ស្រ្តីម្នាក់ដើរចេញពីផ្ទះ ស្រាប់តែបាត់ខ្លួន មិនដឹងទៅណា កូនយំទារបៅ ព្រោះបាត់ម្តាយ

ភ្នំពេញ៖ ស្រ្តីម្នាក់បាន បាត់ខ្លួនពីផ្ទះ ដោយមិនទាន់ ដឹងមូលហេតុ ពិតប្រាកដ ក្រោយពីស្រ្តីរូបនេះ កើតមានជម្លោះ ជាមួយប្តី ត្រឹមពាក្យសម្តី បន្តិចបន្តួច ដែលការបាត់ខ្លួន ខាងលើនេះ បានធ្វើឲ្យក្រុមគ្រួសារទាំងមូល ជាពិសេសប្តី មានការព្រួយបារម្មណ៍ យ៉ាងខ្លាំង ហើយអ្វីដែលគួរឲ្យ អាណិតអាសូរនោះ គឺកូនស្រីអាយុ ទើបតែ២ឆ្នាំ ទារបៅដោះម្តាយ និងការបីបាច់ពីម្តាយ ដោយភាពកក់ក្តៅ។
ហេតុការណ៍បាត់ខ្លួនខាងលើនេះ បានកើតមានឡើង កាលពីវេលាម៉ោង ៨៖០០ យប់ថ្ងៃទី២០ ខែមេសាឆ្នាំ២០១៣ ស្ថិតនៅភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
លោក ផល្លីន ដែលជាប្តីរបស់ស្រ្តីរងគ្រោះ បានប្រាប់មជ្ឈមណ្ឌល ព័ត៌មាន ដើមអម្ពិលថា ប្រពន្ធរបស់លោកមាន ឈ្មោះ ឡុង ស្រីលាភ អាយុ២៥ឆ្នាំ ហើយបានបាត់ខ្លួន កាលពីវេលាម៉ោង ប្រហែល៨យប់ ថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៣ ក្រោយពេលដែលប្រពន្ធ របស់គាត់ បានដើរចេញពីផ្ទះ បានបន្តិច និងកើតមានឡើង ក្រោយពេលដែលរូបលោក និងរូបនាងមាន ជម្លោះពាក្យសម្តី ត្រឹមបន្តិចបន្តួច ប៉ុណ្ណោះ ។
យ៉ាងណាក៏ដោយ ការបាត់ខ្លួន ប្រពន្ធខាងលើនេះ លោក ផល្លីន បានអះអាងថា មិនមែនមកពីការ ឈ្លោះនោះឡើយ ដោយលោកដាក់ការសង្ស័យថា អាចមានជនណាម្នាក់ លួងលោម ឫដាក់ថ្នាំសណ្តំ ពីព្រោះ នៅលើខ្លួនប្រពន្ធ របស់លោក មានពាក់គ្រឿងអលង្កា មួយចំនួនផងដែរ ។
ក្រោយពេលដែលមិនឃើញ ប្រពន្ធរបស់ខ្លួន ត្រឡប់មកផ្ទះវិញនោះ និងម្យ៉ាងទៀត កូនឃ្លានបៅផងនោះ លោក ផល្លីន និងក្រុមគ្រួសារទាំងមូល បាននាំគ្នាដើររក និងទាក់ទងទៅ បងប្អូន សាច់ញាតិ ក្រែងលោនាង ទៅផ្ទះបងប្អូន ប៉ុន្តែរហូតមកដល់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៣ នៅតែមិនទាន់ ឃើញដដែលទើបធ្វើឲ្យ លោក និងក្រុមគ្រួសារទាំងមូល កាន់តែមានការព្រួយបារម្មណ៍ខ្លាំងឡើងៗ។
ក្រោយមានករណីនេះ កើតឡើង និងសង្ស័យការ បាត់ខ្លួននេះ អាចបណ្តាលមកពីមានជនណាម្នាក់ ដាក់ថ្នាំនោះ លោក ផល្លីន បានទៅដាក់ពាក្យ បណ្តឹងនៅប៉ុស្តិ៍នគរបាល ស្រះចក និងប៉ុស្តិ៍នគរបាលទួលសង្កែ ដើម្បីសូមឲ្យសមត្ថកិច្ច ជួយស្វែងរកផង។ បើតាមលោក ផល្លីន  ប្រពន្ធរបស់លោក មានកម្ពស់ ១,៥០ម៉ែត្រ សម្បុរស សក់ពណ៌ទង់ដែង ពាក់អាវយឺតបង្កង សលាយខ្មៅ និងអាវដៃវែងក្រឡា ក្រមាពីខាងក្រៅ។
បើបងប្អូនណាបានឃើញ ស្រ្តីដែលមានភិនភាគ និងរូបថតដូចខាងលើ ប្រជាពលរដ្ឋ អាចទំនាក់ទំនងមក លោក ផល្លីន ជាប្តី តាមរយៈលេខទូរស័ព្ទ ០៧៧ ៧៩៩០៨៧,០១១ ៨៦៤១៩៥៕ ដោយ៖ ដើមអម្ពិល
Photo by DAP-NEWS
Next PostNewer Post Previous PostOlder Post Home

About