នាង​ស្លាប់​បន្សល់​ទុក​ខ្សែ​អាត់​ឪពុក​ចុង​សារ​ភាព

រាជធានីភ្នំពេញ ៖ នាងសុខ ស្រីពេជ្រ ដែលមានវិបត្តិផ្លូវចិត្ត ដោយសារឪពុកចុងចាប់រំលោភ ហើយគូដណ្តឹងដឹងរឿងក៏ផ្តាច់ពាក្យ ទៀតនោះបានសម្រេចចិត្ត លេបថ្នាំធ្វើអត្តឃាត រហូតមកដល់ពេលនេះក៏ បានស្លាប់ហើយនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត កាលពីវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី២៣ មេសា បន្ទាប់ពីគ្រូពេទ្យជួយសង្គ្រោះ អស់លទ្ធភាព រយៈពេល៤ថ្ងៃកន្លងមក ។
ប្រភពព័ត៌មាននៅ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតឱ្យដឹងថាស្ថានភាពថ្នាំពុលបានជ្រាបពេញ រាងកាយដែលគ្រូពេទ្យបង្ហើបថា មិនអាចជួយសង្គ្រោះ បានតាំងពីថ្ងៃដំបូងមកម៉្លេះ ។ ទោះជាយ៉ាងណា ដោយក្តីអាណិតអាសូរ ក្រុមគ្រូពេទ្យក៏ចេះតែជួយសង្គ្រោះ ដាក់ខ្យល់អុកស៊ីសែន និងថ្នាំបង្ការដើម្បីសង្គ្រោះ ប៉ុន្តែទីបំផុតនាង ត្រូវមច្ចុរាជផ្តាច់ជីវិតទាល់តែបាន ។
អ្វីជាការកត់សម្គាល់ គឺមុនពេលសម្រេចចិត្តលេបថ្នាំសម្លាប់ខ្លួននោះ នាងបានថតខ្សែអាត់សំឡេង របស់ឪពុកចុងដែលបានសារភាពតាមទូរស័ព្ទថា ខ្លួនពិតជាអ្នកបំផ្លាញ អនាគតរបស់នាងប្រាកដមែន ។ ខ្សែអាត់សំឡេងនេះ នារីរងគ្រោះបានឱ្យគ្រួសារគូដណ្តឹងរក្សាទុក ដើម្បីប្រគល់ ឱ្យសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់ លើឪពុកចុងរបស់នាង ពេលដែលនាងស្លាប់ទៅ ។ យោងតាមខ្សែអាត់សំឡេងនេះ សមត្ថកិច្ចកំពុងសហការតាមចាប់ខ្លួនឈ្មោះសុខ ប៊ុនរិន អាយុ៤០ឆ្នាំ ស្នាក់នៅផ្ទះជួល សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ ប៉ុន្តែរហូតមកដល់ពេលនេះសុខ ប៊ុនរិន បានរត់គេចខ្លួនបាត់ស្រមោល មិនដឹងទៅសម្ងំលាក់ខ្លួននៅទីណាទេ ។
សូមរំលឹកថា ករណីលេបថ្នាំសម្លាប់ខ្លួននេះ បានកើតឡើងនៅភូមិជន្លាត់ដៃ ឃុំរវាង ស្រុកសំរោង ខេត្តតាកែវ ដែលជាលំនៅឋានរបស់គូដណ្តឹងនារីរងគ្រោះកាលពីព្រលប់ថ្ងៃទី២០ មេសា បន្ទាប់ពីនាងត្រូវបានគូដណ្តឹងផ្តាច់ពាក្យហើយ សុំរាប់អានធ្វើជាបងប្អូនធម៌វិញ ។ មូលហេតុដែលនាងឈានដល់ ការលេបថ្នាំសម្លាប់ខ្លួននៅឯខេត្តតាកែវនោះ ដោយសារឈ្មោះនុប ឥសាន អាយុ២០ឆ្នាំ ដែលជាគូដណ្តឹងរបស់នាងបាន មានទំនាក់ទំនងស្នេហាជាមួយគ្នាពេលនាងស្នាក់នៅក្រុងតាខ្មៅ ខេត្តកណ្តាល ។ រីឯឈ្មោះនុប ឥសាន ក៏បានឱ្យម្តាយឪពុកចូល ស្តីដណ្តឹងនាងសុខ ស្រីពេជ្រ តាមគន្លងប្រពៃណីធ្វើជាប្រពន្ធ ។ ប៉ុន្តែជាអកុសលជិតដល់ ថ្ងៃរៀបអាពាហ៍ពិពាហ៍ទៅហើយ ស្រាប់តែបែកធ្លាយរឿងអាស្រូវឪពុកចុងចាប់រំលោភ រូបនាងហើយតាមព្យាបាទនាងទៀត មិនឱ្យមានសេចក្តីសុខជាមួយគូដណ្តឹង ឡើយ ។ មិនតែប៉ុណ្ណោះសោត ឪពុកចុងរូបនេះបាន រារាំងគំរាមកំហែងមិនឱ្យនាងនៅផ្ទះគូដណ្តឹង ជាហេតុធ្វើឱ្យគូដណ្តឹងរបស់នាងផ្តាច់ពាក្យទើបនាងសម្រេចចិត្តលេបថ្នាំសម្លាប់ខ្លួនលាពិភពលោកដ៏ខ្មៅងងឹតនេះ គឺសម្រាប់រូបនាងគ្មានថ្ងៃវិលត្រឡប់ក្រោយឡើយ ។ ប្រភពដដែលបានបន្តថា ឪពុកចុងបានចាប់រំលោភនាង នៅផ្ទះឯក្រុងតាខ្មៅ ខេត្តកណ្តាល ប៉ុន្តែបច្ចុប្បន្នឪពុកចុងរបស់នាងបានផ្លាស់ប្តូរទីលំនៅមកសង្កាត់ស្ពានថ្ម ខណ្ឌដង្កោវិញ ។
បន្ទាប់ពីនាង សុខ ស្រីពេជ្រ ស្លាប់បាត់បង់ជីវិត គ្រូពេទ្យបញ្ជាក់ថា នាងមានផ្ទៃពោះទម្ងន់២ខែមកហើយ ហើយសពនាង ត្រូវបានយកទៅតម្កល់ធ្វើបុណ្យនៅវត្តសន្សំកុសល ។ ជាមួយគ្នានេះ ភ្នាក់ងារកោះសន្តិភាពក៏បាននាំយកថវិកា១០ដុល្លារជាអំណោយរបស់សប្បុរសជនឈ្មោះខៀវ សំអឿន និស្សិតសាកលវិទ្យាល័យចេនឡាភ្នំពេញ ផ្ញើតាមរយៈកោះសន្តិភាព ទៅចូលបុណ្យសពនៅវត្តសន្សំកុសល នាព្រឹកថ្ងៃទី២៣ មេសា ផងដែរ ។
តាមការរៀបរាប់របស់ឈ្មោះនុប ឥសាន បានឱ្យដឹងថា សុខ ស្រីពេជ្រ ត្រូវឪពុកចុងរបស់នាងរំលោភម្តងកាលពីថ្ងៃទី៩ សីហា ឆ្នាំ២០១២ ខណៈពេលដែលនាងកំពុងដេកក្នុងអង្រឹងក្រោមផ្ទះនៅក្រុងតាខ្មៅ ដោយឪពុកចុងនាងបានស្រាយអង្រឹងទម្លាក់រួចចាប់បីនាងឡើងលើផ្ទះរំលោភតែម្តង ។
យុវជនអតីតគូដណ្តឹងបានឆ្លើយសារភាពដែរថា ទោះបីជាឪពុកចុងនាងបានប្រព្រឹត្ត អំពើថោកទាបមកលើរូបនាងក៏ដោយក៏ខ្លួន (នុប ឥសាន) និងនាងសុខ ស្រីពេជ្រ បានស្រឡាញ់គ្នា រួមរស់ជាមួយគ្នាតាំងពី ក្រោយថ្ងៃបុណ្យចូលឆ្នាំខ្មែរ ឆ្នាំ២០១២មកម្លេ៉ះ ហើយថ្មីៗនេះករណីនាងមានផ្ទៃពោះ២ខែកន្លះក្នុងពោះនេះគឺជាកូនរបស់ខ្លួន ។ នុប ឥសានបានរៀបរាប់បន្ថែមថា មូលហេតុដែលរូបគេនិងនាងសុខ ស្រីពេជ្រ ផ្តើមគំនិតផ្តាច់ពាក្យគ្នាគឺដោយសារពួកគេធ្វើល្បិច ដើម្បីឱ្យឪពុកនាងដែលលួចរត់បាត់ពីផ្ទះនោះ ត្រឡប់ចូលផ្ទះវិញ ដើម្បីពួកគេប្តឹងប៉ូលិសឱ្យចាប់ខ្លួនគាត់ ប៉ុន្តែបែរជានាងលេបថ្នាំសម្លាប់ខ្លួនទៅវិញ ។
ទោះយ៉ាងណាក៏ដោយ រឿងរ៉ាវខាងលើនេះ វានៅតែស្ថិតក្នុងភាពអាថ៌កំបាំង មួយដោយសារពេលនេះនាង សុខ ស្រីពេជ្រ បានស្លាប់បាត់ទៅហើយ និងម្យ៉ាងទៀតឪពុកចុងនាងក៏រត់គេចខ្លួនបាត់ដែរ ។ ថ្វីបើបែបនេះក្តី កម្មផលនិងអំពើអាក្រក់ប្រាកដ ជាហុចឱ្យបុគ្គលដែលបានប្រព្រឹត្តនៅពេល ណាមួយជាក់ជាមិនខានឡើយ៕



បញ្ចូលអត្ថបទ ៖ បុប្ផា កោះ
Next PostNewer Post Previous PostOlder Post Home

About