ភ្នំពេញ: ជនជាប់ចោទឈ្មោះ អ៊ឹង សុវណ្ណតារា ភេទប្រុស អាយុ ២៣ឆ្នាំ ជាអ្នកទទួលភ្ញៀវនៅសណ្ឋាគារខ្មែរស៊ីធី និងជានិស្សិតឆ្នាំទី៤ ផ្នែកសេដ្ឋកិច្ច នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច បានត្រូវសមត្ថកិច្ចប៉ូលិសខណ្ឌដូនពេញឃាត់ខ្លួនកាលពីរសៀលថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១២ ករណីរំលោភសេពសន្ថវៈលើស្ត្រីអាណិកជនខ្មែរម៉ាឡេស៊ីម្នាក់។ ជនជាប់ចោទ(ខាងស្តាំ)ជាប់គុក៧ឆ្នាំ កាលពីរសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៣ តុលាការសាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមសម្រេចផ្តន្ទាទោសយុវជននោះដាក់ពន្ឋនាគារ ៧ឆ្នាំ ពីបទ រំលោភសេពសន្ថវៈមានស្ថានទម្ងន់ទោសដោយសារមធ្យោបាយប្រើប្រាស់ ឬ ទាក់ទងនឹងជនល្មើស។ ដំណើរដើមទងគឺ កាលពីថ្ងៃទី៣០ ខែវិចិ្ឆកា ឆ្នាំ២០១២ស្ត្រីរងគ្រោះដែលមាន អាយុ៣០ឆ្នាំ បានចូលមកស្នាក់នៅសណ្ឋាគារខ្មែរស៊ីធី ជាមួយនឹង កូនប្រុសតូចអាយុ២ទៅ៣ឆ្នាំម្នាក់។ រហូតដល់ម៉ោង១រំលងអាធាត្រឈានចូលថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១២ ឈ្មោះអ៊ឹង សុវណ្ណតារាបានទៅគោះទ្វារបន្ទប់ដើម្បីសុំធ្វើទូរទស្សន៍ហើយក៏ចេញទៅវិញបាត់។ មួយសន្ទុះក្រោយមក អ៊ឹង សុវណ្ណតារាបានមកម្តងទៀត ហើយស្ត្រីរងគ្រោះក៏បើកទ្វារឱ្យចូលព្រោះនឹកស្មានថាភ្លេចរបស់អ្វីឬក៏ចង់ជួសជុលអ្វីទៀត។ លើកទី២នេះ ឈ្មោះតារាក៏យកកូនកាំបិតចុងស្រួចភ្ជង់គំរាមស្ត្រីរងគ្រោះ រួចរំលោភពីបន្ទប់ទឹករហូតលើដល់លើពូក ។ ឆ្លៀតពេល អ៊ឹង សុវណ្ណតារា ភ្លេចខ្លួនស្ត្រីរងគ្រោះ បានដណ្តើមយកកូនកាំបិតចាក់គ្រវីគ្រវាត់ ត្រូវទ្រូងខាងស្តាំជននេះ ធ្វើឲ្យវាភ័យស្លន់ស្លោក៏ប្រញាប់ប្រមូលយកសម្លៀកបំពាក់រត់ចេញទៅក្រៅបាត់។ បន្ទាប់មកប៉ូលិស ក៏ចាប់បាន អ៊ឹង សុវណ្ណតារា យកទៅតុលាការ៕ប្រភព cen