចឹមថ្លើមនេះបាននិយាយថា៖ «វាពិតជាអស្ចារ្យណាស់ កាលដែលឃើញថ្លើមមនុស្សដ៏ត្រជាក់ស្រេប ពណ៌ប្រផេះ ដាក់ចូលក្នុងម៉ាស៊ីន ហើយប្រែក្លាយជាពណ៌ក្រហមពិតៗដូចពេលវាកំពុងនៅក្នុងខ្លួន មនុស្ស»។
បច្ចុប្បន្ន ថ្លើមដែលគេបរិច្ចាគ តែងត្រូវបានរក្សាទុកក្លាស្សេក្នុងទឹកកក ដែលធ្វើឲ្យអវយវៈនេះងាយងាប់ ហើយមិនអាចតភ្ជាប់នឹងខ្លួនអ្នកជំងឺម្នាក់ទៀតបាន។ ការក្លាស្សេថ្លើមស្រស់ក្នុងទឹកកកមិនគួរលើសពី១៤ម៉ោងមុនការ វះកាត់ប្ដូរថ្លើមឡើយ ពុំនោះទេ អវយវៈនោះនឹងលែងដំណើរការបានតទៅទៀត។
ជំងឺថ្លើមរោគក្រិន ការសេពសុរាការប្រើថ្នាំ និងមហារីកថ្លើមសុទ្ធតែជាជំងឺទាមទារឲ្យមានការវះកាត់ប្ដូរថ្លើម ថ្មី។ នៅអឺរ៉ុប និងអាមេរិក មានអ្នកជំងឺជាង៣ម៉ឺននាក់ត្រូវការវះកាត់ប្ដូរថ្លើម ហើយក្នុងនោះមានតែ១៣០០០នាក់ប៉ុណ្ណោះ ដែលមានសំណាងបានទទួលថ្លើមបរិច្ចាគក្នុង១ឆ្នាំៗ ខណៈដែលអ្នកដទៃដេករង់ចាំថ្ងៃមរណៈ៕ PR ប្រភពពីភ្នំពេញប៉ុស្តិ៍