មូលហេតុរថយន្តឈ្នួលនៅតែបន្តឡើងថ្លៃក្នុងថ្ងៃបុណ្យជាតិ
ពលរដ្ឋធ្វើដំណើរតាមរថយន្តឈ្នួលត្រឡប់ទៅស្រុកកំណើត តាមដងផ្លូវមួយ នារាជធានីភ្នំពេញ កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១១។
RFA/Mom Sophon
សំឡេងត្អូញត្អែររបស់ពលរដ្ឋដែលធ្វើដំណើរតាមរថយន្តឈ្នួល និងឡានក្រុង ដែលឡើងថ្លៃនៅមុនថ្ងៃបុណ្យចូលឆ្នាំមកដល់៖ «បើ សិនជាសម្ដេចមិនចាប់អារម្មណ៍ទេ សូម្បីតែមន្ត្រីរាជការក៏វាប៉ះពាល់ដល់សតិអារម្មណដែរ។ សម្រាប់គេអ្នកមានអត់បញ្ហាទេ តែសម្រាប់អ្នកអត់ សម្រាប់ពលទាហាន ពលប៉ូលិស ពលប៉េអិម ដែលប្រាក់បៀវត្សរ៍តិចៗ ២០ម៉ឺន ៣០ម៉ឺន គ្រាន់តែធ្វើដំណើរទៅមកហ្នឹងវាអស់បាត់ហើយ»។
ដូចរៀងរាល់ឆ្នាំដែរ សម្រាប់ឆ្នាំនេះសាលារាជធានីភ្នំពេញ បានចេញសេចក្ដីអំពាវរបស់ខ្លួនមួយកាលពីថ្ងៃទី៤ មេសា ដោយស្នើសុំឲ្យម្ចាស់ក្រុមហ៊ុន និងម្ចាស់រថយន្តដែលធ្វើអាជីវកម្មដឹកជញ្ជូនទាំងអស់កុំដំឡើងថ្លៃ ឈ្នួលរថយន្តពីអ្នកធ្វើដំណើរពីភ្នំពេញ ទៅកាន់បណ្ដាខេត្តនានា ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរនេះ។ ក៏ប៉ុន្តែសេចក្ដីអំពាវនាវរបស់សាលារាជធានីភ្នំពេញនេះ ត្រូវបានពលរដ្ឋដែលធ្វើដំណើរដោយរថយន្តឈ្នួលចាត់ទុកថា ពុំមានប្រសិទ្ធភាពឡើយ ព្រោះការឡើងថ្លៃនេះបានកើនឡើងទ្វេដងប្រឆាំងនឹងគោលការណ៍របស់សាលា រាជធានីភ្នំពេញ។
មន្ត្រីយោធាជើងទឹកឋានៈវរសេនីយ៍ត្រី ដែលសុំមិនបញ្ចេញឈ្មោះមានប្រសាសន៍នៅថ្ងៃទី៦ មេសា ថា ទាំងក្រុមហ៊ុនរថយន្តដឹកអ្នកដំណើរ និងរថយន្តឈ្នួល ហាក់មិនញញើតចំពោះសេចក្ដីជូនដំណឹងណាមួយរបស់សាលារាជធានីភ្នំពេញ ស្ដីពីការទប់ស្កាត់មិនឲ្យយកថ្លៃខ្ពស់ក្នុងថ្ងៃបុណ្យចូលឆ្នាំ ខ្មែរនោះឡើយ។
លោកបន្តថា តែផ្ទុយទៅវិញ ក្រុមហ៊ុនរថយន្តក្រុងដែលប្រកបអាជីវកម្មលើមធ្យោបាយដឹកអ្នកដំណើរ បានឡើងថ្លៃទ្វេដងរបស់ខ្លួនក្នុងអំឡុងបុណ្យចូលឆ្នាំ ខុសពីថ្ងៃពីធម្មតាថែមទៀត។ ក្នុងន័យនេះ លោកអះអាងថា តម្លៃធម្មតាពីភ្នំពេញ ទៅប៉ោយប៉ែត ថ្លៃ ២៨.០០០រៀល។ ក៏ប៉ុន្តែនៅមុនថ្ងៃបុណ្យចូលឆ្នាំខ្មែរមកដល់ តម្លៃនេះកើនឡើងប្រមាណ ៤៥.០០០ សម្រាប់មនុស្សម្នាក់៖ «ក្រុមហ៊ុនដែល ដឹកជញ្ជូនអ្នកដំណើរពីភ្នំពេញ ទៅ សៀមរាប និយាយរួមគ្រប់បណ្ដាខេត្តទាំងអស់ មេត្តាយ៉ាង សូមឲ្យចេញបម្រាមចរាចរណ៍ ភ្នំពេញ-ប៉ោយប៉ែត ត្រឹម ៣ម៉ឺនបានហើយ។ ទៅ ៣ម៉ឺន មក ៣ម៉ឺន កុំឲ្យឡើងដល់ ៤-៥ម៉ឺន ទៅ ៦ម៉ឺនងាប់ហើយមន្ត្រីរាជការ ហើយប្រជាជនអ្នកក្រីក្រ»។
បើទោះជាទាំងថ្លៃរថយន្តក្រុង និងរថយន្តឈ្នួល ដំឡើងថ្លៃទ្វេដងពីអ្នកធ្វើដំណើរក្នុងថ្ងៃបុណ្យចូលឆ្នាំយ៉ាង ណាក្ដី តែសង្កេតឃើញថា នៅចំណតរថយន្តក្រុង និងនៅតាមបេនឡានឈ្នួលក្នុងរាជធានីភ្នំពេញ ពលរដ្ឋដែលធ្វើដំណើរទៅកាន់ស្រុកកំណើត កំពុងសម្រុកកក់សំបុត្រទុកជាង ១សប្តាហ៍មុន និងទិញសំបុត្រឡានជាបណ្ដើរៗ។ តាំងពីព្រឹកព្រលឹមស្រាងៗ រហូតដល់ពេលបាយត្រង់ នៅតាមចំណតរថយន្តក្រុង អ្នកធ្វើដំណើរនៅតែបន្តទិញសំបុត្រមិនដាច់។
ចំណែកអ្នកលក់សំបុត្ររថយន្តក្រុងភ្នំពេញ សុរិយា បញ្ជាក់ថា ក្រុមហ៊ុនដែលផ្ដល់សេវាដឹកជញ្ជូនអ្នកដំណើរមួយនេះនឹងដំឡើងថ្លៃ ឈ្នួលរបស់ខ្លួនដែរក្នុងថ្ងៃបុណ្យចូលឆ្នាំខ្មែរនេះ។ ប៉ុន្តែទោះជាយ៉ាងណាគេហាក់មិនបានប្រាកដពីចំនួននៃការឡើងថ្លៃ នោះទេ។
ឆ្លើយតបបញ្ហានេះ កាលពីថ្ងៃទី៤ មេសា សាលារាជធានីភ្នំពេញ បានចេញសេចក្ដីអំពាវនាវមួយរបស់ខ្លួន ដោយស្នើសុំឲ្យម្ចាស់ក្រុមហ៊ុន និងម្ចាស់រថយន្តគ្រប់ប្រភេទ មិនត្រូវឆ្លៀតឱកាសដំឡើងថ្លៃធ្វើដំណើរនៅមុន និងក្នុងថ្ងៃបុណ្យចូលឆ្នាំខ្មែរនេះទេ។
ក្រុមអង្គការសង្គមស៊ីវិលដែលឃ្លាំមើលយន្តការនៃគ្របគ្រងលើ មធ្យោបាយធ្វើដំណើរផ្លូវគោក បានហៅសេចក្ដីជូនដំណឹងរបស់សាលារាជធានីភ្នំពេញនេះ ថាគឺជាផ្នែកមួយហាក់មិនទទួលខុសត្រូវចំពោះអ្វីដែលបានកើតឡើង នេះទេ។
ទោះយ៉ាងណា បញ្ហានៅត្រង់ថា តើមូលហេតុអ្វីបានជារថយន្តនៅតែបន្តឡើងថ្លៃក្នុងថ្ងៃបុណ្យចូល ឆ្នាំខ្មែរបាន ដែលផ្ទុយពីគោលការណ៍ណែនាំរបស់សាលារាជាធានីភ្នំពេញ?
ឆ្លើយតបបញ្ហានេះ លោក សន ជ័យ អ្នកសម្របសម្រួលបណ្ដាញរួបរួមគណនេយ្យភាពសង្គមប្រចាំអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក អះអាងថា មានហេតុផល ៤យ៉ាងដែលម្ចាស់ក្រុមហ៊ុនរថយន្តក្រុង និងម្ចាស់រថយន្តឈ្នួល អាចបំពានលើគោលការណ៍ណែនាំរបស់សាលារាជធានីភ្នំពេញនេះបាន។
ទី១ ដោយសារអ្វីដែលសាលារាជធានីភ្នំពេញ អនុវត្តជារៀងរាល់ឆ្នាំនេះ គឺគ្រាន់តែជាសេចក្ដីជូនដំណឹង វាពុំមែនជាចំណាត់ការផ្លូវច្បាប់។ ទី២ នៅក្នុងគោលការណ៍វិនិយោគលើវិស័យដឹកជញ្ជូន រដ្ឋាភិបាលពុំមានសិទ្ធិលូកដៃក្នុងការកំណត់តម្លៃឡើងចុះបានទេ។ ទី៣ ម្ចាស់ក្រុមហ៊ុនរថយន្តដឹកអ្នកដំណើរ គឺជាអ្នកមានបណ្ដាស័ក្ដិខ្ពង់ខ្ពស់ក្នុងជួររដ្ឋាភិបាល ឬមានមន្ត្រីធំតូចស្ថិតនៅពីក្រោយនៃការវិនិយោគនេះ និងទី៤ ទាំងរដ្ឋាភិបាល និងសាលារាជធានីភ្នំពេញ ពុំមានឆន្ទៈនយោបាយប្រើប្រាស់យន្តការច្បាប់ដើម្បីចាត់វិធានការ ប្រឆាំងនឹងការឡើងថ្លៃនេះ ជាជាងគ្រាន់ធ្វើសេចក្ដីអំពាវនាវមួយដើម្បីបិទបាំងការពិត ងាយនឹងប្រព្រឹត្តអំពើពុករលួយ។
ស្ថិតក្រោមហេតុផលនេះ លោក សន ជ័យ ចាត់ទុកថា កត្តាទាំងនេះហើយគឺជាហេតុផលដែលជំរុញឲ្យការឡើងថ្លៃលើមធ្យោបាយ ដឹកជញ្ជូនរបស់ម្ចាស់រថយន្តគ្រប់គ្រងភេទ អាចបំពានលើសេចក្ដីជូនដំណឹង ឬការអំពាវនាវរបស់សាលារាជធានីភ្នំពេញ ស្ដីពីការដំឡើងថ្លៃរថយន្តនេះបាន។
លោកបន្តថា៖ «ទីមួយអើសេចក្ដីជូនដំណឹងហ្នឹងថា តើវាជាសេចក្ដីជូនដំណឹងមួយ ឬមួយវាជាផែនការមួយរបស់អាជ្ញាធរនៅក្នុងការចូលរួមទប់ស្កាត់ការ ឡើងថ្លៃសេវាដឹកជញ្ជូនរបស់ឯកជនហ្នឹង ហើយយើងមើលឃើញក្នុងច្បាប់វិនិយោគហ្នឹង គឺអើមិនរដ្ឋមិនមានសិទ្ធិលូកដៃអំពីការកំណត់តម្លៃសេវានានាដែល ស្នើដោយវិស័យឯកជនទេ»។
លោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធគិតថា ប្រទេសអភិវឌ្ឍន៍មួយចំនួនដូចជាប្រទេសថៃ ជាដើម រដ្ឋាភិបាលរបស់គេបានដើរតួនាទី និងជាដៃគូក្នុងការទទួលខុសត្រូវដ៏សំខាន់ បន្ទាប់ពីវិស័យឯកជន ដូចជាត្រូវមានរថភ្លើង ឬរថយន្តក្រុង យកថ្លៃឈ្នួលថោកក្នុងថ្ងៃបុណ្យជាតិ។
លោកបន្តថា ក៏ប៉ុន្តែដោយឡែកសម្រាប់កម្ពុជាវិញ អ្វីដែលរដ្ឋាភិបាលអនុវត្តបច្ចុប្បន្ននេះ គឺជាការគេចចេញពីការទទួលខុសត្រូវរបស់ខ្លួនយ៉ាងពិតប្រាកដ ហើយការចេញសេចក្ដីអំពាវនាវរបស់សាលាក្រុងទៀតសោត គឺគ្រាន់តែជាសារនយោបាយប៉ុណ្ណោះ៖ «អ្វីដែលគេធ្វើនេះគ្រាន់តែ ធ្វើដើម្បីឲ្យប្រជាពលរដ្ឋថា សាលាក្រុងបានយកចិត្តទុកធ្វើដើម្បីបន្លប់អើមតិប្រជាពលរដ្ឋដែលមិន បានសិក្សាសព្វជ្រុងជ្រោយ ការអសមត្ថភាពរបស់សាលាក្រុងតែប៉ុណ្ណោះ»។
ឆ្លើយតបបញ្ហានេះ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ឡុង ឌីម៉ង់ អំពាវនាវឲ្យពលរដ្ឋគ្រប់រូបត្រូវផ្ដល់ព័ត៌មានទៅសាលារាជធានី ភ្នំពេញ ក្នុងករណីរកឃើញថា ពិតជាមានម្ចាស់រថយន្តក្រុង ឬរថយន្តឈ្នួលដែលនៅតែបំពានលើគោលការណ៍ដូចអ្វីដែលសាលារាជធានី ភ្នំពេញ ណែនាំមិនឲ្យដំឡើងថ្លៃរថយន្តក្នុងថ្ងៃបុណ្យចូលឆ្នាំខ្មែរ។
លោកអះអាងថា សាលារាជធានីភ្នំពេញ នឹងចាត់វិធានការតាមផ្លូវច្បាប់ប្រឆាំងនឹងការមិនអនុវត្តតាមសេចក្ដីអំពាវនាវនេះ៖ «ប៉ុន្តែ សម្រាប់ក្នុងករណីដែលមានការដែលប្រជាពលរដ្ឋទូរស័ព្ទទៅស្ថានីយ វិទ្យុ ឬក៏អីហ្នឹងខ្ញុំសូមអ៊ីចេះវិញ ខ្ញុំសូមថា ប្រសិនជាប្រជាពលរដ្ឋឃើញថា មានការឡើងថ្លៃហើយ បានន័យថា ក្រុមហ៊ុនរថយន្តក្រុងទាំងអស់នោះ ឬមួយតាក់ស៊ីមួយចំនួននោះ គាត់មិនគោរពស្ដាប់តាមការណែនាំរបស់សាលារាជធានីភ្នំពេញទេ អាហ្នឹងសូមគាត់រាយការណ៍មកដល់សាលារាជធានីភ្នំពេញភ្លាម។ រាយការណ៍មកជាទូរស័ព្ទក៏ដោយ ជាលាយលក្ខណ៍អក្សរក៏ដោយ នោះគឺមកដើម្បីឲ្យយើងខ្ញុំមានវិធានការ»។
យ៉ាងណាក៏ដោយ មន្ត្រីយោធាជើងទឹកឋានៈវរសេនីយ៍ត្រីនិយាយថា នេះគ្រាន់តែជាជំហានដំបូងនៅមុនពិធីបុណ្យចូលឆ្នាំចូលមកដល់ ដែលគ្រប់រថយន្តដឹកជញ្ជូនអ្នកដំណើរដំឡើងថ្លៃលើសេវាដឹកជញ្ជូន របស់ខ្លួន។ លោកគិតថា ក្នុងថ្ងៃពិធីចូលឆ្នាំវិញ តម្លៃនេះអាចនឹងកើនឡើងចន្លោះពី ៧ ទៅ ៨ម៉ឺនរៀល តាមផ្លូវជិត ឬឆ្ងាយ សម្រាប់មនុស្សម្នាក់។
លោកអំពាវនាវសុំឲ្យរដ្ឋាភិបាលគួរចាត់វិធានការប្រកបដោយប្រសិទ្ធភាព ដើម្បីចៀសវាងការថ្នាំងថ្នាក់ចិត្តពីម្ចាស់ឆ្នោត៖ «អ៊ីចឹង ប្រាក់ក៏តិចតួច ប្រជាជនក៏ក្រីក្រ យើងជិតនឹងបោះឆ្នោតផង ហើយបើឡើងអ៊ីចឹង ខ្ញុំថា នឹងអាចនឹងចូលឆ្នាំឡើងដល់ ៧-៨ម៉ឺន បើគ្មានដែងសាលាក្រុងចេញបម្រាម»៕ប្រភពពី (rfa)
