ភ្នំពេញៈ អាជ្ញាធរសាលារាជធានីភ្នំពេញ បានព្រមានថា នឹង«ចាត់វិធានការ»ប្រឆាំងនឹងអ្នកចូលរួមក្នុងការជួបជុំរបស់ បក្សប្រឆាំងនៅថ្ងៃនេះ ប្រសិនបើពួកគេ សម្រេចចិត្តដើរជាក្បួនក្រៅ សួនសេរីភាពនៅក្បែរវត្តភ្នំ។
អភិបាលរងរាជធានីភ្នំពេញលោក ឃួង ស្រេង បានប្រាប់ភ្នំពេញ ប៉ុស្តិ៍ កាលពីថ្ងៃអង្គារថា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃលោក ស ខេង បានចេញបញ្ជាដល់សាលារាជធានីដោយណែនាំឲ្យហាមសមាជិកគណបក្សសង្គ្រោះ ជាតិកម្ពុជា(CNRP)មិនឲ្យដើរជាក្បួនកាត់តាមផ្លូវសាធារណៈឆ្ពោះទៅ ការិយាល័យរបស់គណៈកម្មាធិការរៀបចំការបោះឆ្នោតដើម្បីទាមទារកំណែ ទម្រង់ច្បាប់បោះឆ្នោតឡើយ។
បញ្ជានេះក៏បានបញ្ជាក់ដែរថា CNRP អាចធ្វើការតវ៉ានៅក្នុងសួនសេរីភាព ហើយកម្រិតអ្នកចូលរួមត្រឹមតែ២០០នាក់យោងតាមមាត្រា ចែងក្នុងច្បាប់ស្តីពីបាតុកម្ម។ លោក ឃួង ស្រេង ក៏ឲ្យដឹងដែរថា សាលារាជធានីនឹងដាក់របាំងការពារដើម្បីបញ្ឈប់អ្នកដើរក្បួនហើយនឹង ចាត់វិធានការ ប្រសិនបើមានការចាំបាច់។
លោកថ្លែងថា៖« ក្រសួងមហាផ្ទៃ មិនបានយល់ព្រមទេ។ នរណាដែលល្មើសនឹងការណែនាំរបស់ក្រសួងជារឿងខុសច្បាប់។ ខ្ញុំត្រូវតែធ្វើតាមការណែនាំរបស់ក្រសួង។ មនុស្សទូទៅត្រូវតែគោរពច្បាប់បើមិនគោរពទេ អាជ្ញាធរ នឹងបង្ខំឲ្យពួកគេគោរពច្បាប់»។
សមាជិក CNRP ប្តេជ្ញាបន្តធ្វើតាមផែនការពួកគេ ហើយថាការប្រឈមគ្នាទំនងជាកើតមាន។ មេដឹកនាំបក្សចង់ឲ្យគណៈកម្មាធិការរៀបចំការបោះឆ្នោតធ្វើអ្វី មួយជុំវិញបញ្ជីអ្នកបោះឆ្នោតដែលត្រូវគេរិះគន់នៅប៉ុន្មានសប្តាហ៍ ថ្មីៗនេះថា ហួសសម័យ និងមិនត្រឹមត្រូវ។
លោក ហូ វ៉ាន់ សមាជិក CNRP និងជាសមាជិកសភា ថ្លែងថា៖ «យើង បានត្រៀមការដើរជាក្បួននេះហើយ»។
ការប៉ាន់ស្មានពីការចូលរួមរបស់សមាជិកបក្សជុំវិញបាតុកម្មនៅ ថ្ងៃនេះមាន៤ពាន់នាក់ឬច្រើនជាងចំនួនកំណត់៕ NR ប្រភពពី ភ្នំពេញប៉ុស្តិ៍