អគ្គិភ័យ​​ដែល​​បាន​ត្របាក់​​ជីវិត​​មនុស្ស​​អស់​​៣៨​​នាក់​​


អគ្គិភ័យ​នេះ​បានឆេះ​សន្ធោសន្ធៅ យប់មិញ ក្នុង​មន្ទីរពេទ្យ​វិកលចរិត​នៃ​ទី​ប្រជុំជន ​ជា​ក្រុង​រណប​មួយ​របស់​រដ្ឋធានី​ម៉ូស្គូ។ វា​បាន​ផ្តាច់​ជីវិត​មនុស្ស​អស់​៣៨​នាក់ ពី​ក្នុង​នោះ អ្នក​ជម្ងឺ​ផ្ទាល់​គឺ​៣៦​នាក់ និង​២នាក់​ទៀត​ជា​គ្រូពេទ្យ​របស់​គេ។ លោក​ប្រធានាធិបតី​ពូទីន តាំងពី ព្រឹកមិញ​ទៅហើយ​ បាន​ផ្ទុកផ្តាក់​ឲ្យ​ធ្វើការ​ស៊ើបអង្កេត​យ៉ាង​ដិតដល់​បំផុត អំពី​មូលហេតុ​នៃ​សោកនាដកម្ម​គួរឲ្យ​រន្ធត់​នេះ។

 សាក្សីម្នាក់​ប្រាប់​​ថា ​បុរសម្នាក់​អាយុ​២៦ឆ្នាំ ដែល​ត្រូវ​គេ​ដឹកទៅ​ព្យាបាល​ក្នុង​ពេទ្យឆ្កួត​នោះ​ ជាអ្នក​​លួចដុត

អគ្គិភ័យ​បាន​ឆាបឆេះ​នៅ​ម៉ោង​២ រំលង​អធ្រាត្រ ឆ្លងចូល​ថ្ងៃ​២៦​មេសា​នេះ។ វា​ត្រូវ​ពន្លត់​ឲ្យ​រលត់​ទៅ គឺ​លុះ​នៅ​ម៉ោង ៤​និង​៤៨​នាទី ជិត​ភ្លឺ​ទៅហើយ។ អគារ​ជា​មន្ទីរពេទ្យ​ដែល​លេប​ត្របាក់​ដោយ​អណ្តាតភ្លើង មាន​តែ​មួយជាន់​ប៉ុណ្ណោះ។ ផ្ទៃក្រឡា​ដែល​ឆេះ សរុបទៅ​គឺ​៤២០ ម៉ែត្រ​ការ៉េ។
អគារ​នេះ​ស្ថិតនៅ​ទី​ប្រជុំជន​ឈ្មោះ Ramenskoy នៅ​ចម្ងាយ​៤៥​គ.ម.ពាយព្យ​ពី​រដ្ឋធានី​ម៉ូស្គូ។
សម្រាប់​ជា​ការ​យល់ដឹង ក្រុង​រណប​បែបនេះ ស្ថិតនៅ​ក្នុង​ដែនដី​ជុំវិញ​រដ្ឋធានី​ម៉ូស្គូ ជា​ដែនដី​នៃ​ខេត្តក្រោម​ឈ្មោះ​ថា “ខេត្ត​ម៉ូស្គូ” មាន​អភិបាលខេត្ត​របស់​ខ្លួន​ផ្ទាល់។ អភិបាលខេត្ត​នេះ លោក Andrei Vorobiev បាន​ប្រកាស​យក​ថ្ងៃសៅរ៍​ស្អែក​ជា​ទិវា​កាន់​មរណទុក្ខ រំលឹក​ដល់​វិញ្ញាណក្ខន្ធ​អ្នកស្រុក​ដែល​អភ័ព្វ​ស្លាប់​ទៅនោះ និង​ប្រកាស​ផ្តល់ប្រាក់​ឧបត្ថម្ភ​ដល់​គ្រួសារ​អ្នកស្លាប់​ម្នាក់ៗ គឺ​៥០​ម៉ឺន​រូប្ល រឺ​ប្រមាណ ១​ម៉ឺន៦​ពាន់​ដុល្លារ​អាមេរិក។

រីឯ​អ្នក​ធ្លាក់ខ្លួន​ស្លាប់ទៅ គឺ​៣៦​នាក់ ជា​អ្នកជម្ងឺ ហើយ​២នាក់​ជា​គ្រូពេទ្យ​ព្យាបាល​គេ។
មាន​ជីវិត​ថ្លៃ​នៅរស់ គឺ​អ្នកជម្ងឺ​២នាក់ និង​ស្ត្រី​គិលានុបដ្ឋាយិកា​ម្នាក់ ដែលជា​អ្នក​សង្គ្រោះ​គេ។

ស្លាប់​ច្រើន​យ៉ាងនេះ តាម​យោបល់​សមត្ថកិច្ច គឺ​មកពី​ពេល​អគ្គិភ័យ​ឆាបឆេះ អ្នកជម្ងឺ​កំពុង​ដេក​លង់លក់ ក្រោយពី​គេ​បាន​ផឹក​ថ្នាំសណ្តំ​សរសៃ​ប្រសាទ​គេ និង​មកពី​បង្អួច​អគារ​នោះ សុទ្ធតែ​បាំង​ទៅដោយ​ចម្រឹង​ដែក ការពារ​កុំឲ្យ​ពួក​អ្នកជម្ងឺ​មាន​ខួរក្បាល​ដើរ​មិនស្រួល អាចចេញ​ទៅ​ក្រៅ​ឡើយ។ បើ​និយាយ​ពី​ឡានទឹក​លត់​ភ្លើង​នោះ វា​បាន​បើក​ទៅដល់​កន្លែង​អាសន្ន​អន់ក្រ លុះ​១ម៉ោង​ក្រោយមក។

គណៈ​កម្មាធិការ​ខាង​ស៊ើប​អង្កេត​បាន​លើកឡើង​មូលហេតុ​៣​នៃ​អគ្គិភ័យ​នោះ គឺ៖

ទី១- អាច​មកពី​ការ​ធ្វេសប្រហែស បែបយ៉ាង​ភ្លេច​ពន្លត់​កន្ទុយ​បារី ដែល​ជក់​នៅសល់។
ទី២-ប្រហែល​មកពី​ខ្សែ​នាំ​ចរន្តអគ្គិសនី​ក្នុង​អគារ​នោះ ស្ថិតក្នុង​សភាព​ខូច​ទៅហើយ បណ្តាល​ឲ្យ​វា​ឆ្លងភ្លើង ខ្ទាត​ចេញ​ជា​ផ្កាភ្លើង ដែល​ជា​ដើមហេតុ​នៃ​អគ្គិភ័យ ដ្បិត​ក្នុង​អគារ​នោះ ទាំង​ក្តារ​ក្រាល ទាំង​ពិដាន គឺ​សុទ្ធតែ​ធ្វើ​ពី​ឈើ។
ទី៣-គឺ​ការ​លួចដុត​ឲ្យឆេះ​ដោយ​ចេតនា។ តឹកតាង​បែបនេះ បង្ហាញ​ដោយ​សាក្សីម្នាក់​ដែល​ថា ការ​លួចដុត​បែបនេះ​ប្រព្រឹត្តិ​ដោយ​បុរសម្នាក់​អាយុ​២៦ឆ្នាំ ដែល​ត្រូវ​គេ​ដឹកទៅ​ព្យាបាល​ក្នុង​ពេទ្យឆ្កួត​នោះ​ទាំង​បង្ខំ។ គាត់​បាន​លួច​ដុត​ឲ្យឆេះ​ទៅ កៅអី​ទម្រេទ នៅក្នុង​សាល​សម្រាប់​ពួក​អ្នកជម្ងឺ​អង្គុយ​មើល​ទូរទស្សន៍៕ប្រភពពី (RFI)
Next PostNewer Post Previous PostOlder Post Home

About