ស្វាយរៀង៖ មន្រ្តីនគបាលប៉ុស្ត៍រដ្ឋបាលម្នាក់ ត្រូវបានយុជនម្នាក់ចោទប្រកាន់ថា បានលោតមកធាក់ខ្លួន និងមិត្តភក្តិរបស់ខ្លួន បណ្ដាលឲ្យដួលម៉ូតូ និងបាក់ភ្លៅម្ខាង ដោយមិនដឹងមូលហេតុអ្វីទាំងអស់។
យុវជន ប្រាក់ សុវណ្ណលីដា អាយុ ១៩ឆ្នាំ ដែលកំពុងតែសម្រាកព្យាបាល នៅគ្លីនិកឯកជនមួយ ក្នុងខេត្តស្វាយរៀងបានប្រាប់ឲ្យដឹងថា ហេតុការណ៍ នេះ បានកើតឡើងតាំងពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៣មកម្លេះ នៅក្នុងវត្តខ្ជាយដែលស្ថិតនៅក្នុង ឃុំរមាំងថ្កោល ស្រុកស្វាយទាប ដោយមុនពេល កើតហេតុ ជនរងគ្រោះរួមជាមួយមិត្តភក្តិម្នាក់ទៀត បានជិះម៉ូតូនៅក្នុងវត្តខ្ជាយ ស្រាប់តែមន្រ្តីនគរបាលប៉ុស្ត៍រដ្ឋបាលម្នាក់ឈ្មោះ ផាត់ គន្ធា ហៅម៉ុក មិនដឹងជាមានរឿង ហេតុអ្វីស្រាប់តែស្ទុះមកធាក់ម៉ូតូ ដែលក្រុមយុវជនកំពុងតែបើក បណ្ដាលឲ្យដួលហើយនគរបាលនោះ បានស្ទុះទៅវាយទាត់ ធាក់មិត្តភក្តិរបស់គេ ព្រមទាំងវាយខ្នោះ និងចាប់យកទៅកាន់ប៉ុស្តិ៍រដ្ឋបាល ថែមទៀតផង ដោយឡែករូបគេបានវារឡើង ពួននៅលើព្រះវិហារ ខណៈ ដែលនគរបាលរូបនេះ បានវាយមិត្តភក្តិរបស់ខ្លួននោះ។
ម្ដាយមីងជនរងគ្រោះ ដែលមកកំដរក្មួយរបស់ខ្លួន បានប្រាប់ឲ្យដឹងថា មន្រ្តីនគរបាល ដែលបានទាត់ក្មួយប្រុសរបស់ខ្លួន ឲ្យរងរបួសបាក់ភ្លៅនេះ គឺ ជាអ្នករស់នៅក្នុងស្រុកភូមិជាមួយគ្នា «កន្លងមក មនុស្សនេះមានប្រវត្តិមិនល្អនោះទេ តាំងពីមិនទាន់បានធ្វើនគរបាលប៉ុស្តិ៍ ដូច្នោះ ខ្ញុំសំណូមពរឲ្យ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ជួយរកយុត្តិធម៌ដល់ក្មួយប្រុសខ្ញុំផង»។
លោក ប្រាក់ សុវណ្ណថា ឪពុកជនរងគ្រោះបានប្រាប់ឲ្យដឹងថា បន្ទាប់ពីមានអំពើហិង្សា មកលើកូនរបស់គាត់រួចមក គាត់បានទៅដាក់ពាក្យបណ្ដឹង នៅការរិយាល័យ ព្រហ្មទណ្ឌកំរិតស្រាល ខេត្តស្វាយរៀង ដើម្បីឲ្យមានការចាប់ជនដៃដល់ មកផ្ដន្ទាទោសទៅតាមច្បាប់ និងសងជំងឺចិត្តថ្លៃការ ព្យាបាលតឆ្អឹងជើង ដល់កូនគាត់ផងដែរ ក៏ប៉ុន្តែចាប់តាំងពីថ្ងៃដាក់ពាក្យបណ្ដឹង មិនទាន់ឃើញសមត្ថកិច្ច មានចំណាត់ការអ្វីនៅឡើយនោះទេ។
លោក ដាំ ឃា អធិការនគរបាលស្រុកស្វាយទាប បានប្រាប់ឲ្យដឹងថា រឿងនេះខាងព្រហ្មទណ្ឌកំរិតស្រាល របស់ស្នងការនគរបាលខេត្តជាដោះស្រាយ ហើយសំណុំរឿងនេះ លោកក៏បានបញ្ជូន ទៅកាន់ការិយាល័យ ព្រហ្មទណ្ឌកំរិតស្រាលអស់ហើយដែរ។
លោក សួស សារិន ប្រធានការរិយាល័យ ព្រហ្មទណ្ឌកំរិតស្រាល បានប្រាប់ឲ្យដឹងថា សំណុំរឿងនេះ លោកមិនទាន់បានឃើញនៅឡើយទេ ព្រោះ លោកកំពុងតែមានភារកិច្ច នៅខេត្តមណ្ឌុលគិរី ហើយប្រសិនបើខាងស្រុកគេបញ្ជូនសំណុំរឿងនេះមករួចហើយនោះ អនុប្រធានរបស់លោកអាច និងកំពុងពិនិត្យសំណុំរឿងនេះ៕ ដោយ ៖ ដើមអម្ពិល