ចាប់ចោរ លួចទ្រព្យសម្បត្តិម្នាក់ ប្រគល់ឲ្យ សមត្ថកិច្ច ហើយ ឲ្យដោះលែងវិញ

ភ្នំពេញ៖ បុរសម្នាក់ជាបុគ្គលិកក្រុមហ៊ុនមួយ ត្រូវបានតំណាងក្រុមហ៊ុន សហការគ្នា ជាមួយនគរបាល ប៉ុស្តិ៍ទួលស្វាយព្រៃទី ១ នឹង នគរបាលខណ្ឌចំការមន ចាប់ខ្លួនយកមកឃុំនៅអធិការដ្ឋាន នគរបាលខណ្ឌអស់ រយៈពេលមួយយប់មួយថ្ងៃ ហើយស៊ិសស៊ុះគ្នាដោះលែងទៅវិញ ស្ងាត់ៗ កាលពីព្រឹកថ្ងៃទី ១៩ ខែមេសា ឆ្នាំ២០១៣ ដោយខាងក្រុមហ៊ុន សុខចិត្តទទួលយកប្រាក់ជិតពីរពាន់ដុល្លារ សម្រាប់ការដោះលែង។ នេះបើយោងតាមការអះអាង របស់ជនជាប់សង្ស័យ ។
ជុំវិញរឿងរ៉ាវខាងលើនេះ មិនមានមន្ត្រីនគរបាលខណ្ឌចំការមនណាម្នាក់ បញ្ជាក់ថា បុរសដែល ចាប់ខ្លួនមកហើយដោះលែងទៅវិញនោះ មិនបាន ស្គាល់ឈ្មោះទេ ។ ប៉ុន្តែបើតាមការរៀបរាប់ របស់ជនជាប់សង្ស័យ ហើយត្រូវសមត្ថកិច្ច ដោះលែងតាមសំណើរក្រុមហ៊ុននោះ បានឲ្យដឹងថា គាត់ បានលួចយកគ្រឿងអគ្គិសនីពីក្រុមហ៊ុនមួយនៅភ្នំពេញ អស់មួយចំនួនធំ ក្នុងអំឡុងបុណ្យចូលឆ្នាំថ្មីៗនេះ ដោយសាររូបគេ ជាបុគ្គលិកក្រុមហ៊ុនស្រាប់ ។ លុះដល់ព្រឹកថ្ងៃទី ១៨ ខែមេសា ឆ្នាំ ២០១៣ ខណៈដែលរូបគេមកចូលធ្វើការដូចធម្មតា ក៏ត្រូវតំណាងក្រុមហ៊ុន ចាប់ខ្លួនប្រគល់ឲ្យ នគរបាលប៉ុស្តិ៍ទួលស្វាយព្រៃទី១។
បន្ទាប់មកតំណាងក្រុមហ៊ុន និងសមត្ថកិច្ច ក៏បានទៅយកសម្ភារអគ្គិសនី ដែលរូបគេលួច ចេញពីក្រុមហ៊ុន យកទៅទុកនៅផ្ទះ ម្តុំជម្ពូរវ័ន្ត សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មកវិញអស់ ហើយថែមទាំងទារលុយជំងឺចិត្តបីពាន់ដុល្លារ ។ ប៉ុន្តែដោយរូបគេ បានសុំអង្វរករក្រុមហ៊ុន សងលុយ ១៥០០ ដុល្លារ ទើបក្រុមហ៊ុន យល់ព្រមដោះលែងរូបគេទៅវិញ ៕    ដោយ ៖ ដើមអម្ពិល
Next PostNewer Post Previous PostOlder Post Home

About