ក្មេងប្រុស២នាក់ ដែលយក គុម្ពោតចេក ធ្វើទីជំរក ត្រូវបានគេបញ្ជូន ទៅមន្ទីរសង្គមកិច្ចហើយ

ភ្នំពេញៈ ក្មេងប្រុសពីរនាក់ បងប្អូន ដែលយកគុម្ពោធចេក ធ្វើជាផ្ទះស្នាក់នៅ ក្រោយឳពុកវាយដំ និងបណ្តេញចេញពីផ្ទះ កាលពីថ្ងៃយប់ ថ្ងៃទី២១ ខែមេសាឆ្នាំ២០១៣ ត្រូវបាន នគរបាល ប្រឆាំងការជួញដូរ និងការពារអនីតិជន ប្រាប់ឱ្យដឹងថា ពួកគេត្រូវបាន បញ្ជូនទៅកាន់មន្ទីរសង្គមកិច្ច ដើម្បីថែរក្សាហើយ។
កុមារទាំង២នាក់ មានឈ្មោះ រុំ ផៃរ៉ាត់ អាយុ១១ឆ្នាំ និងប្អូនឈ្មោះ រុំ ជៃរាក់ អាយុ៨ឆ្នាំ ។ ពួកគេ ត្រូវបានឳពុក ឈ្មោះ រុយ ភារម្យ អាយុជាង៤០ឆ្នាំ បណ្តេញ ចេញពីផ្ទះ ស្ថិតនៅក្នុងភូមិវត្តលៀប សង្កាត់ចំការសំរោង ក្រុងបាត់ដំបង កាលពីម៉ោង ៨និង៣០នាទីយប់ ថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៣ ។នគរបាល បានឱ្យដឹងថា ក្មេងប្រុសទាំងពីរនេះ ត្រូវបានគេប្រទះឃើញ មកស្នាក់នៅគុម្ពោធព្រៃចេក គួរឲ្យអាណិតអាសូរ ដែលមានបង្វិចខោអាវពីរថង់។ តាមចម្លើយរបស់ក្មេងប្រុសទាំងពីរនោះ បានបញ្ជាក់ថា រូបគេបានយកគុម្ពោធព្រៃ ដូចជាផ្ទះដោយសារ គ្មានកន្លែងស្នាក់ នៅក្រោយពី ឳពុកវាយដំ ហើយបណ្តេញចេញពីផ្ទះ ដោយមានខោអាវ ពីបីកំប្លេ តែប៉ុណ្ណោះ ។ ក្មេងប្រុសបញ្ជាក់ថា ម្តាយរបស់ពួកគេ បានរត់ចោលផ្ទះពីរបីឆ្នាំមកហើយដែរ។
យ៉ាងណាក៏ដោយ មន្រ្តីប៉ូលិសប្រឆាំងការជួញដូរ និងការពារអនីតិជន ខេត្តបាត់ដំបង លោក ថុល យុទ្ឋា បានបញ្ជាក់ថា បច្ចុប្បន្នក្មេងទាំពីរនោះ ត្រូវបានបញ្ជូនទៅមន្ទីរសង្គមកិច្ច ដើម្បីទទួលបានការថែទាំ និងស្នាក់នៅសមរម្យ៕ ដោយៈដើមអម្ពិល
Next PostNewer Post Previous PostOlder Post Home

About