គូស្នេហ៍ភក្តី រួមមេត្រីក្បែរទ្រុងជ្រូក
នាងចិន អៀម និងលោកអេន តេន (ក្នុងថ្ងៃសែនព្រេន), នាងចិន អៀម និងកូន, លោកតាអន ព្រឿន, នាងមឿន លី និងនាងឃុត ណារិន (រូបតូចខាងស្តាំ)
យុវវ័យសម័យនេះ ឱ្យតែស្រលាញ់គ្នាស្មោះ ទោះជាត្រូវឡើងភ្នំ ចុះជ្រោះ ដើរកាត់បន្លា ក៏គេមិនរួញរាដែរ ធ្វើយ៉ាងណាឱ្យតែបានជួបគ្នារួមមេត្រី។ យ៉ាងណាមិញ គូស្នេហ៍ក្មេងៗនេះ បានបណ្តុះពន្លកស្នេហ៍ក្បែរទ្រុងជ្រូក តែម៉ែឪមិនឱ្យលូកលាន់គ្នា ក៏នាំគ្នារត់ លុះបានកូន១ ទើបចាស់ៗ សែនព្រេនឱ្យទៅ ព្រោះបំបែកមិនកើត...។ នាងចិន អៀម អាយុ២០ឆ្នាំ រស់នៅភូមិគៀត ឃុំពោធិ៍អង្គ្រង ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ បានរៀបរាប់ថា រូបនាងជាកូនច្បងក្នុងចំណោមបងប្អូន៣នាក់ ឪពុកឈ្មោះ អ៊ុំ អ៊ុន អាយុ៥៥ឆ្នាំ ម្តាយឈ្មោះជឿន អាយុ៥៤ឆ្នាំ។ នាងមានស្រុកកំណើតនៅ ជាប់បឹងទន្លេសាប ក្នុងខេត្តពោធិ៍សាត់ ឯណោះទេ ប៉ុន្តែ ដោយនៅស្រុកពិបាករកស៊ី ពេក ម៉ែឪក៏ធ្វើចំណាកស្រុក ទៅរស់នៅខេត្តបន្ទាយមានជ័យ ជាហេតុនាំឱ្យនាងរៀន សូត្របានតិចតួចណាស់ ព្រោះរវល់តែជួយរកស៊ីឪពុកម្តាយ។ គ្រួសារនាងបានប្រកប មុខរបរចិញ្ចឹមដង្កូវនាង យកសូត្រលក់ និងស៊ីឈ្នួលធ្វើចម្ការឱ្យគេផង ដោយមាន ជីវភាពត្រឹមតែរស់ប៉ុណ្ណោះ។ នៅពេលនាងមានអាយុ១៧ឆ្នាំ ក៏បានស្គាល់កំលោះម្នាក់ ឈ្មោះអន តេន អាយុបងនាង៥ឆ្នាំ ដែលរសាត់អណ្តែតពីស្រុកកំណើត មកធ្វើជាកម្មករចិញ្ចឹមជ្រូក ឱ្យថៅកែម្នាក់ នៅខេត្តបន្ទាយមានជ័យ មិនឆ្ងាយពីផ្ទះនាង។ មិត្តភាព ក៏ក្លាយទៅជាសេចក្តីស្នេហាយ៉ាងឆាប់រហ័ស ដោយពួកនាងតែងណាត់ជួបគ្នាក្បែរ ទ្រុងជ្រូក ជួនកាល កំលោះតេន បានមកលេងដល់ផ្ទះរបស់នាងតែម្តង។ បន្ទាប់ពីស្គាល់ ចិត្តថ្លើមគ្នាមក នាងបានជំរុញសង្សារឱ្យចូលស្តីដណ្តឹងនាងតាមប្រពៃណី ប៉ុន្តែ ដោយសារម៉ែឪគេនៅឆ្ងាយពេក ពិបាកអញ្ជើញមក ទើបគេចូលសួរដោយខ្លួនឯងតែម្តង និងមានតែខោអាវមួយចង្កេះ ធុំក្លិនអាចម៍ជ្រូក។ នាងអៀម បន្តរឿងស្នេហាទៀតថា ពេលឃើញកំលោះតេន គ្មានអ្វីសោះ និងមាន ឋានៈជាកម្មករឱ្យបាយជ្រូក លាងសម្អាតទ្រុងជ្រូកយ៉ាងនេះ ឪពុកម្តាយនាងមិនព្រម លើកឱ្យទេ បានទាំងហាមនាងជាកូន មិនឱ្យទាក់ទងគ្នាទៀតផង។ នៅពេលម៉ែឪហាម ឃាត់ នាងធ្វើតាមពួកគាត់តែពីមុខទេ ប៉ុន្តែ ពីក្រោយខ្នងគាត់ នាងតែងស្កាត់ទៅជួប ប្រុសថ្លៃ ដល់ទ្រុងជ្រូក ជាញឹកញាប់ រហូតដល់សុខចិត្តប្រគល់ព្រហ្មចារី ដោយមិន ស្តាយស្រណោះ។ នៅពេលបានដឹងថា ពួកនាងទុំមុនស្រគាល ខុសប្រពៃណី ឪពុកម្តាយនាងខឹងសម្បាខ្លាំងណាស់ បានបំបិទសិទ្ធិនាងមិនឱ្យចេញពីផ្ទះ។ ប៉ុន្តែ ដោយសារសេចក្តីស្នេហាទុំជោរដល់កម្រិតទៅហើយនោះ នាងគ្មានជម្រើសអ្វីក្រៅពីឱបបង្វេចរត់តាមប្រុសជាទីស្រលាញ់ មករស់នៅស្រុកកំណើតរបស់គេ រហូតពេលនេះ។ ដោយឡែក លោកអន តេន អាយុ២៥ឆ្នាំ ជាប្តី បានឱ្យដឹងតាមទូរស័ព្ទថា លោកមានឪពុកឈ្មោះអន ព្រឿន អាយុ៧២ឆ្នាំ ម្តាយស្លាប់ ជាត្រកូលកសិករ មាន ជីវភាពត្រឹមតែគ្រប់ប៉ុណ្ណោះ។ លោករៀនសូត្របានតិចតួចណាស់ ក៏ចេញពីស្រុកកំណើតក្នុងខេត្តកំពង់ស្ពឺ រសាត់អណ្តែតទៅដល់ខេត្តបន្ទាយមានជ័យ សុំគេចូលធ្វើកម្មករឱ្យបាយជ្រូក បានប្រាក់ខែល្មមតែចិញ្ចឹមខ្លួនរស់។ លោកពិតជាមានទំនាក់ទំនងស្នេហ៍ជាមួយនាងអៀម ក្បែរទ្រុងជ្រូកមែន ប៉ុន្តែ មុនដំបូងចេះរក្សាប្រពៃណីខ្មែរដែរ លុះចូលសួរត្រឹមត្រូវ ម៉ែឪខាងស្រីមិនព្រមលើកឱ្យ ដោយឃើញលោក មានការងារអន់ពេក និងមិនស្គាល់ប្រវត្តិផងនោះ ទើបលោកបបួលស្រីថ្លៃ លេងផ្លូវកាត់ទៅ។ ពេលដឹងថា កូនស្រីមកជួបលោកក្បែរទ្រុងជ្រូក ពួកគាត់ក៏បិទសិទ្ធិលែងឱ្យលូកតែម្តង ដោយបង្ខាំងស្រីថ្លៃ ឱ្យនៅតែក្នុងផ្ទះ។ ប៉ុន្តែ ដោយសារនាងស្រលាញ់លោកដោយស្មោះ ក៏សុខចិត្តរត់តាមលោក មកដល់ស្រុកកំណើត នាខេត្តកំពង់ស្ពឺ។ ពេលបានរួមរស់ជាមួយគ្នាជាប្តីប្រពន្ធ លោក និងនាង ស្រលាញ់គ្នាកាន់តែខ្លាំង ហើយលោកក៏មិននៅស្ងៀមដែរ តែងចេញ ទៅធ្វើសំណង់ ឬស៊ីឈ្នួលគេ បានលុយឱ្យប្រពន្ធ មិនដែលដាច់ឡើយ ទើបលោកមិនសូវបាននៅផ្ទះ លុះត្រាតែព្រលប់ៗ ទើបទៅដល់។ នៅពេលប្តីប្រពន្ធលោកបង្កើតបានកូនប្រុស១ ក៏នាំគ្នាទៅលេងខេត្តបន្ទាយមានជ័យ ស្រាប់តែឪពុកម្តាយក្មេកបាត់ខឹងអស់រលីង បានទាំងដណ្តើមចៅទៅថើប ដោយក្តី ស្រលាញ់ និងបានសែនព្រេនឱ្យប្តីប្រពន្ធលោកមួយព្រឹកផង ដើម្បីឱ្យមានខាន់ស្លាត្រឹមត្រូវនឹងគេ ឥឡូវប្រពន្ធមានផ្ទៃពោះកូនទី២ ទៀតហើយ។ លោកតាអន ព្រឿន អាយុ៧២ឆ្នាំ ជាឪពុកខាងប្រុស បានឱ្យដឹងថា ទោះបីជាកូនប្រុសគាត់ បានពង្រត់កូនស្រីគេមក ក៏គាត់មិនហ៊ានបំបែកដែរ តែក៏មិនហ៊ានរៀបការឱ្យដែរ ដរាបណាខាងដន្លង មិនទាន់យល់ព្រម។ គាត់យល់ថា ក្មេងៗសម័យនេះ តែប៉ុណ្ណឹង បើពួកគេស្រលាញ់គ្នា យើងជា ចាស់ មិនអាចបំបែកបានឡើយ ចាំតែរៀបការឱ្យទៅ។ ប៉ុន្តែ ឥឡូវកូនទាំងពីរ ក្លាយជាប្តីប្រពន្ធស្របច្បាប់ហើយ បន្ទាប់ពីអ្នកដន្លងនៅខេត្តបន្ទាយមានជ័យ សែនព្រេនឱ្យមក។ នាងមឿន លី អាយុ២៥ឆ្នាំ និងនាងឃុត ណារិន អាយុ២៤ឆ្នាំ ជា អ្នកភូមិ បានឱ្យដឹងស្របគ្នាថា មកពីឪពុកម្តាយមើលស្រាលកូនប្រសាប្រុស ដែលធ្វើកម្មករឱ្យបាយជ្រូក ក៏ចង់បំបែក ប៉ុន្តែ នាងអៀម ស្រលាញ់សង្សារ ស្មោះ ក៏សុខចិត្តឱបបង្វេចរត់តាមគ្នា។ ពួកនាងយល់ថា សម័យនេះ កំលោះក្រមុំមានសិទ្ធិស្រលាញ់គ្នា មិនគួរម៉ែឪប្រកាន់ទ្រឹស្តី “នំមិនធំជាងនាឡិ” ទៀតទេ។ គួរបញ្ជាក់ថា ការដែលឪពុកម្តាយ រើសកូនប្រសាពេក ក៏មិនកើតដែរ ព្រោះជាឧបសគ្គនាំឱ្យកូនពង្រត់គ្នាបំបាក់កិត្តិយសវង្សត្រកូល។ ទោះយ៉ាងណា គូស្នេហ៍ទាំងឡាយ ក៏មិនគួរលេងផ្លូវកាត់ទុំមុនស្រគាល រួចនាំគ្នារត់ទៅសោយសុខនោះទេ ព្រោះទំនៀមទម្លាប់ខ្មែរ មិនអនុញ្ញាតឱ្យកំលោះក្រមុំធ្វើយ៉ាងនេះ ឡើយ។ គេត្រូវចេះដោះស្រាយបញ្ហាដោយសន្តិវិធី ដូចជា ភាគីកូនប្រសា ព្យាយាមបម្រើ យកចិត្តយកថ្លើមម៉ែឪក្មេកជាដើម លុះធ្វើអំពើល្អយូរៗទៅ ពួកគាត់គង់តែអាណិត បើកសិទ្ធិឱ្យបានជួបគ្នាមិនខាន ៕ ប្រភព akt-media