ពោធិ៍សាត់ ៖ គោក្របីនៅស្រុកក្រគរ បានកំពុងតែឈឺនិងងាប់មួយចំនួនតូចជាបន្តបន្ទាប់ ខណៈពេលស្រុកផ្សេងៗពុំមានជំងឺរាតត្បាតនេះកើតឡើង។ ប៉ុន្តែទោះយ៉ាងណាជំងឺរាតត្បាតងាប់គោក្របីនៅស្រុកក្រគរនោះ ក៏ត្រូវបានគេប្រាប់ថាពុំមានងាប់ច្រើនដូចកាលពីឆ្នាំ២០១២ឡើយ។
បើ តាមលោក ធឹម ង៉ុក មេឃុំឈើតុំបានប្រាប់កម្ពុជាថ្មីថា សត្វគោក្របីរបស់ប្រជាពលរដ្ឋក្នុងឃុំរបស់លោក ចាប់ផ្ដើមមានជំងឺនិងងាប់ជាបន្តបន្ទាប់ ប៉ុន្តែពុំមានច្រើនទេ ហើយជំងឺនេះចាប់ផ្ដើមក្រោយពេលចូលឆ្នាំខ្មែររួច ក្នុងចន្លោះថ្ងៃទី១៨ និង១៩ ខែមេសា ដោយប៉ះចំតែមួយភូមិប៉ុណ្ណោះ គឺភូមិបំណក់ ឃុំឈើតុំ ស្រុកក្រគរ ងាប់ក្របី៥ក្បាល និងគោមួយក្បាល ក្រៅពីនោះកំពុងមានជំងឺ ដោយជំងឺនេះចាប់ផ្ដើមចេញអុតក្ដាម ហើមពោះ ហើមក្រចកជើង និងរាកតែម្ដង។
លោក ហុងថាំង មេឃុំស្វាយស ស្រុកក្រគរឲ្យដឹងដែរថា ឃុំរបស់លោកមានជំងឺប្រភេទនេះឆ្លងដល់គោក្របីចំនួន៣ភូមិក្នុងនោះ ភូមិបឹងស្មុក៥ក្បាល ភូមិត្រពាំងឈ្នាល២ក្បាល និងភូមិកំរ៉ែង១ក្បាល ឯឃុំអន្សាចំបក់ ចំណុចកាច់កង់ក៏មានក្របីងាប់មួយក្បាលនាថ្ងៃទី២៥ ខែមេសាថ្មីនេះផងដែរ ដែលសរុបក្នុងស្រុកចំនួន១៥ក្បាលប៉ុណ្ណោះ។
លោក រស់ ឡា មន្ត្រីពេទ្យសត្វស្រុកក្រគរឲ្យដឹងថា ពិតជាមានជំងឺរាតត្បាតមកលើសត្វគោក្របីបណ្ដាលឲ្យងាប់ពិតមែន តែតួលេខពិតប្រាកដនោះនៅពុំទាន់ច្បាស់លាស់ ដោយរូបលោកកំពុងចុះដល់គោលដៅនោះ ហើយថាជំងឺនេះរាលដាលងាប់ពេញព្រៃនោះគឺគ្មានទេ។
លោក រស់ ឡា បន្តថា ប្រជាពលរដ្ឋត្រូវតែចាប់គោក្របីដែលលែងចោលនៅរដូវប្រាំងតាមព្រៃភ្នំ នោះមកវិញដើម្បីចាត់ថ្នាំការពារ និងមើលថែឲ្យបានដិតដល់ពុំដូច្នេះទេ ជំងឺនេះនឹងឆ្លងរាលដាលពីមួយទៅមួយមិនខាន។
ស្របពេលដែលនៅស្រុកក្រគរមានជំងឺរាតត្បាតនោះលើសត្វគោក្របីបណ្ដាលឲ្យងាប់និងឈឺជាបន្តបន្ទាប់នោះ នៅស្រុកកណ្ដៀង, ក្រុងពោធិ៍, ស្រុកបាកាន,ស្រុក ភ្នំក្រវាញ គឺមន្ត្រីពេទ្យសត្វបានចាក់ថ្នាំការពាររួចមុនជាស្រេច ហើយពេលនេះក៏ពុំមានជំងឺទាំងនេះឆ្លងរាលដាលដល់សត្វពាហនៈរបស់ពួក គាត់ដែរ៕ប្រភពពី កម្ពុជាថ្មី