កូរ៉េ​ខាង​ជើង ធ្វើ​ការ​ចល័ត​មីស៊ីល ដែល​អាច​នឹង​ត្រៀម​បាញ់

សេអ៊ូល៖ ទីភ្នាក់ងារព័ត៌មានយុនហាប់ របស់កូរ៉េខាងត្បូង បានចេញផ្សាយនៅថ្ងៃ ព្រហស្បតិ៍ ទី១១ ខែមេសា ឆ្នាំ២០១៣ នេះថា កូរ៉េខាងត្បូង និង សហរដ្ឋអាមេរិក កំពុងតែត្រៀមទប់ទល់ទៅនឹង ការបាញ់គ្រាប់មីស៊ីល ដែលអាចទៅរួចពីសំណាក់ កូរ៉េខាងជើង។
បើតាមព័ត៌មានដែលទីភ្នាក់ងារ ស៊ើបអង្កេតសម្ងាត់កូរ៉េខាងត្បូងទទួល បានឲ្យដឹងថា រដ្ឋកុម្មុយនិស្តព្យុងយ៉ាង បានធ្វើការចល័តគ្រាប់មីស៊ីល មួយចំនួនទៅ កាន់តំបន់ឆ្នេរភាគខាងកើតប្រទេស ដើម្បីបង្ហាញដល់ភ្នែកអ្នកតាមដាននានា។
តាមការតាមដានពី ទីភ្នាក់ងារសម្ងាត់ឲ្យដឹងថា កូរ៉េខាងជើងបានចល័ត មីស៊ីល មូស៊ូដាន ដែលមានរយៈចម្ងាយមធ្យមចំនួនពីរគ្រាប់ ទៅកាន់ទីក្រុងកំពុងផែ វ៉ុនសាន ភាគខាង កើតប្រទេស។ រថយន្ត ៤ ទៅ ៥គ្រឿងត្រូវបានគេជឿជាក់ថា បានដឹកឧបករណ៍បាញ់ គ្រាប់មីស៊ីលដែលហៅកាត់ថា (TEL) ហើយវាបាននិងកំពុងតែចល័តនៅខេត្ត ហាមយឿង ភាគខាងត្បូងប្រទេស។
គួរបញ្ជាក់ផងដែរថា នៅថ្ងៃព្រហស្បតិ៍ ទី១១ ខែមេសា ឆ្នាំ ២០១៣ នេះ ប្រទេសកូរ៉េ ខាងជើង បានរៀបចំនៃពិធីរំលឹកខួបមួយឆ្នាំ នៃការឡើងកាន់តំណែងជាប្រធានបក្ស កុម្មុយនិស្តព្យុងយ៉ាង ដែលលោក គីម ចុងអ៊ុន បានសន្យាថា នឹងធ្វើឲ្យប្រទេសនេះ ក្លាយជាប្រទេសដ៏ខ្លាំងក្លាមួយ នៅលើពិភពលោក។ ការឡើងកាន់តំណែងជាមេដឹកនាំ ស្នងត្រកូលទី៣ របស់លោក គីម ចុងអ៊ុន នេះបានកើតឡើងបន្ទាប់ពី បីតារបស់ខ្លួនគឺ លោក គីម ជុងអ៊ីល បានទទួលមរណភាពកាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១១ ដោយសារ ជម្ងឺបេះដូង៕
  ប្រភព ដើមអម្ពិល 
Next PostNewer Post Previous PostOlder Post Home

About