ថៅកែភោជនីយដ្ឋាន ប៉ោកី មិនអនុញ្ញាត ឲ្យបុគ្គលិកឈប់សម្រាក ថ្ងៃចូលឆ្នាំខ្មែរ

ភ្នំពេញ៖ ថៅកែភោជនីយដ្ឋាន ប៉ោកី ដែលមានទីតាំង នៅតាមបណ្តោយ ផ្លូវព្រះមុនីវង្ស ជិតស្តុបពេទ្យចិន មិន អនុញ្ញាតឲ្យ បុគ្គលិករបស់ខ្លួន បានឈប់សម្រាក ថ្ងៃបុណ្យចូលឆ្នាំ ប្រពៃណីជាតិឡើយ។
លោក យ៉ាន់ រ័ត្នកែវពិសី មន្រ្តីសហជីពសេរីកម្មករនៃ ព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ ប្រាប់ មជ្ឈមណ្ឌល ព័ត៌មាន ដើមអម្ពិល នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៣ថា បុគ្គលិកជាង៤០នាក់ ដែលបម្រើការងារ ក្នុង ភោជនីយដ្ឋានទាំងអស់ ទើបតែផ្ទុះកូដកម្ម នៅព្រឹកនេះទេ ដោយសារតែពួក គេទាមទារឲ្យបើក ប្រាក់ សម្រាប់ ខែមីនា និងសុំឈប់ថ្ងៃបុណ្យ ចូលឆ្នាំខ្មែរតាមច្បាប់ ការងារដែល បានកំណត់។
លោកបានបញ្ជាក់ថា “នៅព្រឹកមិញនេះដែរ ខាងភោជនីយដ្ឋាន បានដាក់កំណត់ឲ្យ បុគ្គលិកថា បើអ្នកណា ធ្វើលិខិតលាលែង ពីការងារឲ្យគេ អាហ្នឹងគេបើក ប្រាក់ខែឲ្យ បើមិនឈប់ទេ គឺមិនឲ្យទេ”។
លោកបន្តថាជារៀងរាល់ខែ ថៅកែបើកប្រាក់ខែឲ្យនៅថ្ងៃទី១៥ ជារៀងរាល់ខែ ប៉ុន្តែក្នុងអំឡុងពេលបុណ្យ ចូលឆ្នាំ នេះថៅកែបើកប្រាក់ខែឲ្យ ៥០ដុល្លារ។
មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៣នេះ ពុំទាន់អាចទាក់ទងសុំ ការបំភ្លឺជុំវិញ បញ្ហានេះ ពីម្ចាស់ ភោជនីយដ្ឋានប៉ោកី បាននៅឡើយទេ៕
ដោយ ៖ ដើមអម្ពិល
Next PostNewer Post Previous PostOlder Post Home

About