ក្នុងពិធីដង្ហែព្រះសព ព្រះសុមង្គលសិលាចារ្យបញ្ញាសិរិ ពុធ ប៉ុណ្ណ តាមដងវិថីនានា ក្នុងក្រុងសៀមរាបកាលពីរសៀល ថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ២០១៣ មានការនិមន្តនិងអញ្ជើញចូលរួមពីព្រះសង្ឃ ញាតិញោមពុទ្ធបរិស័ទ មន្ត្រីរាជការ អាជ្ញាធរដែនដី កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវជនកាកបាទក្រហមកម្ពុជា និងយុវជនកាយឬទ្ធិជាង ២.០០០នាក់។
ពិធីបុណ្យបូជាព្រះសពនេះ មានរយ:ពេល៥ថ្ងៃ គឺចាប់ពីថ្ងៃសុក្រ ៣រោច ត្រូវនិងថ្ងៃទី២៩ ខែមីនា រហូតដល់ ថ្ងៃអង្គារ ៨រោច ខែផល្គុន ឆ្នាំរោង ចត្វាស័ក ព.ស ២៥៥៦ ត្រូវនឹងថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៣ តាមកម្មវិធីដែលបានគ្រោងទុក ហើយនៅវេលាម៉ោង៦និង៣០នាទីល្ងាច ថ្ងៃទី០១ មេសា គឺពិធីប្រគេនព្រះភ្លើងដល់ព្រះសព នៅវត្តកេសរារាម ដោយសម្ដេចព្រះអគ្គមហាសង្ឃរាជ ទេព វង្ស។
សូមរំលឹកថា ព្រះគម្ពីរត្ថេរ រាជាគណ:ថ្នាក់ចត្វា ព្រះសុមង្គលសិលាចារ្យ បញ្ញាសិរិ ពុធ ប៉ុណ្ណ អតីតព្រះមេគណខេត្តសៀមរាប និងជាព្រះគ្រូចៅអធិការវត្តកេសរារាម ប្រសូត្រនៅថ្ងៃពុធ ១៥ កើត ខែពិសាខ ឆ្នាំកុរ ព.ស ២៤ ៦៦ ត្រូវនឹងថ្ងៃទី០១ ខែឧសភា ឆ្នាំ១៩២២ ក្នុងត្រកូលកសិករ នៅភូមិកំពង់ពោធិ៍ ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្ដាល។ ព្រះអង្គទទួលអនិច្ចធម្មក្នុងព្រះជន្មាយុ៨៥ព្រះវស្សា កាលពីថ្ងៃសុក្រ ១១កើត ខែស្រាពណ៍ ឆ្នាំកុរ នព្វស័ក ព.ស ២៥៥១ ត្រូវនឹងទី២៤ ខែសីហា ឆ្នាំ២០០៧ នៅមន្ទីរពេទ្យកាល់ម៉ែតក្រុងភ្នំពេញ៕
