ពេលវេលាពុំគួរងូតទឹក
ងូតទឹក ជាតម្រូវការប្រចាំថ្ងៃរបស់មនុស្សម្នាក់ៗ ដើម្បីធ្វើការសម្អាតខ្លួនប្រាណឱ្យបានល្អ ប៉ុន្តែក៏ត្រូវយកចិត្តទុកដាក់ថា តើពេលវេលាណាគួរងូតទឹក និងពេលណាមិនគួរងូតទឹកផងដែរ។ ខាងក្រោមនេះ យើងនឹងរៀបរាប់ពីពេលវេលាមិនគួរងូតទឹក ដើម្បីឱ្យអ្នកស្វែងយល់។
១) ពេលអស់កម្លាំង៖
មនុស្សជាច្រើនបានយល់ថា ងូតទឹកនៅពេលអស់កម្លាំង អាចធ្វើឱ្យរាងកាយបានស្រឡះល្អ ប៉ុន្តែជាក់ស្តែងនោះវាធ្វើឱ្យលទ្ធភាពចរាចរណ៍ឈាមថយចុះជាខ្លាំង។ បើអ្នកងូតទឹក ពិសេសគឺទឹកត្រជាក់ អាចធ្វើឱ្យអ្នកកាន់តែអស់កម្លាំង គ្រុនរងា ហើយជួនកាលអាចបណ្តាលឱ្យសន្លប់ទៀតផង ជាពិសេសអ្នកមិនត្រូវងូតទឹកដុសសាប៊ូនោះទេ ព្រោះសាប៊ូមានផ្ទុកជាតិអាល់កាឡាំងខ្លាំង នៅពេលវាលុកលុយចូលក្នុងស្បែកយើង នឹងធ្វើឱ្យកើនអារម្មណ៍អស់កម្លាំង។ មិនថាអស់កម្លាំងដោយធ្វើពលកម្មដៃជើង ឬខួរក្បាល យកល្អចូរសម្រាកឱ្យសរីរាង្គត្រឡប់មកស្ថានភាពតុល្យភាពសិន ទើបចាប់ផ្ដើមងូតទឹក។
២) ពេលសម្ពាធឈាមទាប៖
នៅពេលដែលចុះ សម្ពាធឈាម សីតុណ្ហភាពរាងកាយក៏ចុះទាបដែរ។ មនុស្សជាច្រើនបានជ្រើសយកវិធីងូតទឹកក្តៅ ដើម្បីកែប្រែស្ថានភាពឱ្យប្រសើរឡើង នេះគឺជាទម្លាប់មួយផ្ទុយពីវិទ្យាសាស្ត្រ។ ប៉ុន្តែទឹកក្តៅខ្ពស់ជាងសីតុណ្ហភាពរាងកាយ ពេលនោះអាចបង្កឱ្យសរីរាង្គយើង នឹងកាន់តែអស់កម្លាំងងងឹតមុខផងដែរ។
៣) ក្រោយពេលទទួលទានស្រា ស្រាបៀរ៖
ស្រា និងស្រាបៀរសម្បូរសារជាតិរំញោច រារាំងសកម្មភាពមុខងាររបស់ថ្លើម និងរំលស់សារជាតិគ្លុយកូសមួយផ្នែកធំក្នុងសរីរាង្គ។ ទោះបីទឹកក្តៅ ឬត្រជាក់ ការងូតទឹកនឹងធ្វើឱ្យសីតុណ្ហភាពប្រមូលផ្តុំក្នុងសរីរាង្គ មិនសាយភាយចេញបានធ្វើឱ្យស្ថានភាពស្រវឹងនឹងប្រែជាធ្ងន់ធ្ងរជាង ហើយបង្កឱ្យចង់ក្អួត, ឈឺក្បាល ,វិលមុខ និងធីងធោងជាដើម។
៤) ក្រោយពេលទទួលទានអាហារភ្លាម៖
ងូតទឹកក្រោយពេលទទួលទានអាហារភ្លាម នឹងធ្វើឱ្យសរសៃឈាមតូចៗក្នុងសរីរាង្គយាររីក។ បរិមាណចរាចរណ៍ឈាមផ្លូវពោះវៀន ថយចុះ។ រំអិលក្រពះ បញ្ចេញតិច ជះឥទ្ធិពលដល់មុខងាររំលាយអាហារ យូរថ្ងៃនឹងបង្កជាជំងឺផ្លូវក្រពះពោះវៀន។ ដូចនេះអ្នកគួរងូតទឹកក្រោយពេលបាយ ពី១-៣ម៉ោង។
៥) ពេលឃ្លានជ្រុល៖
ពេលកំពុងឃ្លាននោះ បរិមាណស្ករក្នុងឈាមចុះដល់កម្រិតទាបបំផុត។ ប្រសិនជាអ្នកងូតទឹកនៅពេលនេះ សរីរាង្គនឹងមិនគ្រប់ថាមពលរំលាយអាហារចាំបាច់ ដូច្នេះហើយអាចបង្កឱ្យវិលមុខ ជួនកាលត្រូវសន្លប់។
៦) ពេលយប់៖
ងូតទឹកពេលយប់ ទោះបីជាទឹកត្រជាក់ ក៏ធ្វើឱ្យសរសៃឈាមយាររីក សម្ពាធឈាមទាប អ្នកមានជំងឺចុះសម្ពាធឈាម ងាយលេចចេញបាតុភូតខ្វះឈាមខួរក្បាល, ធ្ងន់ធ្ងរជាងអាចបណ្តាលឱ្យវង្វេងវង្វាន់។ អ្នកដែលមិនត្រូវងូតទឹកដាច់ខាតនៅពេលយប់ គឺស្ត្រីមានគភ៌, កុមារតូចៗ និងស្ត្រីកំពុងមានរដូវ៕
អត្ថបទ៖ CEN