ឃែនរី ព្រមានកូរ៉េខាងជើង បញ្ឈប់សកម្មភាពបង្កភាព តានតឹងឲ្យបានឆាប់បំផុត

តូក្យូ៖ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក ចន ឃែនរី កាលពីថ្ងៃអាទិត្យ កន្លងទៅនេះ បានព្រមានសាធារ ណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ ឬហៅថាកូរ៉េខាងជើង ឲ្យបញ្ឈប់សកម្មភាព ដែលបង្កភាពតានតឹងកាន់តែ ខ្លាំង ឲ្យបានឆាប់រហ័សបំផុត តាមដែលអាចធ្វើទៅបាន។
ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ចុះថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៣ បានឲ្យដឹងថា លោកឃែនរី បានបង្ហាញនូវគោល បំណងចរចាជាមួយនឹងប្រទេសកូរ៉េខាងជើង ដោយបានបញ្ជាក់ថា សហរដ្ឋអាមេរិក បានត្រៀមខ្លួនជាស្រេចក្នុង ការធ្វើចូលតុចរចា។
ថ្លែងក្នុងសន្និសីទព័ត៌មានបន្ទាប់ពីជំនួបជាមួយសមភាគីជប៉ុន លោក ហ្វូមីអូ គីស៊ីដា  លោកឃែនរី និយាយថា វា ជាការងាយស្រួលមួយសម្រាប់នាំសន្តិភាព ទៅកាន់ឧបទ្វីបកូរ៉េ។ លោកបានបន្ថែមថា ជម្រើសសំខាន់សម្រាប់ សម្រេចបានគោលដៅនេះ គឺការចរចា។ ជម្រើសគឺចូលរួមក្នុងតុចរចា ព្រមទាំងស្វែងរកមធ្យោបាយក្នុងការផ្តល់ សន្តិភាពសម្រាប់មនុស្សក្នុងតំបន់។
ទោះយ៉ាងនេះក្តី លោក ឃែនរី បានសង្កត់ធ្ងន់ថា សហរដ្ឋអាមេរិក បានប្តេជ្ញាចិត្តយ៉ាងពេញទំហឹងថា នឹងការពារ ប្រទេសជប៉ុន ដោយសហរដ្ឋអាមេរិក នឹងធ្វើគ្រប់បែបយ៉ាងដែលចាំបាច់ ដើម្បីការពារសម្ព័ន្ធមិត្តរបស់ខ្លួន។
មន្ត្រីជាន់ខ្ពស់ប្រចាំសហរដ្ឋអាមេរិករូបនេះ បង្ហាញការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងទីក្រុងប៉េកាំងថា សហរដ្ឋអាមេរិកនឹងកាត់បន្ថយអាវុធមីស៊ីលនៅក្នុងតំបន់ ក្នុងករណីកូរ៉េខាងជើងបញ្ឈប់សកម្មភាពរបស់ខ្លួន។
គួរបញ្ជាក់ថា លោក ឃែនរី បានបំពេញដំណើរទស្សនកិច្ចចំនួនបីប្រទេសនៅអាស៊ីនោះ ក្នុងនោះមានដូចជាប្រទេសកូរ៉េខាងត្បូង ចិន និងជប៉ុន។ លោកនឹងជួបជាមួយនាយករដ្ឋមន្ត្រីជប៉ុនលោក Shinzo Abe នាថ្ងៃចន្ទនេះ ដោយប្រទេសជប៉ុន ជាប្រទេសចុងក្រោយក្នុងដំណើរទស្សនកិច្ចរបស់លោក៕
ដោយ​ ដើមអម្ពិល
Next PostNewer Post Previous PostOlder Post Home

About