ក្មេង​ស្រី ២​នាក់ មេ​​អណ្តើក​​ទាក់​​​ឱ្យ​ប្រុស​ស្ទាវ​រំលោភ​កណ្តាល​វាលស្រែ


កុមារីរងគ្រោះ ទ.ច.រ និងនាងរ.ស.ន,ផ្ទះកុមារីរងគ្រោះទាំងពីរ,​ជនល្មើសសោម បញ្ញា ហៅជា ពេលត្រូវចាប់ខ្លួន, ជីដូនកុមារីទ.ច.រ,ឪពុក​ម្តាយ​​កុមារី ទ.ច.រ (រូបតូច​ខាង​ស្តាំ)
មាន​នារី​មួយ​ចំនួន​តូច បាន​ធ្លាក់​ខ្លួន ក្លាយ​ជា​ស្រី​មេម៉ាយ ព្រោះ​ចាញ់​បោក​ប្រុស និង​ជឿ​តាម​ការ​អូស​ទាញ របស់​មេ​អណ្តើក លុះ​នាង​ខូច​ខ្លួន ក៏​តាំង​ខ្លួន​ជា​មេ​អណ្តើក​ម្តង ព្រោះ​មុខ​របរ​នេះ​ ងាយ​រក​លុយ។ ជាក់​ស្តែង ហេតុ​តែ​ចាញ់​កល​មេ​អណ្តើក ដែល​មាន​ផ្ទះជិត​គ្នា ទើប​បណ្តាល​ឱ្យ​ក្មេង​ស្រី​ជំទង់ ២​នាក់ ទាក់​ឱ្យ​ប្រុស​ស្ទាវ​ចាប់​រំលោភ​កណ្តាល​វាល​ស្រែ...។ កាលពីថ្ងៃទី០៨ មីនា ២០១៣ ជាទិវា​សិទ្ធិនារី មានកុមារី២នាក់ រស់នៅ​ខេត្ត​បន្ទាយមានជ័យ ត្រូវ​ប្រុស​ស្ទាវ​ចាប់​រំលោភកណ្តាលវាល​ស្រែ ព្រោះ​តែ​ពួកនាងជឿតាមការអូសទាញ​របស់មេអណ្តើក។ ប៉ុន្តែ ទាំងអ្នក​រំលោភ ទាំងមេអណ្តើក ត្រូវជាប់​អន្ទាក់​ប៉ូលិស ឯក្មេងស្រីរងគ្រោះ បានត្រឹមសោកស្តាយ​ព្រហ្មចារី​តែ​ប៉ុណ្ណោះ។ ទាក់ទិនដល់ករណីនេះ កុមារី ទ.ច.រ អាយុ១៥ឆ្នាំ រស់នៅភូមិស្ទឹងចាស់ ឃុំគយម៉ែង ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ បានរៀបរាប់ថា នាងជាកូនពៅ ក្នុងចំណោមបង​ប្អូន៣នាក់ ឪពុកឈ្មោះទន់ អ៊ាន អាយុ៤៩ឆ្នាំ ម្តាយឈ្មោះសុង រដ្ឋា អាយុ ៤៩ឆ្នាំ ធ្លាប់រៀនដល់ថ្នាក់ទី៨។ នាងឈប់រៀនកន្លះឆ្នាំមកហើយ ព្រោះគ្មានអ្នកចាំផ្ទះមើលថែ​ទាំ​ជីដូនមានជំងឺ ព្រោះឪពុកម្តាយ រវល់ការងារស្រែចម្ការ។ លុះមកដល់ថ្ងៃទី០៨ មីនា ២០១៣ ជាទិវាសិទ្ធិនារី ខណៈដែលឪពុកម្តាយនាងរវល់ចេញទៅហូប ការបងប្អូន ក៏មាន​ស្ត្រី​ម្នាក់ឈ្មោះហឹម គឹមហាន អាយុ ២៣ឆ្នាំ ជាស្ត្រីមេម៉ាយកូន១ ផ្ទះនៅជិតគ្នា បានមកបបួលនាងទៅ ស៊ីផឹកនៅផ្ទះរបស់គេ ដែលនៅទីនោះ មានប្រុសៗប៉ុន្មាននាក់កំពុង​ព័ទ្ធ​វង់​ផឹក និងមានស្រីក្មេងៗ ពីរបីនាក់ផង។ ពុំត្រឹមមក បបួលនាងទេ ស្ត្រីមេម៉ាយនោះ បានទាំងហៅប្អូនស្រីជីដូនមួយរបស់នាងម្នាក់ទៀត ឈ្មោះរ.ស.ន អាយុ១១ឆ្នាំ ឱ្យ​ទៅជប់លៀង ជាមួយគ្នា ឯពួកនាងក៏ព្រមទៅ ព្រោះទុកចិត្តគ្នា។ នាង ទ.ច.រ បន្តទៀតថា កន្លងមក ស្ត្រីឈ្មោះ ហឹម គឹមហាន ធ្លាប់មានប្រវត្តិយកប្តីចិត្តឯង លុះបាន កូន១ ក៏លែងលះគ្នាទៅ។ នាងនេះ មានមុខរបរមិន ប្រាកដ ឧស្សាហ៍​ហិចហើរ​មិនសូវនៅផ្ទះ និងរាប់អានមិត្តភក្តិសុទ្ធតែប្រុសៗស្ទាវ។ ពួកនាងបានទៅចូលរួមស៊ីផឹកនឹងគេ តាំងពីម៉ោង៩ព្រឹក ដល់ម៉ោង ៣ល្ងាច រហូតដល់ស្រឿងៗគ្រប់គ្នា រួច​ទាំងអស់គ្នា ក៏ចេញពីផ្ទះស្ត្រីមេម៉ាយ ទៅស៊ីផឹកបន្តនៅវាលស្រែមួយកន្លែង ក្នុងភូមិជំទាវ ឃុំប្ញស្សីក្រោក រហូតដល់ ម៉ោង៥ល្ងាច។ បន្ទាប់មក ស្រីមេម៉ាយបានលួងលោម​ពួក​នាងឱ្យឡើងជិះម៉ូតូ ដោយមានប្រុសស្ទាវ ២នាក់ ជាអ្នកឌុប បន្តដំណើរទៅរាំកម្សាន្តនៅក្លឹបហ្គោលថោន ជាប់គល់ស្ពានសែសិន។ ប៉ុន្តែ ពេល ទៅដល់ក្លឹប ពួកនាង​មិនហ៊ានចូល គេក៏ឌុបទៅមើលការប្រគំតន្ត្រី នៅរង្វង់មូលទីរួមខេត្ត ដែលមានពួកតារាល្បីៗពីភ្នំពេញ មកច្រៀងរាំ។ រហូតដល់ព្រលប់ជ្រៅបន្តិច ស្រីមេម៉ាយបាននាំ​ពួក​នាង (សរុបគ្នា៦ នាក់ រួមទាំងនាងមេម៉ាយ និងប្រុសម្នាក់ ជាអ្នកឌុប) ទៅជួលបន្ទប់ផ្ទះសំណាក់ “ជំនោរសែសិន” ដោយសុំជួលតែ១បន្ទប់។ ប៉ុន្តែ ម្ចាស់ផ្ទះប្រាប់ថា គ្នា៦នាក់ ឯណោះ លុះត្រាតែជួល២បន្ទប់ ទើបគេព្រម។ ដោយសារអត់លុយជួលបន្ទប់ ស្រីមេម៉ាយក៏នាំពួកនាង វិលទៅដល់ចំណុចវាលស្រែ កន្លែងស៊ីផឹកវិញ។ នាង ទ.ច.រ បន្តទៀតថា លុះទៅដល់ទីនោះ ស្រាប់តែស្រីមេម៉ាយប្រាប់ប្រុស ដែលឌុបនោះ ឱ្យបើកម៉ូតូគេចបាត់ ទុកពួកនាងទាំង២ ឱ្យនៅជាមួយប្រុសស្ទាវ ជាអ្នកឌុប ២​នាក់ទៀត។ ជួនជាពាក់កណ្តាលអធ្រាត្រផងនោះ ស្រាប់តែកំលោះស្ទាវម្នាក់ ឈ្មោះ ជា អាយុ១៩ឆ្នាំ ដាក់ចន្ទល់ម៉ូតូ រួចលោកមក សង្គ្រប់នាង ផ្តួលទៅលើជញ្ជ្រាំងស្រូវ ចាប់ផ្តើម-រំលោភទាំងកំរោល ទោះជានាងរើបម្រះយ៉ាងណា ក៏ មិនឈ្នះកម្លាំងប្រុសដែរ។ ចំណែក ប្អូនស្រីជីដូនមួយ របស់នាងឈ្មោះ រ.ស.ន ក៏ត្រូវប្រុសម្នាក់ទៀត ដែល ជាអ្នកឌុប ឈ្មោះថេត អាយុ២៣ឆ្នាំ ចាប់រំលោភក្បែរគ្នានោះ រហូតបានសម្រេចជាច្រើនដង។ លុះ ដល់ម៉ោង៥ភ្លឺ ទើបឃើញស្រីមេម៉ាយនោះ មកនាំ បងប្អូននាងវិល​ទៅភូមិ​វិញ ដោយមិនទទួលខុសត្រូវចំពោះការបាត់បង់ព្រហ្មចារីរបស់ពួកនាងឡើយ ហើយបានទាំងស្តីបន្ទោសពួកនាងថែមទៀត។ ដោយឡែក លោកទន់ អ៊ាន អាយុ៤៩ឆ្នាំ និង អ្នកស្រីសុង រដ្ឋា អាយុ៤៩ឆ្នាំ ជាឪពុកម្តាយ បានឱ្យ ដឹងថា នៅពេលបាត់កូនស្រី តាំងពីព្រឹក រហូតជិតភ្លឺ នោះ ពួកគាត់បាន​ស៊ើបសួរអ្នកភូមិដឹងថា មកពីនាង ហឹម គឹមហាន បបួលទៅស៊ីផឹក និងដើរលេង។ ពេលកូនវិលមកវិញ ឃើញភ្នែកស្លក់ សក់ក្បាលគ្មាន សណ្តាប់ធ្នាប់ និងប្រឡាក់ដី​ផង​នោះ ក៏ដេញដោលទៅ ទើបដឹងថា កូនស្រី និងក្មួយ ត្រូវប្រុសចាប់រំលោភ។ ពួកគាត់យល់ថា មកពីអាប្រុស២នាក់ហ្នឹង ជួលស្រីមេម៉ាយឱ្យធ្វើមេអណ្តើក លួងកូនស្រីឱ្យ​ធ្លាក់​ក្នុងឧបាយកលខ្មៅងងឹត ទើបកូននិងក្មួយ បាត់បង់ព្រហ្មចារី កណ្តាលវាលស្រែបែបនេះ។ ពួកគាត់បានប្តឹង សមត្ថកិច្ច ឱ្យចាប់ខ្លួនស្រីមេអណ្តើក និងក្មេងពាល ទាំង២នាក់​នោះ​​ហើយ និងប្តឹងទារជំងឺចិត្ត ៥០លាន រៀល ប៉ះប៉ូវការខូចខាតដ៏ធ្ងន់ធ្ងរនេះ។ រីឯកុមារីរ.ស.ន អាយុ១១ឆ្នាំ ក៏បានរៀបរាប់ ដូចអ្វីដែលកុមារីទ.ច.រ ផ្តល់បទសម្ភាសន៍ខាងលើ នេះដែរ ដោយបញ្ជាក់ថា រូបនាងត្រូវប្រុសពាលឈ្មោះ ថេត ចាប់រំលោភ ឯ​បង​ស្រី ត្រូវឈ្មោះជា ចាប់បង្ខំ កណ្តាលវាលស្រែក្បែរគ្នាតែម្តង។ ចំណែកអ្នកភូមិមួយចំនួន បានឱ្យដឹងថា ករណី ចាប់រំលោភនេះ បើរកប្រភពឱ្យឃើញ គឺមកពីស្រីមេ​អណ្តើក ទៅអូសទាញ ទើបកុមារីទាំង២នេះ ផុង ខ្លួនអស់ព្រហ្មចារី។ ធម្មតាមេអណ្តើក ឬម៉ែយ៉ែម មុនដំបូងក៏ត្រូវគេបោកយ៉ាងនេះដែរ លុះនាងផុងខ្លួន ស្គាល់ល្បិចស្ទូច​ក្មេងស្រី​ច្បាស់ ក៏ធ្វើម៉ែយ៉ែមម្តងវិញ ព្រោះងាយរកលុយ។ ទោះជាយ៉ាងនេះក្តី ក៏ពួកគាត់ យល់ថា នេះជាកំហុសរបស់មាតាបិតាផងដែរ ដែល ធ្វេសប្រហែសបណ្តោយកូនស្រីឱ្យចេះផឹកស្រាបៀ និងចូលចិត្តដើរកម្សាន្ត ជាហេតុនាំឱ្យ​មេ​អណ្តើក​ស្គាល់ និស្ស័យ ក៏មកហៅទៅផឹក រហូតដល់ស្រឿងៗ ចង់សប្បាយ ពេលគេបបួលទៅណា ក៏ចេះតែទៅ រហូតផុងខ្លួនត្រូវប្រុសពាលចាប់រំលោភ ធ្វើបាប ឬខ្លះ​ដល់​ថ្នាក់សម្លាប់បំបិទមាត់ទៀតក៏មាន ដែលជាមេរៀនជីវិត សម្រាប់មាតាបិតាទាំងឡាយពិចារណា និង ប្រុងប្រយ័ត្ន ៕ប្រភព akt-media
Next PostNewer Post Previous PostOlder Post Home

About