បញ្ជូនជន សង្ស័យ២នាក់ ទៅតុលាការ ពីបទហិង្សា មានស្ថាន ទម្ងន់ទោស

បាត់ដំបង៖ កម្លាំង អាវុធហត្ថខេត្ត បានបញ្ជូនជន សង្ស័យ២នាក់ ទៅតុលាការ នៅរសៀលថ្ងៃទី១៩ ខែ មេសា ឆ្នាំ២០១៣ ពីបទហិង្សា មានស្ថានទម្ងន់ទោស ដែលបានប្រព្រឹត្តិ យកដំបងឈើវាយ លើជនរងគ្រោះ បណ្តាលឲ្យបែកក្បាល កាលពីវេលាម៉ោង ៥និង៣០នាទី ល្ងាចថ្ងៃទី១៨ ខែមេសា រួចគេចខ្លួន តែត្រូវសមត្ថកិច្ច ឃាត់ខ្លួន និងវត្ថុតាងបាន ទាន់ពេលវេលា។
លោកអនុសេនីយ៍ឯក ឡាច ប្រុស នាយការិយាល័យ ស្រាវជ្រាវ បទល្មើសព្រហ្មទណ្ឌ ខេត្តបាន ឲ្យដឹងថា ជនសង្ស័យ ដែលសមត្ថកិច្ចឃាត់ខ្លួន ២នាក់មាន៖ ទី១ឈ្មោះ យ៉ែម តុលា ភេទប្រុស អាយុ២៨ ឆ្នាំ មុខរបរ (ស្រឡាញ់ ប្រពន្ធ ជនរងគ្រោះ) ទី២ឈ្មោះ យ៉ែម ទីន ភេទប្រុស អាយុ២២ឆ្នាំ ជាកម្មករ មានទីលំនៅ ភូមិព្រែកលៀប ឃុំព្រៃអំពក ស្រុកគីរីវង្ស ខេត្តតាកែវ (ជាបងប្អូនបង្កើត) ។ ចំណែកជនរងគ្រោះ មានឈ្មោះ រិត សារុំ ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរកម្មករ មានទីលំនៅភូមិ ឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង រងរបួសបែកក្បាល។
លោកអនុសេនីយ៍ឯក ឡាច ប្រុស បានបញ្ជាក់ថា ជនរងគ្រោះ និងប្រពន្ធឈ្មោះយិន សុឃីមភេទស្រី អាយុ៣០ឆ្នាំ បានឈ្លោះគ្នា ដោយបានលែងលះគ្នា ក្រៅប្រព័ន្ធតុលាការ កន្លងមក។
ក្រោយមកប្រពន្ធ ជនរងគ្រោះបាន មានទំនាក់ទំនង ស្នហាគ្នាលួចលាក់ ជាមួយឈ្មោះ យ៉ែម តុលា បានរយៈពេលជាង២ខែមកហើយ ពេលដឹងដល់ប្តី ដើមក៏មានបោះពាក្យសម្តី ដាក់គ្នាទៅមកជាហូរហែរ។ លុះដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៣វេលាម៉ោង៥និង៣០នាទី ល្ងាច ជនរងគ្រោះបានត្រឡប់ ពីដីថៃវិញឃើញ ប្រពន្ធខ្លួននៅជាមួយ ជនសង្ស័យ មានការក្តៅក្រហាយក៏បាននិយាយឌឺដង ដាក់គ្នាធ្វើឲ្យ២នាក់ បងប្អូនទ្រាំមិនបាន ទាញដំបងឈើ យកមកវាយ លើជនរងគ្រោះ បណ្តាលឲ្យបែកក្បាល រួចគេចខ្លួនបាត់ ។
ភ្លាមៗនោះអ្នក ភូមិបានជួយ សមត្ថកិច្ចឲ្យ ជួយអន្តរាគមន៌តាមចាប់ខ្លួន បក្ខពួកដៃដល់ទាំង២នាក់ និងវត្ថុតាងបញ្ជូនមក ទីបញ្ជាការអាវុធហត្ថខេត្ត ដើម្បីសាកសួរ។ ជនសង្ស័យទាំង២នាក់ បានឆ្លើយសារភាពថា ខ្លួនពិតជាបានប្រើហិង្សាវាយ ទៅលើជនរងគ្រោះ បណ្តាលឲ្យរបួស បែកក្បាលពិតប្រាកដមែន។
សូមបញ្ជាក់ថា ជនសង្ស័យទាំង២នាក់ នេះធ្លាប់ជាឃាតកបាន ចាក់សម្លាប់មនុស្សម្នាក់ កាលពី វេលាម៉ោង៨និង៣០នាទី យប់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១២ នៅក្នុងវត្តព្រះធាតុ ស្ថិតក្នុងភូមិខ្វាវ ឃុំព្រៃអំពកស្រុកគីរីវង្ស ខេត្តតាកែវ រួចគេចខ្លួនមករស់នៅ ខេត្តបាត់ដំបង រហូតដល់ថ្ងៃមានរឿងត្រូវ ចាប់ខ្លួនតែម្តង។ បច្ចុប្បន្នការិយាល័យ ជំនាញបានកសាងសំណុំរឿងបញ្ជូន ខ្លួនទៅតុលាការខេត្ត ដើម្បីចាត់ការតាមច្បាប់ នៅរសៀលថ្ងៃទី១៩ ខែមេសានេះ រួចរាល់ហើយ៕ ដោយៈ ដើមអម្ពិល
Next PostNewer Post Previous PostOlder Post Home

About