ភ្នំពេញ៖ ទើបតែបានសម្តែងនៅក្នុងខារ៉ាអូខេ បទចម្រៀងក្នុងផលិតកម្ម សាន់ដេ បានមួយបទសោះ ស្រាប់តែតារាសម្តែងក្រមិចក្រមើម សម្បូរមន្តស្នេហ៍ កញ្ញា ងួន ច័ន្ទពេជ្រសុនីតា ហៅតាតា ដែលមហាជនស្គាល់យ៉ាងច្បាស់ តាមរយៈបទ "នឹងអូនឡើងគ្រុន" របស់លោក កែវ វាសនា បានបាត់វត្តមាន សូន្យឈឹងចេញពីពិភពសិល្បៈ ជាតារាសម្តែង បន្ទាប់ពីនាងត្រូវបានមហាជន និងស្រទាប់យុវវ័យបានស្គាល់ ។
បន្ទាប់ពីបាត់មុខក្នុងការសម្តែងខារ៉ាអូខេ ក្នុងបទ "នឹងអូនឡើងគ្រុន" មួយសន្ទុះធំរួចមក តារាសម្តែងវ័យក្មេង តាតា ធ្លាប់បានប្រាប់គេហទំព័រ LookignTODAY ថា នាងត្រូវបានម្តាយ បើកភ្លើងខៀវ ឲ្យចូលសម្តែងឡើងវិញហើយ ។ ខណៈនោះកញ្ញា តាតា ក៏បានប្រាប់ឲ្យដឹងទៀតថា នាងបានថតខារ៉ាអូខេ បទចម្រៀងឲ្យផលិតកម្ម ថោន សម្តែងនៅក្នុងបទ ចម្រៀងរបស់លោក សុគន្ធ ថេរ៉ាយុ ទៀតផង ។ តែមកដល់ពេលនេះ ការសម្តែងខារ៉ាអូខេរបស់នាង នៅក្នុងផលិតកម្មថោន ហាក់មិនទាន់បានឃើញ និងចេញជារូបរាងនៅឡើយទេ ។
កាលពីពេលកន្លងទៅ តារាសម្តែងសាច់សសម្បូរស្នេហ៍ តាតា ធ្លាប់បានអះអាងប្រាប់ LookingTODAY ឲ្យដឹងថា នាងគ្មានស្នេហាជាមួយ បុរសណាម្នាក់ឡើយ តែមានគេតាមស្រឡាញ់នាងច្រើន ។ បន្ទាប់ពីប្រាប់របៀបលាក់លៀមមហាជនថា គ្មានសង្សាររួចមក នៅរសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៣នេះ ស្រីស្រស់សម្ផស្ស ឆើតឆាយចាយសម្រស់ កញ្ញា តាតា បានប្រាប់ត្រង់ៗឲ្យគេហទំព័រ LookingTODAY ដឹងថា "កាលពីមុន ខ្ញុំពិតជាធ្លាប់មានសង្សារពិតមែន តែឥឡូវនេះខ្ញុំ និងគាត់បានបែកគ្នាហើយ "។
កញ្ញា តាតា បានប្រាប់លាយឡំសំណើតកក្អឹកទៀតថា "ឥឡូវនេះ ខ្ញុំមិនទាន់មានសង្សារទេ គឺមានអ្នកចូលស្តីដណ្តឹងតែម្តង ។ គេចូលស្តី ៣ ទៅ ៤ដងហើយ តែខ្ញុំបានគេចតែរហូតហ្នឹង..! ព្រោះខ្ញុំអត់ទាន់ចង់មានគ្រួសារផង.. ។ មិត្តភក្តិរបស់ខ្ញុំអត់ទាន់មានគ្រួសារផង ឲ្យខ្ញុំមានម៉េចកើតទៅ...? ណាមួយខ្ញុំនៅក្មេងសឹងអី.. ហើយរឿងហ្នឹង ក៏ខ្ញុំអត់ទាន់ចង់បានដែរ" ។
តារាសម្តែងមានប្រជាប្រិយភាពមួយឆាវ វ័យ២០ឆ្នាំ នាង តាតា បានបង្ហើបឲ្យដឹងថា បុរសដែលចូលស្តីដណ្តឹងនាង៣ ទៅ ៤ដងនោះ គេមានអាយុប្អូននាង តែបុរសនោះមាន ការងារធ្វើរួចទៅហើយ ។ ជុំវិញជាមួយការងារសិល្បៈវិញ តារាសម្តែងដែលមានសម្រស់ ដូចបុប្ផាក្រពុំត្រូវទឹកសន្សើម កញ្ញា តាតា បាននិយាយថា "មានគេទាក់ទងឲ្យខ្ញុំ ថតនិងសម្តែងដែរ តែម៉ាក់ប៉ារបស់ខ្ញុំ ហាមមិនឲ្យប្រឡូកទៀតទេ ព្រោះគាត់អត់ចង់ឲ្យខ្ញុំ ចាប់អាជីពមួយនេះ ។ តែបើមានឱកាសចូលប្រឡូកវិញ ខ្ញុំមានតែ ៤០% តែប៉ុណ្ណោះ ហើយ ៦០% ទៀតគឺអត់ទេ"៕
ដោយ៖ lookingTODAY
ទស្សនារូបភាពតារាផ្សេងៗ