ដើរខ្សោះខ្យល់ មកដេកស្លាប់ នៅចិញ្ចើមផ្លូវ សហព័ន្ធរុស្ស៊ី សមត្ថកិច្ច សង្ស័យថា ខ្យល់គរ

ភ្នំពេញៈ យុវជនម្នាក់បាន សុំលុយបងប្អូន ចំនួន២០ដុល្លារ ដើម្បីដើរលេងហើយ ក៏បាត់ខ្លួនរហូតមកឃើញ វិលត្រឡប់ចូលផ្ទះវិញ ក្រុមគ្រួសារបានដើរតាមរក គ្រប់ច្រកល្ហកទាំងអស់តែមិនឃើញ ដោយក្រុមគ្រួសារ អះអាងថា ចេញពីផ្ទះតាំងពីព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៣ មកម្ល៉េះ រហូតដល់ល្ងាចថ្ងៃទី២០ ទើបទទួលដំណឹងថា បានមកដេកស្លាប់ នៅក្បែរផ្លូវសហព័ន្ធរុស្ស៊ី ដោយពុំមានមូលហេតុច្បាស់លាស់។
ភ្លាមៗនោះសមត្ថកិច្ចបាន ចុះទៅពិនិត្យសាកសពហើយ បានសន្និដ្ឋានថា ជនរងគ្រោះទំនងជាដើរដាច់បាយដាច់ទឹកខ្យល់គរទើបបណ្តាលឲ្យស្លាប់បែបនេះ។ ហេតុការភ្ញាក់ផ្អើលនេះកើតឡើង កាលពីវេលាម៉ោង៦និង៣០នាទីព្រលប់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៣ស្ថិតនៅតាមចិញ្ចើមផ្លូវ សហព័ន្ធរុស្ស៊ី ភូមិប៉ប្រកខាងត្បូង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
បើតាមបងជីដូនមួយ របស់ជនរងគ្រោះឈ្មោះ ង៉ែត សុភ័ក្រ ភេទប្រុសអាយុ២៥ឆ្នាំ មានមុខរបរ ជាជាងសំណាង់ស្នាក់នៅ ភូមិព្រៃព្រីង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ បានឲ្យដឹងថា ជនរងគ្រោះមាន សុខ លក្ខិណា ភេទ ប្រុសអាយុ២៩ឆ្នាំមានមុខរបរ ជាជាងចំលាក់ស្នាក់ នៅជាមួយបងជីដូនមួយម្នាក់ទៀត ក្នុងភូមិព្រៃព្រីងជាមួយខ្លួនដែរ មានស្រុកកំណើតនៅស្រុកបាទី ខេត្តតាកែវ ។
សុភ័ក្រ បានបន្តថា កាលពីព្រឹកថ្ងៃទី១៧ខែមេសា ឆ្នាំ២០១៣ជនរងគ្រោះបាន សុំលុយពីបងជីដូនមួយ ដែលរស់នៅជាមួយចំនួន២០ដុល្លារ ដើម្បីដើរលេង ហើយក៏បាត់ដំណឹងឈឹង រហូតមិនដឹងជា ទៅណាមកណា ពួកគេបាន នាំគ្នាដើររកគ្រប់ច្រកល្ហក ទំាំងអស់តែមិនឃើញ ហើយលុះដល់ល្ងាច ថ្ងៃទី១៧ទទួលដំណឹងពី ឪពុកជនរងគ្រោះ ថា មានអ្នកស្រុកដែលរស់នៅ ភ្នំពេញ បានឃើញសាកសពម្នាក់ដេកស្លាប់ ក្បែរចិញ្ចើមផ្លូវ ខ្លួនក៏ប្រញាប់ប្រញាលមកមើល ទើបដឹងថា ជាបងប្អូនរបស់ខ្លួនដែលបាត់ខ្លួនពិតប្រាកដមែន ។
សមត្ថកិច្ចបានពិនិត្យសាកសពរួចហើយក៏ប្រគល់សាកសពទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
ដោយ៖ ដើមអម្ពិល
Photo by DAP-NEWS
Photo by DAP-NEWS
Next PostNewer Post Previous PostOlder Post Home

About