មេដឹកនាំអាមេរិក ជូនពរពលរដ្ឋខ្មែរ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី
ភ្នំពេញៈ លោក ចន ខេរី រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក បានផ្ញើសារជូនពរដល់ពលរដ្ឋខ្មែរ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ រយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៣។ មេដឹកនាំសហរដ្ឋអាមេរិក បានប្រកាសគាំទ្រដល់កិច្ចប្រឹងប្រែងទាំងឡាយណា ដែលធានាឲ្យមានការបោះឆ្នោតដោយសេរី និងយុត្តិធម៌ ព្រមទាំងមានការគោរពតាមលទ្ធិប្រជាធិបតេយ្យ សម្រាប់ការបោះឆ្នោតជាតិ នៅកម្ពុជា នាខែកក្កដាខាងមុខ។
ក្នុងសារលិខិតរបស់ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក ចន ខេរី បានលើកឡើងថា តំណាងឲ្យប្រធានាធិបតីសហរដ្ឋអាមេរិក លោកសូមជូនពរដល់ជនរួមជាតិខ្មែរទាំងអស់ក្នុងឱកាសចូលឆ្នាំថ្មីនេះ ។
រដ្ឋមន្ត្រីការបរទេសអាមេរិក លើកឡើងថា ប្រទេសកម្ពុជា បានឆ្លងកាត់នូវការរីកចម្រើនគួរឲ្យកត់សម្គាល់ ក្នុងរយៈពេលពីរទសវត្សរ៍កន្លងទៅនេះ ហើយសហរដ្ឋអាមេរិក សង្ឃឹមថា នឹងក្លាយជាដៃគូមួយ នៅក្នុងការអភិវឌ្ឍជាបន្តបន្ទាប់របស់កម្ពុជា។
លិខិតរបស់រដ្ឋមន្ត្រីការបរទេសអាមេរិក លើកឡើងថា ក្នុងឆ្នាំនេះ ខណៈកម្ពុជា នឹងមានការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នៅខែកក្កដាខាងមុខ យើងគាំទ្រកិច្ចប្រឹងប្រែងធានាដំណើរការបោះឆ្នោតដោយសេរី និងយុត្តិធម៌ ដែលឆ្លើយតបនឹងការចង់បានលទ្ធិប្រជាធិបតេយ្យរបស់ប្រជាជនកម្ពុជា៕ ប្រភព៖ CEN